BREAKING NEWS
Search

មន្ត្រី​យោធា​ម្នាក់ ខឹង​គេ​ផឹកស៊ី​ឡូឡា​ ​រំខាន​ការ​ដេក​ពួន​ ​​ទាញ​កាំភ្លើង​បាញ់រះ​​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ ​ស្ត្រី​ម្នាក់​របួសធ្ងន់

​កំពង់ឆ្នាំង​ ៖ យុវជន​ម្នា​ក់ បាន​ធ្លាយ​ពោះវៀន​ស្លាប់​ នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ម្នាក់​របួសធ្ងន់ ក្រោយពី​ត្រូវ​មន្ត្រី​យោធា​ម្នាក់ នៅក្នុង​អង្គភាព​កងពល​លេខ​១ បាញ់រះ​​ជាច្រើន​គ្រាប់។

ករណីនេះ ​បានកើត​ឡើង នៅវេលា​ម៉ោង ២​និង​២៨​នាទី​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខណៈដែល​ជនរងគ្រោះ និង​ជនបង្ក​មានទំនាស់​ពាក្យសម្ដី​គ្នា​រឿង​ផឹកស៊ី​ឡូឡា​ដល់​រំលង​អ​ធ្រា​ត្រ ដេក​ពួន​មិនបាន។


​លោក ដួង ហុង អធិការនគរបាល​ស្រុក​សាមគ្គី​មានជ័យ​បានឲ្យដឹងថា​ ៖ មុនពេល​កើតហេតុ មាន​យុវជន​មួយក្រុម មានឈ្មោះ សោម វណ្ណា , សោម វាសនា , ឌុយ ឌី​ណា ,​ស៊ុយ ច​ន្នី បាននាំគ្នា​ផឹកស៊ី​នៅផ្ទះ​ឈ្មោះ ប្រាក់ នឿន មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ។

ការផឹកស៊ី​នេះ​មាន​តាំងពី​ក្បាលល្ងាច រហូតដល់​រំលង​អ​ធ្រា​ត្រ​ឈានចូល​ម៉ោងជាង​២​យប់​។ ក្នុងពេលនោះ មាន​មន្ត្រី​យោធា​ម្នាក់ នៅ​កងពល​លេខ​១​ឈ្មោះ ធា ដែល​នៅផ្ទះ​ជាប់​កន្លែង​ស៊ីផឹក បាន​ស្រែក​ប្រាប់ថា ​៖ ថ្លង់​ណាស់ ផឹកស៊ី​ឡូឡា​ដល់​ណា​ទៀត ចំណែក​ក្រុម​យុវជន ​អ្នក​ផឹក​បាន​ឆ្លើយតប​វិញ​ថា​ ៖ ពួក​ខ្ញុំ​មិនបាន​ស្រែក​ឡូឡា​ទេ ពួក​ខ្ញុំ​ផឹកស៊ី​តែ​ផ្ទះ​ខ្ញុំ​ទេតើ ហើយក៏កើត ការ​តមាត់​គ្នា​ទៅ វិញ​ទៅមក​។



បន្ទាប់មក​ស្រាប់តែ​មន្ត្រី​យោធា​នោះ​ឈ្មោះ ហែម សុធា បាន​យក​កាំភ្លើង​អាការ​ឈរ​បាញ់រះ​ពីមុខ​ផ្ទះ​សំដៅទៅ​កន្លែង​ផឹកស៊ី បណ្តាលឲ្យ​ត្រូវ​ឈ្មោះ សោម វាសនា អាយុ​១៨ ឆ្នាំ ១​គ្រាប់ ធ្លាយ​ពោះវៀន​ស្លាប់​ក្នុងពេល​ដឹក​ទៅ​សង្គ្រោះ ចំណែក​ស្ត្រី​ឈ្មោះ តុល យាន ត្រូវ​ចំនួន​២​គ្រាប់ ​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រះ​កេ​តុមាលា​ក្រុងភ្នំពេញ​។ ចំណែក​ជនដៃដល់​ជាម​ន្ត្រី​យោធា បាន​រត់​គេចខ្លួនបាត់។



​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៧ សមត្ថកិច្ច​នគរបាល​ខេត្ត​និង​ស្រុក ដឹកនាំ​ដោយ​លោក ប៉ុល វុ​ទ្ឋី ស្នងការរង​នគរបាល​ខេត្ត ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ រកឃើញ​នៅមុខ​ផ្ទះ​ជនដៃដល់ ឃើញ​មាន​សំបក​គ្រាប់​អាការ​៤៧ ចំនួន​៤​គ្រាប់ និង​នៅផ្ទះ​ជនរងគ្រោះ​ឃើញ​មាន​ក្បាល​គ្រាប់​១​គ្រាប់។ ដោយឡែក​សព​ជនរងគ្រោះ សមត្ថកិច្ច​បានប្រគល់ ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​ករណីនេះ​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​តាម​នីតិ​វិធី បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់​បន្ត​ការ​តាមផ្លូវ​ច្បាប់៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684