ព័ត៍មានទាន់​ហេតុការណ៏
Search

មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ២​នាក់ ត្រូវបាន​ចាប់ខ្លួន តាម​អំណាច​ដីកា​របស់​តុលាការ

បាត់ដំបង ៖ ជនសង្ស័យ​ចំនួន ២ នាក់ ក្នុងចំណោម​បក្ខពួក​ទាំង ៣ នាក់ ត្រូវបាន​ក្រុម​អនុវត្ត​ដីកា នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​តាម​ស្រាវជ្រាវ​រហូត​ឈានដល់​ការចាប់ខ្លួន​បានជា​បន្ត​បន្ទាប់ ក្រោយពី​ជនសង្ស័យ​ទាំងនេះ បានធ្វើ​សកម្មភាព​ប្លន់​ព្រមទាំង​មានការ​ផ្ទុះអាវុធ​ផង​នោះ រួច​បានគេច​ខ្លួន​អស់​រយៈពេល​ប្រមាណ​ជាង ១០ ឆ្នាំ រួចមក។​

ការចាប់ខ្លួន​នេះ​ ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់ ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ត្រី កង សុ​ផា​ណ្ណា​ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ទទួល​ផែន​អនុវត្ត​ដីកា បានចេញ​ប្រតិបត្តិការ​ទៅកាន់​ចំណុច​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលា​ម៉ោង ១១​និង​៣០​នាទី ដោយមាន​ការសហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន ​នគរបាល​ស្រុក​សង្កែ​ផងដែរ។

ដីកា​ ដែល​ត្រូវអនុវត្ត​នាពេលនោះ​គឺមាន​លេខ ២០៥ ចុះ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០០៨ ដោយ​ចៅក្រម​ស៊ើបសួរ គី ឬ​ទ្ធី នៃ​សាលាដំបូង​ខេត្តបាត់ដំបង និង​ត្រូវ​អនុវត្ត​ចាប់ខ្លួន​ឈ្មោះ វ៉ាន់ វ៉ែន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង។ ចោទប្រកាន់​ពីបទ ( ប្លន់​ប្រដាប់អាវុធ ) ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០០៨ ​ហើយ​បាន​រត់គេចខ្លួន។​

លុះ​នៅវេលា​ម៉ោង ១ និង ១០ នាទី រសៀល ថ្ងៃ ដដែល កម្លាំង​ផ្នែក​អនុវត្ត​ដីកា បាន​ចុះទៅ​កាន់​ចំណុច​ភូមិ​ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង និង​មានការ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដដែល​បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ២៤៣ ចុះ​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០០៨ ដោយ​ចៅក្រម​ស៊ើបសួរ គី ឬ​ទ្ធី នៃ​សាលាដំបូង​ខេត្តបាត់ដំបង។​

ក្នុងការ​អនុវត្ត​ដីកា​លើក​ទី២នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ វឿន អឿ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ ភូ​មិន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​តុលាការ​បាន​ចោទប្រកាន់​ពីបទ ដូចគ្នា ដោយសារតែ​ពួកគេ​គឺ​ជា​បក្ខពួក​នឹង​គ្នា ហើយ​ប្រព្រឹត្ត​នៅ​ភូមិ​កំពង់ព្រះ ហើយ​បាន​រត់គេចខ្លួន តាំងពី​ពេលនោះ​មក​រ​ហូត។

លោក​វរសេនីយ៍ត្រី កង សុ​ផា​ណ្ណា បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវបាន​កម្លាំង​របស់​លោក រៀបចំ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ហើយ ក្នុង​ការ​អនុវត្តតាម​នីតិវិធី។ ប៉ុន្តែ​បើតាម​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​បង្ហើប​ថា ភ្លាមៗ​នោះដែរ​ ក៏​ទំនង​ជាមាន​សាច់​សារ​លោហិត បាន​ត្រៀមខ្លួន​ដើម្បី​ចាំ​ស្កាត់​នៅឯ​តុលាការ ផង​ក៏​មិន​ដឹង​ដើម្បី​រក​វិធី​ចរាចរ​ក្រោម​តុ ជាមួយ​អស់លោក​ចៅក្រម​ដែល​កាន់​សំណុំរឿង ដូច្នេះហើយ​បានជា​ប្រភព​ទាំងនោះ​មានការ​ព្រួយបារម្ភ ព្រោះ​ជនសង្ស័យ​ទាំងនេះ សុទ្ធតែ​ជើង​ខ្លាំង​ក្នុង​ការធ្វើ​សកម្មភាព ព្រមទាំង​មានការ​ផ្ទុះ​អាវុធ​ថែម​ទៀតផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114