BREAKING NEWS
Search

មន្ត្រី​សាលាខេត្ត​ ឡើង​កាន់​ដំណែង​ថ្មី​ ត្រូវអនុវត្ត​ច្បាប់ ​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ខេត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ និង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​

បន្ទាយមានជ័យ ៖ ល្ងាច ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០១៩​នេះ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយមាន​ជ័យ​ បានធ្វើ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ជា​នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​ការិយាល័យ​សាលាខេត្ត​។

​ក្នុង​ពិធី​ប្រកាស​នោះ​មាន​មន្ត្រី​ជាន់ខ្ពស់​សាលាខេត្ត​ចូលរួម លោក ​អ៊ុំ​ រាត្រី ​អភិបាលខេត្ត​បន្ទាយមាន​ជ័យ មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត មន្ត្រី​រដ្ឋបាល​ខេត្ត និង​អ្នកមុខអ្នកការ​ជាច្រើន​រយ​នាក់​បាន​ចូលរួម។

ក្នុងនោះ លោក ស៊ីន​ ស៊ិញ​ហឹ​ង ប្រធាន​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​បាន​ឡើង​អាន​ដីកា​លេខ ០៤៩/១៩ ដ ក ត ត ​ស្ដីពី​ការតែងតាំង​លោក ណង វុទ្ធី​ជា​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ វ៉ន​វណ្ណា​ ជានា​យក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សា​សា​ខេត្ត លោក ​កេតុ​ វណ្ណ​ស៊ិន​ ជា​នាយក​ទី​ចាត់​ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោក​ថ្លាង ​ទៀង ​ជា​នាយករង​ទីចាត់ការ​ហិរញ្ញវត្ថុ លោក​ ណង ​រស្មី ​ជា​អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​ការ​អភិវឌ្ឍ និង​សំណង់ លោក ​ពេជ្រ​ ដា​រា ជា​អនុប្រធាន​ការិយាល័យ​គណនេយ្យ​ទីចាត់ការ​ហិរញ្ញវត្ថុ លោក​សោម​ មឿ​ន​ ប្រធានការិយាល័យ​គ្រប់គ្រង​ការ​អភិវឌ្ឍ និង​សំណង់ និង​លោកស្រី​សុខ​ ម៉ា​លីម​ ប្រធានការិយាល័យ​គណនេយ្យ​ទី​ចាត់ការ​ហិរញ្ញវត្ថុ​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

ក្នុងនោះ ​លោក​ណង វុទ្ធី​ បាន​ឡើង​ធ្វើ​សេចក្ដី​ប្ដេជ្ញា​ចិត្ត​ថា ​នឹង​ខិតខំ​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ​និង​ចូលរួម​ថែរក្សា​ការពារ​អធិបតេយ្យ​បូរណភាព​ទឹកដី អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាលខេត្ត ​និង​ខិតខំ​បំពេញភារកិច្ច​ដោយ​អនុលោម​តាម​គោលការណ៍​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ និង​ខិង​ខំ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ប្រសើរ​។

​ក្នុងនោះ​ លោក​ អ៊ុំ ​រាត្រី ​បាន​ឡើង​អាន​របាយការណ៍ ​ស្ដីពី​សមិទ្ធផល ​នៃ​ការ​រីកចម្រើន​ហេដ្ឋា​រចនាសម្ព័ន្ធ​យ៉ាងច្រើន​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ដឹកនាំ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។​

លោក​អ៊ុំ​ រាត្រី ​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងអស់​ កុំ​ឲ្យ​ទៅ​ចូលរួម​អមដំណើរ​អតីត​សកម្មជន ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ទណ្ឌិត សម រង្សី និង​គូកន​ ដែល​មាន​ទោស​ និង​ត្រូវ​ត្រៀម​ចាប់ខ្លួន​ឲ្យ​សោះ។​

ក្នុងនោះ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​គ្រប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ យោធា នគរបាល កងរាជ​អាវុធ​ហត្ថ ប្រជាពលរដ្ឋ​បាន​រឹត​ចំណង​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ចូលរួម​ថែរក្សា​បាន​នូវ សណ្ដាប់​ធ្នាប់​សង្គម​ ទប់ស្កាត់​បាន​នូវ​ការប៉ុនប៉ង​ធ្វើ​បដិវត្ត​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​ ដឹកនាំ ​សម្តេច​តេ​ជោ ហ៊ុន សែន ពី​សំណាក់​ពួក​អគតិ អមិត្ត​ណាមួយ​ផងដែរ​។​

លោក​អ៊ុំ​ រាត្រី ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ក្រោម​ការដឹកនាំ​ដោយ ​សម្ដេច​តេ​ជោ ​ហ៊ុន សែន គ្រប់ៗ​អាណត្តិ​កន្លងមក​ សម្តេច​តេ​ជោ​ហ៊ុន សែន ​មាន​ស្នាដៃ​ជាច្រើន​ក្នុង​ការកសាង​ជាតិ​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លងមក​ជំរុញ​ការ​អភិវឌ្ឍ​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ ជាពិសេស​បាន​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​កាន់តែ​មានកា​រ​ផ្លាស់ប្តូរ​រីកចម្រើន​ធូរធារ​ជា​លំដាប់​ផងដែរ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114