ម៉ូតូ​ពីរគ្រឿង​បុក​គ្នា​ពេញ​ទំហឹង ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ទាំង​២​នាក់

​កណ្ដាល​ ៖ បុរស​២​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ពេញ​មួយ​ទំហឹង​ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤ និង ៥០​នាទី ត្រង់​ចំណុច​ខាង​មុខ​ផ្ទះ​សំណាក់​មហាលាភ លើ​ផ្លូវ​លេខ​២០១ ស្ថិត​ក្នុង​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ស្លាប់​មាន​គ្នា​២​នាក់ ទី​១​ឈ្មោះ ស្រ៊ា​ន ស្រ៊ីម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ដុល ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្ត​កណ្ដាល ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY-4689 និង​ទី​២​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​HONDA SCOOPY ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល​1S-5766។​

​ប្រភព​ដដែល​បន្ដ​ថា នៅ​មុន​ពេល​កើតហេតុ សាក្សី​បាន​ឃើញ​ជនរងគ្រោះ​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក HONDA DREAM ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ល្បឿន​លឿន លុះ​មកដល់​ចំណុច​កើត​ហេតុ​ក៏បាន​បុក​ម៉ូតូ​ម៉ាក HONDA SCOOPY​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ទាំង​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​តែម្ដង។ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង​តាខ្មៅ បាន​ចុះ​មក​ធ្វើការ​ពិនិត្យ​វាស់វែង រួច​កសាង​ឯកសារ​ដកហូត​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។ ចំណែក​សាកសព ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ករណី​នេះ គឺ​បណ្ដាលមកពី​អ្នក​បើក​ម៉ូតូ​ម៉ាក​HONDA DREAM បើក​ចូល​ចំណែក​ផ្លូវ​ម៉ូតូ​HONDA SCOOPY ។ ចំណែក​ម៉ូតូ​HONDA SCOOPY បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន៕
អត្ថបទ៖ មុនី
សូមចុចអាន៖ ចាប់ខ្លួន​ជន​ជាប់​ចោទ​ម្នាក់ ​ក្នុង​បទ​ហិង្សា​ដោយ​ចេតនា