ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​ពាន​X Factor Cambodia​ ធ្លាក់​លើ​កូន​ក្រុម​ឱក សុគន្ធ​កញ្ញា គឺ​យុវជន ចាន់ សុ​បញ្ញា

ភ្នំពេញ​ ៖​ ឆ្លង​កាត់​ការ​ប្រឡង​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មក​នោះ ​ទី​បំផុត​ម្ចាស់​ពានរង្វាន់​ប្រឡង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​X Factor Cambodia ត្រូវ​បាន​រក​ឃើញ​ហើយ ​គឺ​ជា​​​បេក្ខជន ​ចាន់ សុ​បញ្ញា ​ដែល​ជា​កូន​ក្រុម​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា។

ជាមួយ​គ្នា​នៃ​ការ​ក្លាយ​ជា​ម្ចាស់​ពាន​កម្មវិធី​ ​​X Factor Cambodia កាលពី​យប់​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​ នេះ​ដែរ ​ក៏​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​ជូន​ដោយ​ផ្ទាល់​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​បេក្ខជន​ចាន់ សុ​បញ្ញា ក្រោម​ការ​ស្រែក​ហ៊ោកញ្ជ្រៀវ សំឡេង​កងរំពង​របស់​ទស្សនិកជន ​ដែល​អបអរសាទរ​ចំពោះ​ម្ចាស់​ពាន​វ័យ​១៤​ឆ្នាំ​រូប​នេះ។

ចំពោះ​ម្ចាស់​ពានរង្វាន់​​​កម្មវិធី X Factor Cambodia បេក្ខជន ចាន់ សុ​បញ្ញា គឺ​ទទួលបាន​នូវ​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល ហើយ​មានឱកាស​ក្លាយ​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស។ ចំណែក​អ្នក ដែល​មិន​ឈ្នះ​ពានរង្វាន់​៣​នាក់​ផ្សេងទៀត​គឺ​លោក ចាន់ កូ​ម៉ែន ,​លោក​គង់ ចំរើន និង សំ សុវណ្ណារ៉ា​ក់ ក៏​ទទួល​បាន​ថវិកា​ចំនួន​៤​លាន​រៀល​ពី​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ផងដែរ។

លើសពីនេះទៅទៀត​ដើម្បី​លើកទឹកចិត្ត​និង​អបអរ​ផង​នោះ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​បេក្ខជន​ទាំង​៤​នាក់ ដោយ​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​៥​លាន​រៀល​បន្ថែម​ទៀត។

សូមបញ្ជាក់ថា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នា​យប់​ថ្ងៃទី​០៣ ខែវិច្ឆិកា​នេះ មាន​២​វិញ្ញាសា​សម្រាប់​ឲ្យ​ទស្សនិកជន​ធ្វើការ​ប្រកួតប្រជែង​គ្នា វិញ្ញាសា​ទី​១​បទ​បែប​មនោសញ្ចេតនា និង​វិញ្ញាសា​ទី​២ បទ​ញាក់​កន្ត្រាក់​អារម្មណ៍។ យ៉ាងណាមិញ​នៅក្រោយ​ពេលដែល​បេក្ខជន​ទាំង​៤​នាក់​ច្រៀង​ចប់​នូវ​វិញ្ញាសា​ទី​១​តម្រូវ​ឲ្យ​ទស្សនិកជន​ផ្ញើ​សារ​បោះឆ្នោត​ម្ដង។ លុះ​ច្រៀង​ចប់​វិញ្ញាសា​ទី​២ ក៏​តម្រូវ​ឲ្យ​បោះឆ្នោត​ម្ដងទៀត ហើយ​សរុប​លទ្ធផល​ទាំង​២​លើក​ឃើញ​ថា​បេក្ខជន ចាន់ សុ​បញ្ញា បាន​ទទួល​សំឡេង​សារ​ច្រើនជាងគេ​ ​​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​X Factor Cambodia​ដោយ​ក្នុង​នោះ​ក៏មាន​ទស្សនិកជន​ជាច្រើន​បាន​គាំទ្រ​លទ្ធផល​នេះ​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114