BREAKING NEWS
Search

មន្ត្រី​យោធា​ល្បី​ខាង​បាញ់​ក្នុង​ហាង​ខារ៉ាអូខេ B-Gold ត្រូវ​តុលាការ​ឃុំខ្លួន​ ២​បទល្មើស

កណ្ដាល ​៖ ​មន្ត្រី​យោធា​ល្បី​ខាង​បាញ់​មិន​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន ​ហើយ​ប្រកាស​អោយ​គេ​ស្គាល់​ឈ្មោះ​សាន​សុច ​នៅ​ទីបំផុត​កាលពី​ល្ងាច ​ថ្ងៃ​ទី​៣​ ខែ​មិថុនា ​ឆ្នាំ​២០១៩ ​លោក​គឹម រ័ត្ន​ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល បាន​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ​ក្រោម​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​ការប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត។

ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សាន សុច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ យោធា ​មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ មន្ត្រី​អាវុធហត្ថ​ក្រុង​តាខ្មៅ​ បាន​អោយ​ដឹង​ថា​ យោធា​ ដែល​ផឹកស៊ី​ស្រវឹង​បាញ់​ក្នុង​ហាង​ខារ៉ាអូខេ ប៊ី ហ្គោល B-Gold នៅ​យប់​ថ្ងៃ​ទី​២ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ បាន​ចូលខ្លួន​សារភាព​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០១៩ ដើម្បី​អោយ​ច្បាប់​ចាត់ការ​តាម​នីតិវិធី។

សូម​រម្លឹក​ថា ​ករណី​បាញ់​បោះ​អនាធិបតេយ្យ​នេះ បាន​កើតឡើង​កាលពី​យប់​ម៉ោងជាង​៨ ​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ខារ៉ាអូខេ B-Gold ភូមិ​ព្រែករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល។ បន្ទាប់ពី​មាន​ករណី​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល រួម​ទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ។

សេចក្តី​រាយការណ៍​ បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​រូប​នោះ បាញ់​ចំនួន​បួន​គ្រាប់ តែ​ផ្ទុះ​តែ​បី​គ្រាប់​ទេ ​និង​មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នករបួស​និង​អ្នក​ស្លាប់​នោះ​ទេ ​តែ​បាន​ធ្វើ​អោយ​ខូច​ទ្រព្យសម្បត្តិ​ម្ចាស់​ហាង​និង​អ្នកដំណើរ។

ប្រភព​ច្បាស់ការ​​បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្មាន់​កាំភ្លើង​ឈ្មោះ សាន សុច គឺជា​អង្គរក្ស​ផ្ទាល់​របស់​មន្ត្រី​អ្នក​មាន​អំណាច​ម្នាក់​នៅ​ក្នុង​ខេត្ត​កណ្ដាល។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា បន្ទាប់ពី​ជួបជុំ​មិត្តភ័ក្ដិ​ផឹកស៊ី​ច្រៀង​កម្សាន្ត​លេង​នៅ​ខារ៉ាអូខេ​ប៊ី​ហ្គោល គឺ​រូបគេ​ស្រវឹង​យ៉ាង​ខ្លាំង​រហូតដល់​បាត់បង់​ស្មារតី​ និង​មិន​ចងចាំ​​​រឿង​ហេតុ ​ដែល​បណ្ដាល​ឲ្យ​មានការ​ផ្ទុះ​អាវុធ​នោះ​ទេ គ្រាន់តែ​ចាំ​ថា ​មាន​ទំនាស់​ពាក្យសំដី​ជាមួយ​បុគ្គលិក។

តាម​ការស្រាវជ្រាវ​ និង​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​បឋម ការ​បាញ់​បោះ​នេះ ​ពុំ​បណ្ដាល​ឲ្យ​ រង​របួស​ដល់​អ្នកដទៃ​ឡើយ គ្រាន់តែ​គ្រាប់កាំភ្លើង​ត្រូវ​សម្ភារៈ​ខ្លះ​ប៉ុណ្ណោះ។ វត្ថុ​តាង​ចាប់​យក​ ៖​ ស្រោម​កាំ​ភ្លើងពណ៌​ខ្មៅ​ចំនួន​០១ សោ​ ម៉ូតូ​១​ចង្កោម​(​កូន​សោ​​ម៉ូតូ​១ កូនសោ​​រថយន្ត​១ តេឡេ​រថយន្ត​១)​។ គ្រាប់​កាំភ្លើងខ្លី ម៉ា​ក​ឡុក​ចំនួន​០៤ បាញ់​ផ្ទុះ អស់​៣​គ្រាប់​(​លេខ​A-USA 9MM-LUGER)។

សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា នៅ​វេលា ​និង​ទីកន្លែង​កើតហេតុ​ដូច​ខាង​លើ​ ជនសង្ស័យ​ខាងលើ​ បាន​ជិះ​ម៉ូតូ​c125​ពណ៌​ខ្មៅ ស៊េរី​២០១៩ ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ហាង​B Gold បន្ទប់​លេខ​888, ជាមួយ​មិត្តភក្ត្រ ប្រុស​០២​នាក់​ទៀត មិន​ស្គាល់​ឈ្មោះ។ បន្ទាប់មក​ ក៏បាន​ឈ្លោះប្រកែក​គ្នា ហើយ​ឃើញ​ជនសង្ស័យ​ដើរ ចេញ​មក​ក្រៅ​ហាង​ចាក់​កែបម៉ូតូ​យក​កាំភ្លើងខ្លី​ម៉ាក​ ឡុក​ពណ៌​ខ្មៅ យក​ដើរ​ចូល​ទៅ​បាញ់​ក្នុង​ហាង​ចំនួន​០៤​គ្រាប់ ហើយ​ផ្ទុះ​០៣​គ្រាប់ រួច​ស្រែក​ថា អញ​ឈ្មោះ អា​សុច អាណា​ខ្លាំង​ចេញ​មក​អញ បាញ់​ឲ្យ​ងាប់​!! រួចហើយ​ជិះ​ម៉ូតូ​តាម​ផ្លូវ​១១៥​ទៅ​ទិស​ខាងលិច​រួច​បាញ់​ឡើងលើ​០១​គ្រាប់​ទៀត ហើយ គេចខ្លួន​បាត់​ទៅ៕

ដោយ​ ៖ ​មុនី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114