មុខសញ្ញា​ក្រុម​ចោរប្លន់​កក្រើក​ខេត្ត​កំពង់ស្ពឺ​អំឡុង​ឆ្នាំ​២០១៧​ បញ្ជូន​ទៅ​ដាក់​ត្រពាំង​ប្លុង​ស្ងាត់ៗ​ ចេញ​មក​វិញ​ប្រព្រឹត្ត​បទល្មើស​ដដែល​

​កំពង់ស្ពឺ ៖​ មុខសញ្ញា​ក្រុម​ចោរប្លន់​ល្បីល្បាញ​ក្នុង​ខេត្ត​កំពង់ស្ពឺ​អំឡុង​ឆ្នាំ​២០១៧ ​ធ្លាប់​ជាប់​ពន្ធនាគារ​ច្រើនដង ​និង​ចុង​ក្រោយនេះ​ បញ្ជូន​ទៅ​ដាក់​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ ខេត្ត​ត្បូងឃ្មុំ​នោះ​ ស្រាប់តែ​ស្ងាត់ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ទៀត​ ខណៈ​មាន​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ចំនួន​០២​ដីកា ​ពេល​នគរបាល​ចាប់ខ្លួន។

លោក​វរសេនីយ៍ឯក ​សម​ សាក់ ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ នៅ​ថ្ងៃទី​២៣​ ខែ​ឧសភា ​ឆ្នាំ​២០២០​នេះ​ បាន​ប្រាប់​ថា ​ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​បក្ខពួក​ពីរ​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​ កាលពី​ថ្ងៃទី​០៨​ ខែ​ឧសភា ​ឆ្នាំ​២០២០​ កន្លង​មក ​នៅ​ភូមិ​ឈូកស ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ គឺជា​មុខសញ្ញា​ចាស់ ​ធ្លាប់​ជា​ពន្ធនាគារ​។ ក្រោយពេល​លួច​ម៉ូតូ​បាន ​ម្នាក់​ជិះ​ម៉ូតូ​ខ្លួនឯង​គេចខ្លួនបាត់ ​និង​ម្នាក់ទៀត​អ្នក​យក​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​កិតៗ​បណ្តាល​ឲ្យ​ដួល​របួសធ្ងន់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​គងពិសី​។

ជនសង្ស័យ​ជា​ចោរ​មានឈ្មោះ​ហោ ​ធូ​ក​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ ​ទីលំនៅ​មិន​ពិតប្រាកដ ​មាន​ស្រុក​កំណើត​ភូមិ​ត្រប់ ​ឃុំ​-​ស្រុក​បរសេដ្ឋ ​ខេត្ត​កំពង់ស្ពឺ​។ ជនល្មើស​រូបនេះ​មានឈ្មោះ​ល្បី​កាលពី​អំឡុង​ឆ្នាំ​២០១៦​ និង​២០១៧ ហើយ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​កំពង់ស្ពឺ​ សហការ​ជា​មួយ​អធិការ​នគរបាល​ស្រុក​សំ​រោងទង​បង្ក្រាប​ កាលពី​ថ្ងៃទី​២០ ​ខែមេសា ​ឆ្នាំ​២០១៧​ ដោយ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កំពង់ស្ពឺ។​ ​ក្រោយមក ​ត្រូវបាន​បញ្ជូន​ទៅ​ដាក់គុក​ត្រពាំង​ផ្លុ​ង​ ខេត្ត​ត្បូងឃ្មុំ​ ស្រាប់តែ​៣​ឆ្នាំក្រោយ ​ចេញមក​វិញ​ ប្រព្រឹត្ត​បទល្មើស​ដដែល​ ពេល​នគរបាល​សួរនាំ​ធ្វើ​មិន​ស្គាល់​ឈ្មោះ​ខ្លួន​ឯង​ទៀត​។​

លោក​សម​ សាក់​ បាន​បញ្ជាក់​ថា ​លុះដល់​ថ្ងៃទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០២០ ​របួស​ធូរស្រាល​ បាន​នាំខ្លួន​មក​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ពេលនេះ​ គឺជនសង្ស័យ​ធ្វើ​អត់​ស្គាល់ឈ្មោះ​ខ្លួនឯង​ ខណៈ​មាន​ដីកា​ឃុំ​ចំនួន​ពីរ​ផ្សេងទៀត​។​

ពាក់ព័ន្ធ​មុខសញ្ញា​ចោរប្លន់​ច្រើន​ករណី​ល្បី​ដ៏​ឈ្មោះ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ហើយ​បាន​ផ្លាស់ប្ដូរ​ទៅ​ជាប់គុក​ត្រពាំង​ផ្លុ​ង ​ប៉ុន្តែ​ស្ងាត់ៗ​ស្រាប់​លិច​មុខ​ដើរ​ប្រព្រឹត្ត​បទល្មើស​ថ្មី​ទៀត​យ៉ាង​រំភើយ ​ខណៈ​មាន​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ចំនួន​ពីរ​ទៀត​មិនទាន់បាន​អនុវត្ត​ផង​នោះ ​ធ្វើឲ្យ​មហាជន​ ក៏ដូចជា​សមត្ថកិច្ច​មាន​ចម្ងល់​យ៉ាងខ្លាំង​ និង​បាន​ដាក់​សំណួរ​ថា ​តើ​អ្នកណា​ហ៊ាន​ដោះលែង​ជនល្មើស​ជា​ចោរប្លន់​ដ៏​ល្បី​ឈ្មោះឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ ​ហើយ​ដើរ​ធ្វើ​សកម្មភាព​លួច​ដូច​មុខ​ដដែល​?

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​រួចរាល់​ហើយ​ រង់ចាំ​មើល​ថា​ ជាប់​បាន​ប៉ុន្មាន​ខែ​ដែរ​លើក​នេះ​៕
អត្ថបទ ៖ ​រដ្ឋ​ឋានៈ​

សូមចុចអាន ៖ ម៉ូតូ​ពីរគ្រឿង​បុក​គ្នា​ពេញ​ទំហឹង ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ទាំង​២​នាក់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114