ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ិ​ក​ស៊ិ​ក​ ស៊ើបអង្កេត​ក្រុម​គ្រឿងញៀន “La Linea” ក្នុងករណី​ឃាតកម្ម​សហគមន៍ Mormon

កាលពី​ថ្ងៃ​ពុធ ប្រទេស​ម៉ិកស៊ិក បាន​ចោទប្រកាន់ថា ក្រុម​ជួញដូរ​គ្រឿងញៀន “La Linea” បាន​សម្លាប់​រង្គាល​លើ​ស្ត្រី​ និង​កុមារ​ នៃ​សហគមន៍ Mormon ចំនួន​៩​នាក់ ​នៅក្នុង​ករណី​មួយ​ដែល​ត្រូវ​បាន​គេ​និយាយថា ​ជាការ​វាយប្រហារ​ខុស​មនុស្ស​ ប៉ុន្តែ​សាច់ញាតិ ​នៃ​ជនរងគ្រោះ​បាន​អះអាងថា មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ​ត្រូវបាន​គេ​កំណត់​គោលដៅ​ដោយ​ចេតនា​។​

ស្ត្រី​៣​នាក់ ​និង​កុមារ​៦​នាក់​ ដែលមាន​សញ្ជាតិ​២ (​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​) ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង​កាលពី​ថ្ងៃ​ចន្ទ​ ខណៈ​ពួកគេ​កំពុង​បើកបរ​នៅ​ចន្លោះ​រដ្ឋ Sonora និង Chihuahua ដែលមាន​ព្រំ​ដែន​ជាប់​សហរដ្ឋអាមេរិក​។​

កុមារ​ចំនួន​៨​នាក់​ផ្សេងទៀត​អាច​រត់គេចខ្លួន​បាន ​ប៉ុន្តែ​ក្នុងនោះ​មាន​៦​នាក់​ត្រូវរបួស​។ ករណីនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រំដែន​ទាំងសងខាង​ ហើយ​បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​អាមេរិក ​លោក Donald Trump ប្រកាស “​សង្គ្រាម​” លើ​ក្រុម​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​។​

ប្រធាន​សេនាធិការ​ចម្រុះ​ នៃ​កង​យោធា​ម៉ិ​ក​ស៊ិ​ក លោក Homero Mendoza បាន​និយាយថា ឥឡូវនេះ​អាជ្ញាធរ​ជឿជាក់ថា ការ​សម្លាប់​រង្គាល​នេះ ​គឺជា​ស្នាដៃ​របស់​ក្រុម La Linea (The Line) ដែល​ជា​ក្រុម​ជួញ​ដូរ​គ្រឿងញៀន​មាន​មូលដ្ឋាន​នៅ​រដ្ឋ Chihuahua​។​

លោក​បាន​និយាយថា ការស៊ើបអង្កេត​បានបង្ហាញ​ថា ក្រុម​នេះ​បាន​បញ្ជូន​បក្សពួក​ទៅកាន់​តំបន់ភ្នំ​ដែល​គ្មាន​ច្បាប់​ដើម្បី​រារាំង​ការ​លុកលុយ​របស់​ក្រុម​ក្មេង​ទំនើង​ជា​គូប្រជែង ​ឈ្មោះ Los Salazar ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Sonora បន្ទាប់ពី​មានការ​ប៉ះទង្គិច​រវាង​ក្រុម​ទាំងពីរ​នាពេល​ថ្មីៗ​នេះ​។​

ប៉ុន្តែ​សាច់ញាតិ​ជនរងគ្រោះ​បាន​ច្រានចោល​ករណី ​នៃ​ការកំណត់​អត្តសញ្ញាណ​ខុស​ដោយ​និយាយ​ថា ពួកគេ​ជឿថា ក្រុមគ្រួសារ​របស់​ពួកគេ​ត្រូវបាន​គេ​កំណត់​គោលដៅ​ដោយ​ចេតនា​។​

សមាជិកគ្រួសារ​ លោក Lafe Langford Jr បាន​ប្រាប់ AFP ថា “​ខ្ញុំ​ត្រូវតែ​បញ្ជាក់ថា គ្មាន​ក្រុម​គ្រឿង​ញៀន​ពីរ​ទេ ​ហើយ​គ្មាន​ការបាញ់​តបត​គ្នា​ដែល​ក្រុមគ្រួសារ​របស់ខ្ញុំ​ត្រូវ​ជួបប្រទះ​ដែរ​។ វា​ជា​ករណី​ឃាតកម្ម ការសម្លាប់​រង្គាល​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​គ្រឿងញៀន​តែមួយគត់​មកពី​រដ្ឋ Chihuahua”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114