ម៉ិ​ក​ស៊ិ​ក​ តាម​ប្រមាញ់​ក្រុម​ខ្មាន់កាំភ្លើង​គ្រឿងញៀន​ បន្ទាប់ពី​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស​២២​នាក់

កាលពី​ថ្ងៃ​ចន្ទ កងកម្លាំង​ម៉ិ​ក​ស៊ិ​កបាន​តាម​ប្រមាញ់​មេបញ្ជាការ​ក្រុម​ថ្នាំញៀន​មួយ​ដែល​នៅ​ពីក្រោយ​ការបាញ់ប្រហារ​បង្ហូរឈាម​ក្នុង​ទីក្រុង​មួយ​ក្បែរ​ព្រំដែន​សហរដ្ឋអាមេរិក​ដែល​បណ្តាល​ឲ្យ​អ្នកស្រុក​៦​នាក់​និង​ខ្មាន់កាំភ្លើង​១៦​នាក់​ស្លាប់​ហើយ​នេះ​គឺជា​ភាពអាម៉ាស់​ផ្នែក​សន្តិសុខ​ចុងក្រោយ​បំផុត​សម្រាប់​លោក​ប្រធានាធិបតី Andres Manuel Lopez Obrador​។​

ខ្មាន់កាំភ្លើង​យ៉ាងតិច​៦០​នាក់​បានធ្វើ​សកម្មភាព​ភេរវកម្ម​ក្នុង​ទីក្រុង​ភាគ​ខាងជើង Villa Union កាលពី​ចុង​សប្តាហ៍​ដោយបាន​ជិះ​រថយន្ត​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​និង​បាន​បាញ់រះ​ទៅលើផ្ទះ​រាប់សិប​ខ្នង​មុនពេល​វាយប្រហារ​លើ​សាលាក្រុង​ដោយ​ចាប់​ចំណាប់ខ្មាំង​ចំនួន​៧​នាក់​នៅតាម​ដងផ្លូវ​រួមទាំង​អនីតិជន​៥​នាក់​ផងដែរ​។​

ក្រុមមន្ត្រី​បាន​ឆ្លើយតប​ដោយ​ការដាក់​ពង្រាយ​កងទ័ព​, ឆ្មាំ​ជាតិ​និង​ប៉ូលិស​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​សមរភូមិ​បាញ់ប្រហារ​គ្នា​កើតឡើង​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ដែល​បណ្តាល​ឲ្យ​មនុស្ស​២២​នាក់​ស្លាប់​។ ក្នុងចំណោម​អ្នកស្លាប់​រួមមាន​បុគ្គលិក​ក្រុង​ដែល​ត្រូវ​ចាប់​ជម្រិត​ពីរ​នាក់ ប៉ូលិស​រដ្ឋ​៤​នាក់​និង​ខ្មាន់កាំភ្លើង​១៦​នាក់​។ នេះ​បើ​យោងតាម​អជ្ញាធរ​ក្នុង​រដ្ឋ Coahuila ដែលជា​រដ្ឋ​របស់​ទីក្រុង Villa Union​។​

សាក្សី​បាន​និយាយថា ខ្មាន់កាំភ្លើង​បាន​ពាក់​ស្លាក​សញ្ញា Northeast Cartel ដែលជា​បក្សពួក​បំបែក​ខ្លួន​ចេញពី​ក្រុម Zetas ដែលជា​ក្រុម​គ្រឿងញៀន​មួយ​ត្រូវបាន​បង្កើតឡើង​ដោយ​បញ្ជាការ​កងទ័ព​ពុករ​លួ​យ​នៅ​រដ្ឋ​ភាគ​ខាងជើង Tamaulipas ក្នុង​ឆ្នាំ​២០១០​។​

យោងតាម​អភិបាលក្រុង លោក Miguel Angel Riquelme បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ចំនួន​ពីរ​នាក់​។ ខ្មាន់កាំភ្លើង​បាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ថា គោលបំណង​របស់​ក្រុម​នេះ​គឺ​ចូលទៅក្នុង​និង​វាយប្រហារ​ទីក្រុង Villa Union ដើម្បី​បំភិតបំភ័យ​រដ្ឋាភិបាល​រដ្ឋ​។

ស្របពេល​ជាមួយគ្នា​នោះ លោក Riquelme បាន​កោតសរសើរ​ចំពោះ​ភាពក្លាហាន​របស់​ប៉ូលិស​ចំនួន​១៥​នាក់​ដែល​បាន​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​ដំបូង​ដែល​លោក​បាន​និយាយថា អាច​ទប់ស្កាត់​ក្រុម​ខ្មាន់កាំភ្លើង​បើទោះបីជា​ពួកគេ​មាន​ចំនួន​ច្រើន​ក៏ដោយ​។​

ទីភ្នាក់ងារ​ឆ្លើយតប​គ្រាអាសន្ន​របស់​រដ្ឋ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​កងកម្លាំង​សន្តិសុខ​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ដី​និង​អាកាស​នៅ​ទូទាំង​តំបន់​ដើម្បី​ធានាថា អ្នក​វាយប្រហារ​ដ៏​កំសាក​នេះ​មិនអាច​រត់គេចខ្លួន​ដោយ​គ្មាន​ទោស​បានឡើយ​”៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114