ម្ចាស់​ជើងឯក Wimbledon កីឡាការិនី Halep ជាសះស្បើយ​ពីរ​បួស​ជើង​

អតីត​កីឡាការិនី​លេខ​មួយ​ពិភពលោក​បាន​និយាយថា កីឡាការិនី Simona Halep ដែលជា​ម្ចាស់​ជើងឯក Wimbledon កំពុង​ជាសះស្បើយ​ពីរ​បួស​ជើង​ដែល​នាង​បាន​ទទួលរង​កាលពី​ខែកុម្ភៈ ហើយ​នាង​អាច​រត់​ដោយ​គ្មាន​ការឈឺចាប់។

កីឡាការិនី​ជនជាតិ​រ៉ូ​ម៉ា​នី​រូប​នេះ​បាន​ឈ្នះ​នៅ​ទីក្រុង​ឌូ​បៃ ប៉ុន្តែ​ការ​រង​របួស​បាន​បង្ខំ​ឲ្យ​នាង​ដកខ្លួន​ចេញពី​កម្មវិធី Indian Wells ដែល​ក្រោយមក​ត្រូវបាន​លុបចោល​វិញ​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 និង​ជំរុញ​ឲ្យ​ប្រទេស​នានា​បិទ​ព្រំដែន និង​រឹតត្បិត​ការធ្វើដំណើរ។

នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter កីឡាការិនី Halep បាន​និយាយថា “​ជើង​របស់ខ្ញុំ​មើលទៅ​ល្អ ខ្ញុំ​បាន​ចាប់ផ្តើម​រត់​រួចហើយ ហើយ​ខ្ញុំ​មិន​មាន​អារម្មណ៍​ឈឺចាប់​អ្វី​ទាំងអស់​”។

កីឡាការិនី​រូបនេះ​បាន​និយាយ​ថា “​ខ្ញុំ​មិនទាន់​លេង​កីឡា​វាយ​តេ​ន្នី​ស​នៅឡើយ​ទេ ប៉ុន្តែ​អាច​ធ្វើ​ការ​ហ្វឹកហាត់​ច្រើន ហើយ​ផ្តល់​នូវ​ភាព​វិជ្ជមាន​ដ៏​ធំ​មួយ​ដល់​ខ្ញុំ​”។

កីឡា​វាយ​តេ​ន្នី​ស​ក៏ដូចជា​កីឡា​ស្ទើរតែ​ទាំងអស់​ ត្រូវ​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​រោគរាតត្បាត​នេះ​ដោយ​រដូវ​កាល​អាជីព​ត្រូវ​បាន​ផ្អាក​រហូតដល់​យ៉ាងហោចណាស់​ពាក់​កណ្តាល​ខែកក្កដា។

កីឡាការិនី Halep បាន​ផ្តួល​កីឡាការិនី Serena Williams ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon កាលពី​ឆ្នាំមុន ប៉ុន្តែ​នាង​នឹង​មិន​ការពារ​តំណែង​ជើងឯក​របស់​នាង​នៅ​ឆ្នាំ ២០២០ នោះ​ទេ​ ដោយសារតែ​ព្រឹត្តិការណ៍ Grand Slam ត្រូវ​បាន​លុបចោល​ដោយសារតែ​វីរុស​នេះ​ដែល​បាន​ឆ្លង​ដល់​មនុស្ស ១.២៧ លាន​នាក់​នៅ​ទូទាំង​ពិភពលោក និង​ធ្វើ​ឲ្យ​មនុស្ស​ជាង ៧០,០០០ នាក់​ស្លាប់។

កីឡាការិនី​វ័យ ២៨ ឆ្នាំ​រូបនេះ​ដែល​បានឈ្នះ​ពានរង្វាន់ French Open កាលពី​ឆ្នាំ ២០១៨ ដែរ​នោះ​បាន​និយាយ​ថា “​ខ្ញុំ​នឹក​ក្រុម​របស់ខ្ញុំ ខ្ញុំ​នឹក​កីឡាករ ខ្ញុំ​នឹក​ការប្រកួត ។ ខ្ញុំ​នឹក​អ្នក​រាល់គ្នា​ពី​ការប្រកួត ។ ខ្ញុំ​ដឹងថា ​វា​ពិបាក​បន្តិច​សម្រាប់​អ្នក​រាល់គ្នា​នៅក្នុង​រយៈពេល​នេះ​”៕
REUTERS
ជី​វ័​ន្ត

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114