មាន​វិបត្តិ​គ្រួសារ​ តូច​ចិត្ត​គិត​ខ្លី​ជិះ​ម៉ូតូ​មក​ប៉ុនប៉ង​លោត​ទឹក​សម្លាប់​ខ្លួន​

ភ្នំពេញ​៖​ ​អាជីវករ​លក់​ខោអាវ​នៅ​ផ្សារ​ព្រៃ​ទារ​ម្នាក់​ផឹក​ស្រា​ស្រវឹង​ជោកជាំ​ រួច​ក៏​ជិះ​ម៉ូតូ​មក​ប៉ុនប៉ង​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​ខាង​លើ​​ស្ពាន​ជ្រោយ​ចង្វារ​ ព្រោះតែ​មាន​វិបត្តិ​គ្រួសារ​ ។​ ហេតុ​ការ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ឡេីងកាលពីវេលាម៉ោង១១យប់​ ថ្ងៃ​ទី​១៦​ ខែ​កមរា​ ឆ្នាំ​២០១៩ត្រង់ចំណុច​លើ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់​ ស្ថិត​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅមុន​ពេល​កើត​ហេតុ​គេ​ឃើញ​ស្ត្រី​ខាងលើ​បើក​បរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុង​ដាឌ្រីម​ ZOOMER-X ពណ៌​ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​1HG-1530​ ដោយ​បើក​ធ្វើ​ដំណើរ​​ក្នុង​​ស្ថានភាព​ស្រវឹង​ជោកជាំ​ឡើង​​ស្ពាន​ជ្រោយ​ចង្វា​​ចាស់​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្ត្រី​ខាងលើ​ក៏បាន​ឈប់​ចុះ​ពី​លើ​ម៉ូតូ​ស្រែក​ទ្រហោ​យំ​និង​ប៉ុនប៉ង​លោត​ចុះ​ពី​លើ​ស្ពាន​សម្លាប់​ខ្លួន​ បង្ក​អោយ​មាន​ការ​ផ្អើល​​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​កន្លែង​កើត​ហេតុ​ចូល​ទៅ​ជួយ​ចាប់​ឃាត់​មក​វិញ។ ហើយ​​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ការ​សួរ​នាំ​ ស្ត្រី​ខាង​លើ​​ក៏​បាន​ប្រាប់​ថា​ ចង់​ស្លាប់​ និង​គិត​តែ​ពី​ស្រែក​ទ្រហោ​យំ​រហូត​ដួល​សន្លប់​។ ភ្លាមៗ​ក៏​មាន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​ជួយ​សង្គ្រោះ​បន្ទាន់​បឋម​ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ រួម​ជាមួយ​រថយន្ត​សង្គ្រោះ​បន្ទាន់​អោយ​ចុះ​មក​ជួយ​អន្តរាគមន៍។ មួយ​សន្ទុះ​ក្រោយ​មក​ក៏​រថយន្ត​សង្គ្រោះ​បន្ទាន់​រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់កន្លែង​កើត​ហេតុ​ ប៉ុន្តែ​បែរ​ជា​ស្ត្រី​ខាងលើ​ប្រកែក​មិន​ព្រម​ទៅ​មន្ទីរពេទ្យ​នោះ​ទេ។​ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​យក​ទូរស័ព្ទ​ដៃ​ស្ត្រី​ខាង​លើ​ មក​ធ្វើ​ការ​ទាក់ទង​ទៅ​សាច់​ញាតិ​របស់​នាង​ឲ្យ​មក​ទទួល​យក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ក្រោយ​មក​ក៏​មាន​ស្ត្រី​ម្ចាស់​ដែល​ត្រូវ​ជា​បង​ស្រី​របស់​ស្ត្រី​ខាង​លើ​បាន​មក​ដល់​ទី​តាំង​កន្លែង​កើត​​ហេតុ​។

បើ​តាម​សម្ដី​ពី​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ជា​បង​បង្កើត​​របស់​ស្ត្រី​ខាង​លើ​បាន​ឲ្យដឹង​ថា​ប្អូន​ស្រី​របស់​គាត់​មាន​ឈ្មោះ​ ម៉ារី​ អាយុ​៣១ឆ្នាំ​ ជា​អាជីវករ​លក់​ខោអាវ​នៅ​ផ្សារ​ព្រៃ​ទារ​ ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ ជ័យ​។ ហើយ​​នាង​គឺ​មាន​វិបត្តិ​គ្រួសារ​ ព្រោះ​នាង​និង​ប្តី​របស់​នាង​បាន​បែក​បាក់​និង​លែង​លះ​គ្នា​ដាច់​ស្រេច​ជិត​មួយ​ឆ្នាំ​មក​ហើយ​។ ​​នៅ​សល់​តែ​កូន​ប្រុស​អាយុ​៩ឆ្នាំ​ម្នាក់​ ដែល​ជា​ចំណង​ដៃ​របស់​ពួកគេ​ទាំងពីរ​ដែល​នៅ​បែងចែក​មិន​ទាន់​ដាច់​ស្រេច​។ ហើយ​​សព្វថ្ងៃ​នេះ​កូន​ប្រុស​របស់​នាង​ ត្រូវ​បាន​ប្តី​យក​ទៅ​ផ្ទះ​របស់​គេ​ ចំណែក​ឯ​ប្អូន​ស្រី​របស់​គាត់​គឺ​រស់​នៅ​ផ្ទះ​ជួល​តែ​ម្នាក់​ឯង​យ៉ាង​កណ្ដោច​កណ្ដែង​។

ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​​ប្រគល់​ម៉ូតូ​និង​ស្ត្រី​ខាង​លើ​ទៅ​ឲ្យ​សាច់​ញាតិ​ដឹក​យក​​ត្រឡប់​ទៅ​សម្រាក​នៅ​ឯ​ផ្ទះ​វិញ​៕

អត្ថបទ៖ ឌីរៀ​