ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានធ្វើ​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​និង​សម្អាត​រុក្ខជាតិ​ជាប្រចាំ

ភ្នំពេញ​ ៖ ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ធ្វើដំណើរ​បាន​ស្រួល​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ផង​នោះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បានធ្វើ​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​និង​សម្អាត​រុក្ខជាតិ​ជាប្រចាំ​នៅក្នុង​អាណាចក្រ​ខេត្ត​របស់ខ្លួន​។

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា សម្រាប់ ការងារ​ថែទាំ និង​ជួសជុល​ផ្លូវថ្នល់ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ នៅ​ពេល​នេះ គឺ​ក្រុមការងារ​បានធ្វើ​ការថែទាំ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៤ ដោយបាន​បន្ត​ស្រោច​កៅស៊ូ​(Reseal) នៅ​ចន្លោះ គីឡូម៉ែត្រ 101+600 ដល់ គីឡូម៉ែត្រ 102+600 ស្ថិតក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ​។

យើង​បាន​កាត់​ជួសជុល​ផ្លូវជាតិ​លេខ​៦២ នៅ​ចន្លោះ គីឡូម៉ែត្រ 173+000 ដល់ គីឡូម៉ែត្រ 174+000 និង​នៅ​ចន្លោះ គីឡូម៉ែត្រ 179+000 ដល់ គីឡូម៉ែត្រ 180+200 ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

លោក​សំ លាង​ទ្រី បាន​បន្តថា ចំពោះ ការងារ​សម្អាត​រុក្ខជាតិ​(​កាត់​ស្មៅ​) គឺ​យើង​បាន​ប្រើ​ម៉ាស៊ីន​ស្វ័យប្រវត្តិ លើ​កំណាត់​ផ្លូវជាតិ​លេខ ៦២ ដោយ ចាប់ពី គីឡូម៉ែត្រ 124+000 ដល់ គីឡូម៉ែត្រ 127+000 ស្ថិតក្នុង​ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។ ដោយឡែក សម្រាប់​ការងារ​គូស​គំនូស​ចរាចរណ៍​វិញ យើង​បាន​គូស​គំនូស​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៩ ផ្លូវជាតិ​លេខ ៩៥ និង​ផ្លូវជាតិ​លេខ ៦២ ក្នុង​ខេត្តព្រះវិហារ​។

លោក​សំ លាង​ទ្រី ក៏បាន​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ដំណើរ​ដោយ​សុវត្ថិភាព និង សូមកុំ​ភ្លេច​ពី មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន បើកបរ​ល្បឿន​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង​, ងងុយដេក​, ស្រវឹង និង​មិន​គោរព​សិទ្ធិ​។ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​គ្រួសារ​លោកអ្នក និង​អ្នក​ដទៃ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114