ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​បទ រាត្រី​ដែល​បាន​ជួប​ភក្ត្រ លោកស្រី កែវ សេដ្ឋា ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ ត្រូវការ​ជំនួយ​

ភ្នំពេញ ៖ តារា​ចម្រៀង​ជើងចាស់​ល្បីល្បាញ​នា​ទសវត្សរ៍​៥០​ លោកស្រី កែវ សេដ្ឋា ដែល​ត្រូវបាន​គេ​ស្គាល់​ច្បាស់​តាមរយៈ​ បទ រាត្រី​ដែល​បាន​ជួប​ភក្ត្រ ដែល​បាន​ច្រៀង​ឆ្លងឆ្លើយ​ជាមួយ​អធិរាជ​សំឡេង​មាស​ លោកតា ស៊ិន ស៊ី​សាមុត និង​ជា​ស្នាព្រះហស្ត​របស់​សម្ដេចឪ​នោះ ​ពេលនេះ​ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ជាមួយគ្នា នៃ​ដំណឹង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​របស់​ លោកស្រី កែវ សេដ្ឋា ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​នេះដែរ​ ក៏មាន​ការ​ផ្សព្វផ្សាយ​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ឲ្យ​ចូលរួម​បរិច្ចាគ​ថវិកា​ជួយសង្គ្រោះ​ជីវិត​របស់​តារាចម្រៀង​ជើងចាស់ ​លោកស្រី កែវ សេដ្ឋា ផង​ដែរ ​ខណៈ​គ្រួសារ​របស់​គាត់​ពេលនេះ​កំពុង​ជួប​ការ​ខ្វះខាត​ថវិកា​ព្យាបាល​ជំងឺ​។​

បើតាម​ការបញ្ជាក់​ពី​ លោក សេង តារា បាន​លើកឡើងថា ​អ្នកស្រី កែវ សេដ្ឋា​(​ឈ្មោះ​ ដើម គូ វ៉ាន់​ស៊ីន​)​ ពេលនេះ ​កំពុង​មាន​ជំងឺ​ធ្ងន់​ដោយ​វ័យ​ចាស់​ជរា។​ អ្នកស្រី​ជា​អ្នកចម្រៀង​ជើងចាស់​តាំងពី​សម័យ​បារាំង​ដើម​ទ​-​វ​ ទី​៥០ ​មុន​អ្នកស្រី រស់​សេរី​សុទ្ធា​,​ប៉ែន រ៉​ន , ឈុន​វណ្ណា និង​ អ្នកស្រី ម៉ៅ​សារ៉េត ទៅទៀត ហើយ​ក៏មាន​អ្នកខ្លះ​ស្មានថា អ្នកស្រី​ចែក​ឋាន​តាំងពី​របប​ខ្មែរក្រហម​ម្ល៉េះ ​តែ​ការ​ពិត​ជា​ភ័ព្វ​ល្អ អ្នកស្រី​បាន​រ​ស់​រួច​ផុត​ពី​រប​ប​ប៉ុលពត​មកដល់​សព្វថ្ងៃ។

លោក សេង តារា បន្តទៀតថា ​ក្នុងនោះ​ក៏​ពុំ​សូវ​មាន​អ្នកដឹង​ទេ​ ហើយក៏​ពុំ​សូវ​មាន​អ្នកណា​យកចិត្ត​ទុក​ដាក់ ​ឬ​ឈឺឆ្អាល​ដែរ​។​ នេះហើយ​ជា​ម្ចាស់​បទ រាត្រី​ដែល​បាន​ជួប​ភក្ត្រ ដ៏​ល្បីល្បាញ​ជា​ការ​ច្រៀង​ឆ្លងឆ្លើយ​ជាមួយ ​លោក ស៊ីន ស៊ី​សាមុត ស្នាព្រះហស្ត​របស់​សម្ដេចឪ​។ សូម​មហាជន​ដែល​មាន​លទ្ធភាព​ជួយ​គាត់​ដោយ​ក្តី​សប្បុរស​ផង​ចុះ។ ចំណែក​ឯក​លេខ​ទូរស័ព្ទ​ គឺ​អាច​ទាក់ទង​ទៅ​កូនស្រី​គាត់​តាមរយៈ​ ៖ ០១១ ៧៧ ៨៩ ៨៩ ឬ​ លេខ​លោក សេង តារា ០១២ ៣០៦ ៨៥៣ ,០៩៣ ៩៨៤ ៨ ៣៣។

តាមរយៈ​ដំណឹង​ដែល​ត្រូវបាន​ លោក សេង តារា ប្រកាស​អំពាវនាវ​ប្រាប់​ពី​ស្ថានភាព​ជំងឺ​របស់​តារា​ចម្រៀង​ជើងចាស់ ​លោកស្រី កែវ សេដ្ឋា ខាងលើនេះ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ និង​ទស្សនិកជន​ដែល​ធ្លាប់​ស្គាល់​លោកស្រី​បង្ហាញ​ការ​ព្រួយបារម្ភ​ និង​ផ្ញើ​សារ​ជូន​ពរ​ឲ្យ​ លោកស្រី កែវ សេដ្ឋា ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ និង​បាន​ត្រឡប់​ចេញទៅ​ផ្ទះ​វិញ​ឆាប់ៗ​ផងដែរ​៕

អត្ថបទ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114