មន្ទីរពេទ្យបណ្តោះអាសន្នព្យាយាមជួយសង្គ្រោះសត្វខ្លាឃ្មុំអូស្រ្តាលី ដែលរងរបួសដោយសារភ្លើងឆេះព្រៃ

សត្វខ្លាឃ្មុំអូស្រ្តាលីដែលរងរបួសរាប់សិបក្បាលបានមកដល់ពេទ្យសត្វបណ្តោះអាសន្នរបស់ឧទ្យានសត្វព្រៃកោះ Kangaroo ជារៀងរាល់ថ្ងៃ។

ដោយសារតែរងរបួសនៅក្នុងភ្លើងឆេះព្រៃដែលបានបំផ្លាញជម្រកសត្វព្រៃនៅជិតឆ្នេរសមុទ្រនៃរដ្ឋ South Australia មានសត្វជាច្រើនដែលត្រូវការការព្យាបាលជាបន្ទាន់ហើយអ្នកថែទាំមិនមានពេលវេលាដើម្បីប្រាប់ឈ្មោះពួកគេអស់នោះទេ។

កូនខ្លាឃ្មុំអូស្រ្តាលីកំព្រាតោងស្មារបស់ពេទ្យសត្វនៅមន្ទីរពេទ្យបណ្តោះអាសន្ន (រូប AFP)

ក្នុងចំណោមនោះគឺមានសត្វខ្លាឃ្មុំអូស្រ្តាលីដែលត្រូវបានគេនាំមកជាមួយរបួសដោយការរលានក្រញ៉ាំទាំងបួនរបស់វា។
ដោយដេកនៅលើតុវះកាត់ក្នុងតង់ដែលមានសភាពអ៊ូអរ សត្វនេះត្រូវបានគេចាក់ថ្នាំបំបាត់ការឈឺចាប់ដូច្នេះស្នាមរបួសរបសង់វាអាចត្រូវបានពិនិត្យនិងព្យាបាល។

ពេទ្យសត្វឈ្មោះ Peter Hutchison បាននិយាយថា “វាជាសះស្បើយហើយ”។

មិនមែនសត្វខ្លាឃ្មុំអូស្រ្តាលីដែលត្រូវបានជួយសង្គ្រោះទាំងអស់សុទ្ធតែមានសំណាងនោះទេ។សត្វជាច្រើនត្រូវបានគេរកឃើញថារងរបួសយ៉ាងធ្ងន់ធ្ងរដូច្នេះពួកគេចាំបាច់ត្រូវធ្វើការវះកាត់។

លោក Steven Selwood ប្រធានក្រុមគ្រប់គ្រងបន្ទាន់ផ្នែកពេទ្យសត្វអូស្រ្តាលីនៅឯមន្ទីរពេទ្យបាននិយាយថា មានសត្វខ្លាឃ្មុំអូស្រ្តាលីប្រហែល៤៦,០០០ក្បាលត្រូវបានគេគិតថាស្ថិតនៅលើកោះនេះមុនពេលភ្លើងឆេះព្រៃក្នុងឆ្នាំនេះ។

លោក Selwood បន្ថែមថា វាត្រូវបានគេប៉ាន់ស្មានថាមានត្រឹមតែ៩,០០០ក្បាលប៉ុណ្ណោះដែលនៅសេសសល់ដែលនេះជាការបំផ្លិចបំផ្លាញដ៏ធំធេង។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងបរិស្ថានអូស្រ្តាលីលោកស្រី Sussan Ley បាននិយាយថា សត្វខ្លាឃ្មុំអូស្រ្តាលីរបស់ប្រទេសនេះបានរងគ្រោះយ៉ាងខ្លាំងដោយសារភ្លើងឆេះព្រៃដែលបានឆាបឆេះអស់រយៈពេលជាច្រើនខែមកហើយ។

លោកស្រីបានអះអាងថា ខ្លាឃ្មុំទាំងនេះអាចត្រូវបានចុះបញ្ជីថាជាពពួកសត្វជិតផុតពូជជាលើកដំបូង៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ