BREAKING NEWS
Search

ម៉ូតូ​ចោរ​ដើរ​ទាក់​ឆ្កែ​បុក​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

ភ្នំពេញ​ ៖​ ​ស្ត្រី​ចំណាស់​ម្នាក់​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ខណៈ​ដឹក​ដល់​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ដើរ​ឆ្លង​ផ្លូវ​ ត្រូវ​បាន​ម៉ូតូ​ក្រុម​ចោរ​មាន​គ្នា​២​នាក់ ដែល​ដើរ​ទាក់​ឆ្កែ​ប្រជាពលរដ្ឋ​នៅ​ពេល​យប់ ​បើក​លឿន​ដូច​ហោះ​បុក​ផ្លោង​ទៅមុខ​ជាង​១០​ម៉ែត្រ​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ទៀបភ្លឺ​ ថ្ងៃទី​១៨ ​ខែ​មេសា​ ឆ្នាំ​២០១៧​ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​១៧០ ​ក្រុមទី​២​ ភូមិ​ខ​(១) ​សង្កាត់​ច្រាំង​ចម្រេះ​ទី​២ ​ខណ្ឌ​ឬ​ស្សី​កេវ​។​

ជនរងគ្រោះ​ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ជិន សុខ​ជា ​ភេទ​ស្រី​ អាយុ​៦២​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ​មាន​ទីលំនៅ​ភូមិ​ផ្សារ​ក្រោម​ ឃុំ​ចុង​កោះ ​ក្រុង​កំពង់ឆ្នាំង​ ខេត្ត​កំពង់ឆ្នាំង។ ចំណែក​ឯ​អ្នកបើកបរ​ម៉ូតូ​បង្ក​ឈ្មោះ ​កែវ ​រ៉ានី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​ភូមិ​សាមគ្គី​ សង្កាត់ឫស្សីកែវ ​ខណ្ឌ​ឫស្សី​កែវ​ រីឯ​បក្ខ​ពួកគេ​ម្នាក់ទៀត ដែល​ជិះ​ក្រោយ​រត់​គេច​ខ្លួន​បាត់​នោះ​ មានឈ្មោះ​ ឌី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ​ អ្នក​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ យ៉ាម៉ាហា​ ពណ៌​ខ្មៅ​លាយ​ក្រហម ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1CC-56658​។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ដើរ​ឆ្លង​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ​ខណៈ​ពេល​ដើរ​ឆ្លង​ផ្លូវ​ជិត​ផុត​ហើយ ​ស្រាប់​តែ​មាន​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​២​នាក់ ​ដឹក​សត្វ​ឆ្កែ​ងាប់​មួយ​បាវ​ពេញ​ ដាក់​លើ​ទូក​ម៉ូតូ​បើកបរ​តាមផ្លូវ​ជាតិ​លេខ​៥ ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​ដូច​ហោះ ​លុះ​មកដល់​ចំណុច​កើតហេតុ​ បាន​បុក​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​ផ្លោង​ទៅមុខ​ជាង​១០​ម៉ែត្រ ​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​សា​ម៉ុ​យ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​(​កេតុមាលា​)​ហៅ​មន្ទីរពេទ្យធំ​ តែ​អកុសល ​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក​ ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ ខណៈ​ពេល​​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​។​

ក្រោយ​កើតហេតុ​ភ្លាមៗ​នោះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​អ្នកបើកបរ​ម៉ូតូ​បង្ក​​ម្នាក់ ​ចំណែក​ឯ​បក្ខពួក​គេ​ម្នាក់ទៀត​រត់​គេចខ្លួន​បាត់។ ជនសង្ស័យ​ ដែល​ត្រូវ​ឃាត់​ខ្លួន​បាន​នោះ ​សារភាព​ថា​ សត្វ​ឆ្កែ​ពួកគេ​ដឹក​នោះ​ គឺ​គេ​ដឹក​ចេញ​មកពី​ព្រែក​ក្តាម​ យក​មក​លក់​ឲ្យ​ម៉ូយ​នៅ​ភូមិ​សាមគ្គី​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ ជា​រាងរាល់​ថ្ងៃ​ តែ​ថ្ងៃនេះ​មិនទាន់​ដឹក​ដល់​កន្លែង​លក់​ផង​ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​ និង​នាំខ្លួន​អ្នកបើកបរ​ម៉ូតូ​បង្ក​ និង​ម៉ូតូ​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ​រាជធានី​ភ្នំពេញ​ រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​។​ រីឯ​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ត​ម្ក​ល់​នៅ វត្ត​សា​វ័​ន្ត​ ហៅ​វត្ត​ទួល​ ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114