ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា គ្មានការចាប់ខ្លួន ដោយគ្មានការប្រព្រឹត្តកំហុសនោះទេ ហើយការចាប់ខ្លួនមនុស្សណាម្នាក់ គឺត្រូវបានអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។
លោក គឹម សន្តិភាព បញ្ជាក់បែបនេះថា “តាមច្បាប់កម្ពុជា គ្មានការចាប់ខ្លួន បើគ្មានការប្រព្រឹត្តខុសច្បាប់ ហើយការចាប់ខ្លួនបុគ្គលណាមួយ ត្រូវអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន”។ លោកអះអាងថា រាល់ការចាប់ខ្លួនតាមទំនើងចិត្ត ដោយគ្មានមូលដ្ឋាននៃបទល្មើស គឺជាអំពើខុសច្បាប់ ដូច្នេះប្រាកដណាស់ថា មិនត្រឹមតែទទួលបានការដោះលែង ដោយគ្មានលក្ខខណ្ឌនោះទេ ថែមទាំងអ្នកប្រព្រឹត្តអំពើនេះ ក៏ត្រូវប្រឈមមុខនឹងច្បាប់ផងដែរ។
សូមបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌នេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឃើញការរាយការណ៍នានា អំពីការលើកលែងការរឹតត្បិតមួយចំនួនតាមប្រព័ន្ធយុត្តិធម៌ ចំពោះមេដឹកនាំនយោបាយបក្សប្រឆាំងកម្ពុជា លោក កឹម សុខា និងបានអះអាងថា នេះជាជំហានឆ្ពោះទៅមុខ ហើយទទូចឲ្យទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងលោក កឹម សុខា ផងដែរ។
ស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថា អភិបាលកិច្ច និងសេដ្ឋកិច្ចកម្ពុជា នឹងទទួលប្រយោជន៍បន្ថែមទៀត ក្នុងការបើកឡើងវិញនូវលំហនយោបាយ និងពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ហើយជំរុញនូវការសន្ទនា និងការផ្សះផ្សានយោបាយ៕