មេបញ្ជាការ​រង​កងទ័ព​ជើងគោក​ អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា
BREAKING NEWS
Search

មេបញ្ជាការ​រង​កងទ័ព​ជើងគោក​ អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា

​ភ្នំពេញ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សុ​វណ្ណា មេបញ្ជាការរង​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ បានអនុញ្ញាត​ឱ្យ​លោក​វ រ​សេនី​ឯក ជូ​ស៊ែ​ល ជេ ហ្សូ​នី​ហ្គា (Josel J. Zuniga ) ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា បន្ទាប់ពី​រូបលោក​បានបញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា។

​ក្នុងជំនួប​នា​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ ២០២០ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​រាជធានី​ភ្នំពេញ នាឱកាស​នោះ លោក​វរ​សេនី យ៍​ឯក Josel J. Zuniga ក្នុងនាម​ក្រសួងការពារជាតិ និង​បញ្ជាការដ្ឋាន​កងទ័ព​ហ្វីលីពីន បាន​ជម្រាបជូន​អំពី​កិច្ច​ការដែល​លោក​សម្រេចបាន​ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា​កន្លងមក និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​កន្លងមក​បានផ្តល់​នូវ​ការគាំទ្រ​ដល់​រូបលោក និង​សហការី​ក្នុងការ​បំពេញបេសកកម្ម​ទទួលបាន​ជោគជ័យ​នៅ​កម្ពុជា​។

លោក ប្រាក់ សុ​វណ្ណា ក្នុងនាម​ជំនួសមុខ​ជូន ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​លោក​វរសេនីយ៍ឯក Josel J. Zuniga និង​សហការី​នៅ​កម្ពុជា ដែល​បានធ្វើឱ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ហ្វីលីពីន មាន​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់ ជាពិសេស​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ប្រតិភូ​កងទ័ព​រវាង​ប្រទេស​ទាំងពីរ ដែល​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់​។

នៅ​ចុងបញ្ចប់​នៃ​ជំនួប​សម្តែង​ការគួរ​សមនេះ ភាគី​ទាំងពីរ​ក៏បាន​ជូន​គ្នា​ទៅវិញទៅមក​នូវ​វត្ថុ​អនុស្សាវរីយ៍ ក្នុង​ស្មារតី​រីករាយ និង​ស្និទ្ធស្នាល​យ៉ាង​ក្រៃលែង​៕
កោះ​កែវ

  x 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114