BREAKING NEWS
Search

មន្ត្រី​យោធា​ស័ក្ដិ​៥​ម្នាក់ ដក​កាំភ្លើងខ្លី​បាញ់​៣​គ្រាប់ ផ្អើល​ពលរដ្ឋ​រត់​ចែក​ជើង​គ្នា​ នៅក្នុង​រមណីយដ្ឋាន​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំបិល

កំពង់ឆ្នាំង ​៖ បុរស​ជា​មន្ត្រី​យោធា​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​បាន​បាញ់​កាំភ្លើងខ្លី​៣​គ្រាប់​ឡើងលើ ធ្វើឲ្យ​​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​រាប់រយ​នាក់​ផ្អើល​នៅក្នុង​រមណីយដ្ឋាន​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល ស្ថិតនៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​ នា​រសៀល​ថ្ងៃទី៧ ខែ​កុម្ភៈ​ ឆ្នាំ ២០១៩។

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ គេ​ឃើញ បុរស​ខាងលើ​ ដែលមាន ឈ្មោះ រ៉េ​ន រិ​ទ្ឋី ពាក់​ស័ក្ដិ​៥ មាន​តួនាទី​ជា​អធិការកិច្ច​ក្រសួងការពារជាតិ ស្ថិតក្នុង​ស្ថាន​ភាពស្រវឹង​ជោកជាំ ​បាន​ដក​កាំភ្លើងខ្លី ម៉ាក​កា​៥៤បាញ់​ ចំនួន​៣គ្រាប់​ ធ្វើឲ្យ​ភ្ញាក់ផ្អើល​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ ដែល​កំពុង​លេង​កម្សាន្ត​នៅ​ក្នុង​រមណីយដ្ឋាន​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល​ជ្រោះ ដែល​ធ្វើឲ្យ​​អ្នកខ្លះ​រត់ឡើង​គោក ខ្លះ​ទៀត​រត់​ចូល​រថយន្ត​យ៉ាង​ប្រញាប់ប្រញាល់ បើក​ចេញ​ពី​តំបន់​នោះ​។

ក្រោយពេល​កើតហេតុ ប្រជា​ការពារ និង​សមត្ថ​កិច្ច​ការពារ​នៅ​តំបន់​នោះ បាន​នាំគ្នា​រត់​ដេញ​ចាប់​ខ្លួន​ជន​បង្ក​បញ្ជូន​មកកាន់​អធិការ​នគរបាល​ស្រុក​ទឹកផុស ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114