មានសង្ឃឹមហើយអ្នកកើតជំងឺឆ្កួតជ្រូកអាចមកពិគ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនឹងជាសះស្បើយ
BREAKING NEWS
Search

មានសង្ឃឹមហើយអ្នកកើតជំងឺឆ្កួតជ្រូកអាចមកពិគ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនឹងជាសះស្បើយ

ជំងឺឆ្កួតជ្រូក (អេពីឡឹបស៊ី – Epilepsy) ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាធំៗនៃសុខភាពសាធារណៈ។ តាមរយៈអង្គការសុខភាពពិភពលោក មានអ្នកជំងឺឆ្កួតជ្រូកប្រមាណ ៦០លាននាក់នាពេលបច្ចុប្បន្ននេះ។

នៅប្រទេសកម្ពុជាអត្រាប្រេវ៉ាឡង់នៃជំងឺនេះគឺមានប្រហែល ០,៥៨%។នៅក្នុងសង្គមខ្មែរយើងក៏ដូចជាប្រទេសដទៃទៀតលើពិភពលោកដែរ ភាគច្រើននៃអ្នកជំងឺឆ្កួតជ្រូកច្រើនមិនបានមកទទួលការព្យាបាលទេ ដោយសារទម្លាប់ និងកង្វះការយល់ដឹងអំពីជំងឺនេះ។ អ្នកជំងឺភាគច្រើនត្រូវទទួលរងនូវការរើសអើងពីមិត្តភ័ក្តនិងមជ្ឈដ្ឋានជុំវិញ។ ពួកគាត់ពេលខ្លះត្រូវខកខានមិនបានបញ្ចប់ការសិក្សា ឬត្រូវបញ្ឈប់ពីការងារ។

ក) រោគសញ្ញា៖

រោគសញ្ញានៃជំងឺនេះអាចប្រែប្រួលទៅតាមទីតាំង និងទំហំដែលប៉ះពាល់ទៅលើខួរក្បាលដូចជាៈ

– បាត់បង់ស្មារតីភ្លាមៗ

– រឹងខ្លួន និងមានចលនាកន្រ្តាក់ពេញដងខ្លួន និងអវៈយវៈ

– មានខាំអណ្តាត ឬរបួសដោយការដួល

– មានលេចនោម

– អាចវង្វេងវង្វាន់ ឈឺក្បាល ឈឺសាច់ដុំ ក្រោយប្រកាច់

– ជួនកាលអាចមានអាការៈស្ពឹកៗ នៅផ្នែកណាមួយនៃរាងកាយ

– ជួនកាលអាចមានការពិបាកនិយាយ រឺមានអារម្មណ៍ប្លែកៗខុសពីធម្មតា

ខ) មូលហេតុ៖

អ្នកជំងឺឆ្កួតជ្រូកដែលមានលេចចេញជារោគសញ្ញាម្តងៗ គឺដោយសារមានការប្រែប្រួលខុសពីធម្មតា នៃបន្ទុកចរន្តអគ្គិសនីរបស់កោសិកាខួរក្បាល។ មូលហេតុធំៗមានដូចជាៈ

– ធ្លាប់មានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល

– ធ្លាប់មានគ្រោះថ្នាក់ប៉ះក្បាល

– ធ្លាប់រលាកខួរក្បាល រលាកស្រោមខួរក្បាល

– មានដុំសាច់ មហារីក ដុំមេរោគរបេង ឬដុំពងតេនីញ៉ា នៅក្នុងខួរក្បាល

– ការវិវត្តន៍ខុសប្រក្រតីរបស់ខួរក្បាលដោយសារកត្តាផ្សេងៗ តាំងពីទារកនៅក្នុងផ្ទៃម្តាយ

– ពុលដោយសារពិសាសុរាច្រើនពេក រឺក៏ពពួកថ្នាំញៀនផ្សេងៗទៀត។

គ) ការធ្វើរោគវិនិច្ឆ័យ៖

ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកលើៈ

– រោគសញ្ញាគ្លីនិក

– ការវាស់រលកចរន្តកោសិកាខួរក្បាលដោយម៉ាស៊ីន EEG ដោយវជ្ជបណ្ឌិតជំនាញ

– ការថតឆ្លុះខួរក្បាលដោយម៉ាស៊ីន MRI ឬ Scanner

ឃ) ការព្យាបាល និងការបង្ការ៖

– ដូចបានរៀបរាប់ពីខាងលើ ជំងឺឆ្កួតជ្រូកមានទម្រង់ខុសៗគ្នា ដូច្នេះការព្យាបាលក៏ប្រែប្រួលទៅតាមនោះដែរ។ គ្រូពេទ្យអាចសម្រេចចិត្តជ្រើសរើសថ្នាំណាមួយ ដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ

– ដើម្បីបង្ការការប្រកាច់ អ្នកជំងឺត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងជៀសវាងពីការសេពគ្រឿងស្រវឹង

– ត្រូវជៀសវាងការងារ រឺស្ថានភាពផ្សេងៗ ដែលអាចមានគ្រោះថ្នាក់ខ្លាំង ដូចជាឡើងទីខ្ពស់ នៅក្បែរទឹក ភ្លើង ។ល។

បើមានអាការៈដូចបានជម្រាបខាងលើ ឬសង្ស័យថាមានជំងឺនេះ សូមរួសរាន់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះថាជំងឺឆ្កួតជ្រូក ឬអេពីឡឹបស៊ី គឺជាជំងឺដែលព្យាបាលជាសះស្បើយនិងកុំរើសអើងជាមួយអ្នកជំងឺឆ្កួតជ្រូកព្រោះជំងឺនេះមិនឆ្លងនោះទេ៕រស្មី