ម៉ូតូ​២​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ​បណ្ដាល​ឲ្យ​ស្លាប់ មនុស្ស​ម្នាក់ និង​របួស​២​នាក់​ក្នុង​ក្រុង​សិរីសោភ័ណ​

បន្ទាយមានជ័យ ៖ ម៉ូតូ​ម៉ាក​ផ្សេងគ្នា​២​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ​បណ្ដាល​ឲ្យ​ស្លាប់មនុស្ស​ម្នាក់ និង​របួស​២​នាក់ ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​៧​មករា ស្ថិត​ក្នុង​ភូមិ​ដី​ឡូ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។​

នគរបាល​ចរាចរណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​នោះ ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា MSX គ្មាន​ស្លាក​លេខ បើក​ដោយ​ឈ្មោះ​ សុខ ផា​រ័ត្ន​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បើក​ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច មាន​អ្នក​រួម​ដំណើរ​ឈ្មោះ ​រិ​ទ្ធ សុ​ផៃ​ ភេទ​ស្រី ​អាយុ​២២​ឆ្នាំ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ខាងលិច​រោងចក្រ កាត់ដេរ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ដី​ឡូ​តិ៍ សង្កាត់​ទឹកថ្លា មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​សេរី​២០១៩ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1S-5132 បើក​ដោយ​ឈ្មោះ​ ហាប់ ផាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​បើក​មកដល់​កន្លែង​កើត​ហេតុ​បាន​បើក​ប្តូរ​ទិស​ទៅ​ខាង​កើត​វិញ ស្រប​ពេល​នោះ​ម៉ូតូ MSX បាន​បុក​ចំហៀង​ពេញ​ចំ​ខាងឆ្វេង​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្ដាល​ឲ្យ​ដួល​អ្នក​បើក​ម៉ូតូ​ទ្រី​មរ​ង​របួស​ធ្ងន់ ក្រោយមក​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា MSX និង​អ្នក​រួមដំណើរ​រង​របួស​ស្រាល។

នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ មូលហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់​នេះ ​មកពី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ប្តូរ​ទិស​មិនបាន​ប្រុងប្រយ័ត្ន ទើប​មាន​គ្រោះថ្នាក់​ចរាចរណ៍​។ ​ម៉ូតូ​ទាំង ២​គ្រឿង​នេះ​នគរបាល​ចរាចរណ៍​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ចំណែក​សព​ជនរងគ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

អត្ថបទ៖ ​គង្គា​