BREAKING NEWS
Search

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួស​ធ្ងន់ និង​ស្រាល​

​ប៉ៃលិន ​៖ យ៉ាងហោចណាស់​មនុស្ស​៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​បុក​ម៉ូតូ ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​១៨​នាទី​យប់ ថ្ងៃ​សុក្រ ០៣​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩ ស្ថិត ក្នុង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។​

តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​តាម​ប្រជាពលរដ្ឋ​ប្រាប់ថា ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​Zoomer ពណ៌​ខៀវ​លាយ​លឿង ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-1480 បើក​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​ ក៏មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ម៉ាក Wave ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០៧ គ្មាន​ស្លាក​លេខ បើក​ពី​ជើង​ទៅ​ត្បូង ដោយ​បញ្ច្រាស​ទិស​គ្នា​រួច​បត់​ឆ្វេង ទៅបុក​ម៉ូតូ​ម៉ាក​Zoomer ពណ៌​ខៀវ​លាយ​លឿង ពេញ​ទំហឹង បណ្តាល​ឲ្យ​រងរបួស​ទាំងសងខាង។

​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ជនរងគ្រោះ ​ឈ្មោះ ដែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រងរបួស​បាក់​ភ្លៅ​ខាងស្ដាំ ដោយ​បើក​ម៉ូតូ​ម៉ាក​Zoomer ពណ៌​ខៀវ​លាយ​លឿង ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-1480 ចំណែក​ជន​បង្ក​ឈ្មោះ ឈៀក ភេទ​ប្រុស អាយុ​២២​ឆ្នាំ របួសស្រាល ដោយ​ជិះ​ម៉ូតូ​ម៉ាក Wave ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០៧ គ្មាន​ស្លាក​លេខ ដោយមាន​អ្នករួមដំណើរ​២​នាក់ ​ឈ្មោះ លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ របួសស្រាល និង​ឈ្មោះ ឆេន ភេទ​ប្រុស អាយុ​២១​ឆ្នាំ របួសស្រាល ទាំងបី​នាក់​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​បន្តទៀត​ថា​ ករណី​ខាងលើនេះ ​បណ្ដាល​ពី​កត្តា​មនុស្ស​បើកបរ​ហួស​ល្បឿន​កំណត់ និង​បត់​ឆ្វេង​ស្ដាំ​ខ្វះ​ការប្រុងប្រយ័ត្ន​។

បច្ចុប្បន្ន​ ជនរងគ្រោះ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន រីឯ​វត្ថុតាង​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114