មន្ត្រី​ថ្មី​១៧​រូប​ទើប​ប្រឡង​ជាប់ ​ចូល​បំពេញការងារ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​

ភ្នំពេញ ៖ មន្ត្រីរាជការ​ទាំង​១៧​រូប ដែល​ទើប​ប្រឡង​ជាប់​នា​ពេល​ថ្មីៗ​នេះ ​បាន​ទទួល​នូវ​អនុសាសន៍ និង​ការណែនាំ​ប្រកាន់​ឥរិយាបថ​ក្នុងការ​បំពេញការងារ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ពី​សំណាក់ ​លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា។

លោក​បណ្ឌិត​សភា​ចា​រ្យ បាន​គូសបញ្ជាក់​ដល់​មន្ត្រីរាជកា​រទាំង​១៧​រូប​ថា មន្ត្រីរាជការ​ថ្មី​ដែល​នឹងត្រូវ​ចូល​បំពេញការងារ​នាពេលខាងមុខ​នេះ ត្រូវ​ប្រកាន់​យក​នូវ​ឥរិយាបថ​ភាតរភាព​រវាង​គ្នា ចេះ​ផ្ដល់ ​និង​ចែករំលែក​ព័ត៌មាន​ដល់​គ្នា និង​បើកចំហ​បេះដូង​ចំពោះ​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​បញ្ញវន្ត​ និង​ជា​មន្ត្រី​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​ជាន់ខ្ពស់​របស់​ជាតិ​។

បន្ថែម​ពីនេះ មន្ត្រី​ថ្មី​ទាំង​១៧​រូប ​ត្រូវ​មក​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ទំនួល​ខុសត្រូវ​តាម​ការចាត់តាំង នៅតាម​អង្គភាព​ដែល​ថ្នាក់ដឹកនាំ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រគល់​ជូន​។

ជាមួយគ្នានេះដែរ លោក​បណ្ឌិតសភា​ចា​រ្យ​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អនុប្រធាន​ប្រចាំ​ការ​ក្រុមប្រឹក្សា​បណ្ឌិតសភា​ចា​រ្យ បាន​សង្កត់ធ្ងន់​ថា សូមឲ្យ​មន្ត្រី​ថ្មី​ទាំងអស់ ដែល​ទទួល​ឱកាស​ក្លាយ​ជា​មន្ត្រីរាជការ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈ​ការប្រឡងប្រជែង​ជ្រើសរើស​ប្រកបដោយ​តម្លា​ភាព​ និង​យុត្តិធម៌​នេះ ​ត្រូវ​ធ្វើខ្លួន​ឲ្យ​ក្លាយ​ទៅជា​អ្នក​បន្តវេន ជា​អ្នកធានា​នូវ​សុចរិត តម្លាភាព និង​យុត្តិធម៌​។

លោក​ថា «​ប្អូនៗ​ដែល​ទទួល​បាន​ឱកាស​ក្លាយជា​មន្ត្រីរាជការ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា តាមរយៈ​ការ​ប្រឡងប្រជែង​ជ្រើសរើស​ប្រកបដោយ​តម្លាភាព​ និង​យុត្តិធម៌​នេះ ត្រូវ​ធ្វើខ្លួន​ឲ្យ​ក្លាយ​ទៅជា​អ្នក​បន្ត​វេន គឺត្រូវធ្វើ​ចរិតឲ្យ​ដូចដែល​ខ្ញុំ​បានធ្វើ​ចំពោះ​ប្អូន ដោយ​នៅពេល​ខ្លួនឯង​ក្លាយ​ជា​មេដឹកនាំ ត្រូវ​ជ្រើសរើស​មន្ត្រី​ប្រកបដោយ​តម្លាភាព ​និង​យុត្តិធម៌​។ សូម​ប្អូន​ចងចាំ​!»។

គួរ​រំលឹក​ថា កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០២០ រាជបណ្ឌិត្យសភាកម្ពុជា​ បានរៀបចំ​ការប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ចំនួន​១៧​នាក់ លើ​ឯកទេស​ចំនួន​១១​។ ការប្រឡង​ជ្រើសរើស​នេះ ត្រូវបានធ្វើ​ឡើងជា​២​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​មួយ​ ជា​ការប្រឡងប្រជែង​លើ​វិញ្ញាសាសរសេរ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ចំណែក​ដំណាក់កាល​ទី​ពីរ ជា​ការ​ប្រឡង​វិញ្ញាសា​ផ្ទាល់​មាត់ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដោយ​លទ្ធផល ​នៃ​ការ​ប្រឡង​ ត្រូវបាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ដដែល​៕
វ​ត្តី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114