មន្ត្រី​ថ្នាក់ភូមិ សង្កាត់ រហូតដល់​ខណ្ឌ និង​កម្លាំង​ប្រដាប់​អា​វុធ​គ្រប់​លំដាប់ថ្នាក់ ​ចូរ​កុំ​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​គ្រឿងញៀន​ឲ្យ​សោះ​
BREAKING NEWS
Search

មន្ត្រី​ថ្នាក់ភូមិ សង្កាត់ រហូតដល់​ខណ្ឌ និង​កម្លាំង​ប្រដាប់​អា​វុធ​គ្រប់​លំដាប់ថ្នាក់ ​ចូរ​កុំ​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​គ្រឿងញៀន​ឲ្យ​សោះ​

​ភ្នំពេញ ៖ ថ្ងៃនេះ​ កូន​គេ ក្មួយ​គេ ប្អូនគេ តែ​ថ្ងៃក្រោយ​ក្រែង​ខ្លាច​ធ្លាក់​មក​ប៉ះ​កូន​យើង ក្មួយ​យើង ប្អូន​យើង ដូច្នេះ​កុំ​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​គ្រឿងញៀន​ឲ្យ​សោះ ទាំង​មន្ត្រី​ថ្នាក់ភូមិ សង្កាត់ រហូតដល់​ខណ្ឌ ព្រម​កម្លាំង​ប្រដាប់​អា​វុធ​គ្រប់​លំដាប់ថ្នាក់​ បើ​យើង​មិនបាន​ផ្តល់​ព័ត៌មាន​មក​ដល់​ខណ្ឌ​ថា ឈ្មោះ​ក ខ គ ឃ ង នៅ​ភូមិ​នេះ ភូមិ​នោះ ​កំពុងតែ​ប្រព្រឹត្ត ឬ​ជួញដូរ​គ្រឿងញៀន ហើយ​រឿង​នេះ​ លោក​នឹង​លាក់​ការ​ឲ្យ​ជិត ​មិន​ឲ្យ​គេ​ដឹង​ថា​នរណា​ជា​អ្នក​រាយការណ៍​ឡើយ ​បើ​ខ្លាចក្រែង​សុវត្ថិភាព​ផ្ទាល់ខ្លួន​នោះ​។​

​ប្រទេស​កម្ពុជា​ដំបូង​ឡើយ ​គឺ​គ្រាន់តែ​ជា​ចំណុច​ឆ្លងកាត់​ដ៏​លួចលាក់​បំផុត​ នៃ​គ្រឿងញៀន​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​នេះ ​កម្ពុជា ​ក្លាយជា​កន្លែង​ផ​លលិត​លួចលាក់ ដែល​ត្រូវបាន​កម្លាំង​ជំនាញ​បង្ក្រាប​បានជា​បន្តបន្ទាប់​តាម​ភូមិសាស្ត្រ​ជាយ​រាជធានី​ភ្នំពេញ​។

ការ​ថ្លែង​របស់ លោក ​សុខ សម្បតិ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ​បែបនេះ គឺ​នៅ​ក្នុង​ពិធី​បើកការដ្ឋាន​ស្ថាបនា​លូ​ប្រវែង​៣២៣០​ម៉ែត្រ នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ កាលពី​ចុង​សប្ដាហ៍ ក្នុង​ខែ​វិច្ឆិកា​កន្លងមកនេះ ដែលមាន​ការចូលរួម​ពី ​លោក​ ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​មន្ត្រី​សាលា​ខណ្ឌ/សង្កាត់ ​ព្រមទាំង​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ផងដែរ​។​

​លោក ​សុខ សម្បតិ បាន​ឲ្យ​ដឹង​ទៀត​ថា ​ថ្ងៃនេះ​កូន​គេ ក្មួយ​គេ ប្អូន​គេ តែ​ថ្ងៃក្រោយ​ក្រែង​ខ្លាច​ធ្លាក់​មក​ប៉ះ​កូន​យើង ក្មួយ​យើង ប្អូន​យើង ដូច្នេះ​កុំ​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​គ្រឿងញៀន​ឲ្យ​សោះ ទាំង​មន្ត្រី​ថ្នាក់ភូមិ សង្កាត់ រហូតដល់​ខណ្ឌ ព្រម​កម្លាំង​ប្រដាប់​អា​វុធ​គ្រប់​លំដាប់ថ្នាក់​ បើ​យើង​ចាប់​មិនបាន​ផ្តល់​ព័ត៌មាន​មក​ដល់​ខណ្ឌ​ថា ឈ្មោះ ​ក ខ គ ឃ ង នៅ​ភូមិ​នេះ ភូមិ​នោះ​ កំពុងតែ​ប្រព្រឹត្ត ឫ​ជួញដូរ​គ្រឿងញៀន ហើយ​រឿងនេះ​លោក​នឹង​លាក់ការ​ឲ្យ​ជិត​មិន​ឲ្យ​គេ​ដឹងថា ​នរ​ណា​ជា​អ្នក​រាយការណ៍​ឡើយ បើ​ខ្លាចក្រែង​សុវត្ថិភាព​ផ្ទាល់ខ្លួន​នោះ​។​

​គួរ​បញ្ជាក់ថា​ បទល្មើស​គ្រឿងញៀន នៅតែ​បន្តធ្វើ​សកម្ម​ភាពជា​រៀងរាល់ថ្ងៃ នៅក្នុង​មូលដ្ឋាន​ស្ទើរ​ទូទាំង​ប្រទេស បើទោះបី​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​បើក​យុទ្ធនាការ​បង្ក្រាប និង​ចាប់​បាន​ជនសង្ស័យ ឬ​ជនល្មើស​កន្លងមក បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​បែបណា​ក្តី​។

​បញ្ហា​នេះ​ លោក ​សុខ សម្បតិ​ ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ត្រូវ​ចុះ​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន និង​ឈានដល់​ចាប់​មេខ្លោង​យកមក​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​។

លោក​សាទរ​នូវ​ការដាក់ទោសទណ្ឌ​ចំពោះ​បទល្មើស​គ្រឿងញៀន ឬ​ឈ្មួញ​នៅ​ពីក្រោយ​បទល្មើស​នេះ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ដូច​ទៅនឹង​ប្រទេស​ដទៃ​។

លោក​បញ្ជាក់ថា មិនថាតែ​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ និង​អ្នកធ្វើការ​ពាក់ពាន់​នោះទេ ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់ ​ត្រូវតែ​ចូលរួម​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ និង​លុបបំបាត់​ឲ្យ​អស់​គ្រឿងញៀន​ដែល​ប្រទេស​ថៃ​គេ​ហៅថា​យ៉ា​បា ឫ​យ៉ាម៉ា ចេញពី​ប្រទេស​កម្ពុជា​យើង​ ដែល​បច្ចុប្បន្ន​កំពុងតែ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​ជាខ្លាំង​នោះ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114