មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ណែនាំ​អោយ​មន្ត្រី​បង្កើន​អនាម័យ​ផ្ទាល់ខ្លួន ដើម្បី​ទប់ស្កាត់​ការឆ្លង​កូវីដ-១៩

​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​ថ្មីៗ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​រ័ត្ន ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​តែងតែ​អនុវត្ត​ភារកិច្ច​យាមកាម​ល្បាត​ការពារ​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​នោះ ត្រូវតែ​ធ្វើ​អនាម័យ​ផ្ទាល់ខ្លួន​ជានិច្ច​ គឺ​រស់នៅ​ស្អាត ហូបចុក​ស្អាត​និង​មាន​កន្លែងធ្វើការ​ស្អាត​ផង​ដែរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង មេរោគ​កូវីដ-១៩​ដែល​កំពុង​រាតត្បាត​ពេញ​ប្រទេស​និង​ពិភពលោក​នោះ​តែម្ដង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​បាន​បញ្ជាក់​ថា ចំពោះ​មន្ត្រី​អាវុធ​ដែល​បម្រើ​ការងារ​នៅ​គ្រប់​បណ្តា​ខណ្ឌ​ និង​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី ទាំងអស់​បើ​មាន​ជំងឺ​ផ្សេងៗ​គួរ​ឲ្យ​សង្ស័យ​ពិសេស​ជំងឺកូវីដ-១៩ នោះ​គឺ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ព្យាបាល​រដ្ឋ​ធំៗ​បន្ទាន់​ដើម្បី​ឲ្យ​គ្រូពេទ្យ​ឯកទេស​តាមដាន​បន្ត​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​បាន​បញ្ជាក់​ទៀត​ថា ការរស់នៅ​ស្អាត ការ​ហូប​ចុក​ស្អាត ទីកន្លែង​ធ្វើការ​ស្អាត និង​កន្លែង​ស្នាក់នៅ​ស្អាត​វា​នឹង​ឈ្នះ​នូវ​អ្វីៗ​ទាំងអស់​ពិសេស​ឈ្នះ​នៅ​មេរោគ​កូវីដ-១៩ នេះ​តែម្តង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូរ​រួមគ្នា​
​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​កូវីដ-១៩ ដោយ​ត្រូវ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​ប្រភព​ព័ត៌មាន​របស់​មន្ត្រីជាន់ខ្ពស់ ​អាវុធហត្ថ​រាជធានី​ដដែល​បាន​ផ្ដល់​នូវ​ដំបូន្មាន​វិធាន​ថែរ​រក្សា​សុខភាព ៧​យ៉ាង​គឺ​ទី​១ ហូប​មាន​ជីវជាតិ​គ្រប់គ្រាន់​និង​ទៀងទាត់ ទី​២ សម្រាក​គ្រប់គ្រាន់​និង​ទៀងទាត់​ ទី​៣ ហ្វឹកហាត់​កីឡា​និង​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​ ទី​៤​ធ្វើ​អនាម័យ​សម្អាត​រាងកាយ សំលៀកបំពាក់​និង​ផ្ទះ​សម្បែង អង្គភាព មធ្យោបាយ​ធ្វើ​ដំណើរ​ឧបករណ៍ ប្រើប្រាស់ ប្រចាំថ្ងៃ​។ សម្រាប់​បង្ការ វីរុស កូវីដ-១៩ ត្រូវ​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​ ហើយ​ត្រូវ​ស្តាប់​និង​ធ្វើតាម​ការ​ណែ​នាំ​របស់​ក្រសួងសុខាភិបាល​តែមួយ​ប៉ុណ្ណោះ​។ ហាម​ទិញ​ថ្នាំ​ឬ​ឧបករណ៍​មក​លក់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​សុខា​ភ​បាល​ ទី​៥ ត្រូវ​មាន​ស្មារតី​រឹងមាំ​មិន​តក់ស្លុត ហើយ​ត្រូវ​បង្កើត​អារម្មណ៍​រីករាយ​សប្បាយ​ក្នុង​ចិត្ត​ហើយ​ត្រូវ​ដឹង​ថា មនុស្ស​យើង​ត្រូវ​យក​ឈ្នះ​លើ វី​រុសកូវីដ-១៩ នោះ​ជានិច្ច​ ទី​៦ បើ​សង្ស័យ​ថា ខ្លួន​មាន​អាការៈ​មិន​ស្រួល អាច​នឹង​ឆ្លង​មេរោគ​វី​រុស​កូវីដ-១៩នោះ​ហើយ​ ត្រូវ​ប្រញាប់ប្រញាល់​ ទៅ​ពិនិត្យ​នៅ​មណ្ឌល​សុខភាព​ឬ មន្ទីរពេទ្យ​ឲ្យ​វេជ្ជបណ្ឌិត​ពិនិត្យ​ជាបន្ទាន់​ ទី​៧​បើ​ការពិនិត្យ​របស់​គ្រូពេទ្យ​ឯកទេស​រក​ឃើញ​ថា យើង​មាន​ផ្ទុក​វី​រុស​កូវីដ-១៩ នោះ​ហើយ​ត្រូវ​តែ​ទៅ ​សម្រាក​ព្យាបាល​តាម​ការ​ការកំណត់​របស់​គ្រូពេទ្យ​ជ​ដាច់ខាត​។

​ជាមួយគ្នានេះដែរ​ កម្លាំង​អាវុធ​ត្រូវ​បន្ត​ធ្វើ​អនាម័យ​និង​សំអាត​បរិស្ថាន​ក្នុង​អង្គភាព​បញ្ចៀស​ជំងឺ​កូវីដ-១៩ ​ក្រៅពី​ការ​ពង្រឹង​សន្តិសុខ​មុន​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ២០២០​ដោយ​ចេញ​ល្បាត​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ ដើម្បី​បង្ក​ភាព​កក់​ក្ដៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រីករាយ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ដែល​នឹង​មកដល់​ពេល​ឆាប់ៗ​ខាងមុខនេះ​៕

 

អត្ថបទ៖ វិមាន​