BREAKING NEWS
Search

មុខរបរល្អទាំង៥ សម្រាប់អ្នកចូលចិត្តផ្នែកអាហារ

ជាអ្នកចូលចិត្តអាហារ មានធ្លាប់គិតថា នឹងបង្កើតមុខរបរដែលពាក់ព័ន្ធនឹងវិស័យនេះទេ? ហើយមានដឹងដែរអត់ថា ការងារអ្វីខ្លះដែលសក្តិសមសម្រាប់ Food Lover ដូចយើង?

១. បើកហាងលក់នំ

ចាប់ផ្តើមពីទុនតិចក៏អាចទៅរួច ដោយលក់នំតាមអនឡាញ ឬធ្វើដាក់លក់នៅតាមហាងកាហ្វេ ឬបោះឲ្យអ្នកលក់រាយតាមផ្សារសម្រាប់នំតូចៗ។ អ្នកអាចលក់នំខេក នំប៉័ង នំដូណាត់ នំផ្អែមផ្សេងៗ និងនំដែលអាចញ៉ាំលេងជាច្រើនមុខទៀតតាមតែខ្លួនចេះធ្វើ និងរៀនធ្វើនំណាដែលមានទីផ្សារច្រើន។ ក្រោយមានដើមទុនល្មម ដល់ពេលបើកហាងខ្លួនឯងតូចមួយ ដោយជួលកន្លែង រួចចាប់ផ្ដើមពង្រីកហាងលក់ឲ្យកាន់តែធំជាងមុន។

២. បើកហាងផ្គត់ផ្គង់អាហារតាមកម្មវិធី

សេវាកម្មនេះមិនពិបាកធ្វើជាអាចិន្ត្រៃយ៍ទេ តែធ្វើម្តងៗទទួលកម្រៃច្រើន។ អ្នកអាចបើកសេវាកម្មផ្គត់ផ្គង់អាហារតាមកម្មវិធីផ្សេងៗដូចជា ពិធីសម្ពោធក្រុមហ៊ុន សម្ភោធហាង កម្មវិធីបុណ្យ ពិធីមង្គលការ សិក្ខាសាលា និងកម្មវិធីជាច្រើនទៀត។

អាហារដែលអ្នកអាចផ្តល់ក្នុងសេវានេះ អាចជាម្ហូប បង្អែម ភេសជ្ជៈ ទាំងខ្មែរ និងបរទេស ប៉ុន្តែវាត្រូវការកម្លាំងច្រើន ដូច្នេះបើពិតជាចង់ធ្វើ អ្នកត្រូវរកមើលថានរណាអាចជួយអ្នកបាន។

៣. បើកហាងលក់ម្ហូបអាហារ

ជាអ្នកចូលចិត្តអាហារ ការបើកហាងលក់ម្ហូបជាអាជីពល្អមួយ។ អ្នកអាចលក់ដូចជា ​គុយទាវ ស៊ុប បាយម្ហូប អាហារសម្រន់ នំ បង្អែម ភេសជ្ជៈជាដើម។ បើមានអាហារប្រចាំត្រកូលរឹតតែល្អ ដោយច្នៃវាឡើងជាមីនុយប្រចាំហាង ឬអាហារដែលទើបរកឃើញ ឬអាហារប្រភេទណាមួយដែលមានរសជាតិឆ្ងាញ់ប្លែកពីគេ នោះប្រាកដជាជោគជ័យមិនខាន។

៤. បើកហាងលក់គ្រឿងទេស

នៅតាមផ្សារនានាមិនខ្វះទេកន្លែងលក់គ្រឿងទេស ប៉ុន្តែវានៅតែជាតម្រូវការចាំបាច់សម្រាប់មេផ្ទះនិងចុងភៅដដែល។ បើកហាងលក់គ្រឿងទេសដូចជា គ្រឿងផ្សំម្ហូប បន្លែ សាច់ និងសម្ភារៈផ្ទះបាយ។ល។​ ក្រៅពីនោះ បើហាងអាចមានសេវាតាមណែនាំមុខម្ហូប និងវិធីធ្វើនៅក្នុងហាងតែមួយរឹតតែបង្កភាពងាយស្រួលដល់អតិថិជន ដោយអាចទាក់ទាញពួកគេឲ្យចូលហាងហូរហែរ។

៥. អនឡាញលើវិស័យអាហារ

បង្កើតប្លុក ផេក ឬឆាណែល YouTube អំពីវិស័យអាហារ ដោយអាចធ្វើនៅផ្ទះ ឬត្រូវចេញទៅស្វែងរកអាហារប្លែកៗនៅខាងក្រៅម្តងម្កាល។ សរសេរអត្ថបទពីការចម្អិនអាហារ ការណែនាំមុខម្ហូប ធ្វើវីឌីអូរបៀបចម្អិនអាហារ និងសូម្បីតែថតវីដេអូអង្គុយញ៉ាំអាហារក៏អាចរកចំណូលបាន។ ក្រោយពីអត្ថបទនិងវីដេអូរបស់អ្នកល្បី មិនខ្វះនោះទេភ្ញៀវទាក់ទងផ្សាយពាណិជ្ជកម្ម ហើយពេលនោះចំណូលក៏ហូរចូលជារឿយៗ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ កុំមើល​រំលងអាជីវកម្មសម័យថ្មីដែលកំពុង​បង្កើតសេដ្ឋីក្មេងជាច្រើន​

ចុចអាន៖ មុនសម្រេចចិត្តរើសទីតាំងអាជីវកម្ម ត្រូវពិនិត្យលើរឿង ៣ នេះសិន