មន្ទីរ​សាធារណការ កំពុង​ធ្វើ​សកម្មភាព​អ៊ុត​កៅស៊ូ​AC នៅ​លើ​កំណាត់​ផ្លូវ​ម្លូព្រៃ ប្រវែង២៥០០​ម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៍
BREAKING NEWS
Search

មន្ទីរ​សាធារណការ កំពុង​ធ្វើ​សកម្មភាព​អ៊ុត​កៅស៊ូ​AC នៅ​លើ​កំណាត់​ផ្លូវ​ម្លូព្រៃ ប្រវែង២៥០០​ម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៍

ព្រះវិហារ ​៖ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ទៅលើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​ខេត្ត​ពិសេស​លើ​ការស្ថាបនា ការជួសជុល​ផ្លូវ ការដាក់​បណ្ដាញ​លូ​និង​ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឲ្យ​ខេត្តព្រះវិហារ​ដែលជា​ខេត្ត​មួយ​ដាច់ស្រយាល មកជា​ខេត្ត​មួយ​នៅ​ជិតបង្កើយ ដោយសារតែ​ផ្លូវ​រលោង​ស្អាត ងាយស្រួល​ក្នុងការ​​ធ្វើដំណើរ​។

ជាក់ស្តែង​នៅក្នុង​ពេលនេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាននឹងកំពុង​ធ្វើ​សកម្មភាព​អ៊ុត​កៅស៊ូ​AC នៅលើ​កំណាត់​ផ្លូវ​ម្លូព្រៃ មាន​ប្រវែង ២៥០០​ម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ហើយក៏​ដើម្បី​លើក​សោ​ភណ្ឌ​ភាព​ទី​រួម​ខេត្ត​ឲ្យមាន​សោ​ភណ្ឌ​ភាព​ស្រស់​បំព្រង​ផងដែរ​។

ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ លោក​សំ លាង​ទ្រី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​នេះ​ថា ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​សម្រាប់​ថ្ងៃនេះ​គឺ​បាននឹងកំពុង​ធ្វើ​សកម្មភាព​អ៊ុត​កៅស៊ូ AC ក្នុង​ក្រុង​ព្រះវិហារ (​គម្រោង​គុណប្រយោជន៍​ខេត្ត​) ថ្ងៃនេះ​បន្ត​អ៊ុត​កៅស៊ូ​នៅលើ​ផ្លូវ​ម្លូព្រៃ បាន​ប្រវែង ៩៣ ម៉ែត្រ​បន្ថែម​ទៀតហើយ​។ រីឯ​លទ្ធ​សរុប​រួម ពេលនេះ​រួមមាន ផ្លូវ​ម្លូព្រៃ​ខាងស្តាំ​ដៃ ប្រវែង​២៤៨៦ ម៉ែត្រ​និង​ខាង​ឆ្វេង​ដៃ ប្រវែង​៤១២​ម៉ែត្រ​។

​គួរ​រំលឹក​ថា ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ របស់​រដ្ឋបាល​ខេត្តព្រះវិហា​រ​» កាល​ពី​ពេល​ថ្មីៗ​នេះ លោក សំ លាង​ទ្រី បាន​ឲ្យ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ គ្រប់គ្រង​ផ្លូវ ថ្នល់ ក្នុង​ខេត្ដ​ទាំងអស់​ប្រវែង​៨០០​គីឡូម៉ែត្រ ក្នុងនោះ​មាន​ប្រមាណ​៤០០​គីឡូម៉ែត្រ ជា​ផ្លូវ​កៅស៊ូ (​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​)​។ ការអភិវឌ្ឍន៍​ផ្លូវ​ពី​ចាក់​កៅស៊ូ DBST ទៅជា​ផ្លូវ​ប្រភេទ AC ខណៈ​ផ្លូវ​មួយចំនួន​ក្នុង​ទី​រួម​ខេត្ត អភិវឌ្ឍន៍​ពី​ផ្លូវ​កៅស៊ូ ទៅជា​ផ្លូវ​ចាក់​បេតុង​សរសៃដែក និង​មាន​លូ​អម​សង្ខាង​ផ្លូវ​ជាដើម​។ អ្វី​ដែល​ជា​ទិសដៅ​បន្ដ​សម្រាប់​ពេលខាងមុខ លោក សំ លាង​ទ្រី បាន​គូស​បញ្ជាក់​ថា ខេត្ត​នឹង​អភិវឌ្ឍន៍​ផ្លូវ​ក្រាល​គ្រួស​ក្រហម ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ ហើយ​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​ហួស​អាយុកាល គឺ​ត្រូវ​ពង្រឹង​ទៅជា​ផ្លូវ​បេតុង​សរសៃដែក ឬ​ផ្លូវ​ចាក់​កៅស៊ូ AC​។

ដោយឡែក ផ្លូវ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន ខេត្ត​នឹងធ្វើ​ការថែទាំ ជួសជុល​មិន​ឲ្យ​មាន​ក្រឡុក​សំបុក​មាន់​នោះទេ ដោយសារ​មន្ទីរ​មាន​ក្រុមការងារ​ចំនួន​៦​ក្រុម បាននឹងកំពុង​ធ្វើ​សកម្មភាព​នៅតាម​ដងផ្លូវ ដើម្បី​ពិនិត្យ និង​ជួសជុល​ជាប្រចាំ​៕
ស្រីរ័ត្ន

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114