ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស ​របួសធ្ងន់​​​ស្រាល​៥​នាក់​

កណ្ដាល ​៖ ​មនុស្ស​២​នាក់​ បាន​រង​របួស​ធ្ងន់​ និង​៣​នាក់​ផ្សេងទៀត ​រង​របួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​១៧​និង​១៥​នាទី​ ថ្ងៃ​ទី​០៥​ ខែ​មករា​ ឆ្នាំ​២០១៧ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​28-29​ស្ថិតនៅ​ភូមិ​ខ្សំ​. ឃុំ​បន្ទាយដែក​.​ស្រុក​កៀនស្វាយ​. ខេត្តកណ្តាល។

នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ទី​១.​ឈ្មោះ​ចាម​.​ថា​រះ ​ភេទ​ ប្រុស ​អាយុ​17​ឆ្នាំ ​(​ខ្មែរ​)​រង​របួស​បាក់​ជើង​ខាងឆ្វេង ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​125​ ពណ៌​ខ្មៅ​ ស៊េរី​2008​ពាក់​ស្លាក​លេខ​1AC.2343 ភ្នំពេញ បើកបរ​ក្នុង​ទិស​ដៅ ពី​អ្នក​លឿង​ទៅ​ភ្នំពេញ។ ទី​២. ឈ្មោះ​លីន​ ភេទ​ប្រុស ជនជាតិ​ខ្មែរ​ ជា​អ្នករួមដំណើរ​ពីក្រោយ រង​របួស​ស្រាល។ អ្នក​ទាំងពីរ​​ ​មាន​ទី​លំ​នៅ​ភូមិ​កណ្តាល​.​ឃុំ បន្ទាយដែក​. ស្រុក​កៀនស្វាយ ​.​ខេត្ត​កណ្តាល។ ភាគី​ម្ខាង​ទៀត ទី​១.​ឈ្មោះ វី​. រះ​បុត្រ​ ភេទ​ប្រុស ​អាយុ​19​ឆ្នាំ ​(​ខ្មែរ​)​រង​របួស​បាក់ជើង​ និង​បែក​ប្រអប់ជើង​ខាង​ស្កាំ​ និង​បាក់​ដៃ​ខាង​ស្តាំ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​ឡេ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​1DD.4762 ​​បើកបរ​ក្នុង​ទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នកលឿង ទី​២.​ឈ្មោះ ឌុ​ក រតនា ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​(​ខ្មែរ​) ជា​ ​អ្នក​រួម​ដំណើរ​ពី​ក្រោយ រង​របួស​ស្រាល និង​ទី​៣.ឈ្មោះ​ជន​ .​វិច្ឆិកា​ ភេទ​ប្រុស ​អាយុ​១៩ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ដំណើរ​ពីក្រោយ ​រង​របួសស្រាល។ អ្នក​ទាំង​បី​មាន​ទីលំនៅ​ ឃុំ​បន្ទាយដែក ​.​ស្រុក​កៀនស្វាយ .​ខេត្តកណ្តាល។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅមុន​កើតហេតុ ​គេ​ឃើញ​ភាគី​ខាង​ម៉ូតូ​ស៊ុយ​.​ស៊ូ​គី​ ជិះ​​​គ្នា​៣​នាក់​ ​​​ក្នុង​ល្បឿន​យ៉ាង​លឿន ​ក្នុង​ទិសដៅ​ភ្នំពេញ​ទៅ​អ្នក​លឿង លុះ​មកដល់​ចំណុច​កើតហេតុ ​ក៏បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅខាងមុខ ក្នុង​ទិសដៅ​ស្របគ្នា​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ភាគី​ ដែល​​​​​ជិះ​​គ្នា​២​នាក់​ក្នុង​ទិសដៅ​បញ្ច្រាស​ពេញទំហឹង បណ្តាល​ឲ្យ​ភាគី​ទាំងសងខាង​រង​របួស​ដូចៗ​គ្នា​។​

ក្រោយ​កើតហេតុ ជនរងគ្រោះ ​ត្រូវ​បាន​បងប្អូន​នាំ​យក​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ។ ចំណែក​ម៉ូតូ​ទាំង២​គ្រឿង​ ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ស្រុក​កៀន​ស្វាយ​ប្រមូល​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​រង់ចាំ​ភាគី​ទាំងសងខាង​ចូល​មក​ដោះស្រាយ​តាមច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114