BREAKING NEWS
Search

ម្ចាស់​ហ្គារ៉ាសសាំងអាចរងពិន័យ​រហូត ៤លានរៀល​ បើមិន​ព្រមអនុវត្តតាមការណែនាំទាំងនេះ

ស្ថានីយប្រេងនិងហ្គាស ដែលមិនបានបិទផ្លាកថ្លៃ និងប្រកាសថ្លៃតាមប្រកាសអន្តរក្រសួង អាចនឹងប្រឈមមុខពិន័យអន្តរការណ៍រហូតដល់៤លានរៀល ឬបិទស្ថានីយបណ្តោះអាសន្ន។

លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តសៀមរាប បានឲ្យដឹង​ថា ផ្អែកទៅលើប្រកាសលេខ១៧២ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការបិទស្លាកថ្លៃលើមុខទំនិញនិងសេវាគ្រប់ប្រភេទ ពាណិជ្ជករ អាជីវករ សេវាករ ទាំងអស់ត្រូវតែបិទស្លាកថ្លៃលើមុខទំនិញនិងសេវារបស់ខ្លួន និង ផ្អែកលើប្រកាសអន្តរក្រសួងលេខ​១៧២ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ស្តីពីការកំណត់រូបមន្តស្តីពីការកែសម្រួលតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ការមិនបានប្រកាសលក់ប្រងឥន្ធនៈតាមរូបមន្តរបស់ប្រកាសអន្តរក្រសួង ក៏ដូចជាការប្រកាសតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ស្ថានីយនិងដេប៉ូត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់រហូតដល់ ៤លានរៀល និងអាចឈានដល់ការបិទស្ថានីយ៍ជាបណ្តុះអាសន្ន ក្នុងករណីដែលមិនរាងចាល ដូច្នេះក្រុមហ៊ុនប្រេងឥន្ធនៈ និងហ្គាសទាំងអស់ ត្រូវលើកប៉ាន់ណូពីតម្លៃលក់រាយនៅមុខស្ថានីយនិងដេប៉ូរបស់ខ្លួនជាប្រាក់រៀល ដែលអាចឲ្យអ្នកប្រើប្រាស់មើលឃើញពីចម្ងាយយ៉ាងតិចជាង២០០ម៉ែត្រដែរ ។

លោក ខៀវ បញ្ញាវឌ្ឍន៍ មានប្រសាសន៍យ៉ាងដូច្នេះក្នុងខណៈពេលដែលក្រុមការងារចុះធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ នូវការបិទស្លាកតម្លៃប្រេងតាមស្ថានីយនិងដេប៉ូប្រេងឥន្ធនៈ នៅស្ថានីយនិងដេប៉ូប្រេងឥន្ធនៈចំនួន៨កន្លែងក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្ត និង គាំទ្រពីរដ្ឋបាលខេត្តសៀមរាប ។

លោក ខៀវ បញ្ញាវឌ្ឍន៍ បានបញ្ជាក់ទៀតថា នៅពេលនេះល្មមដល់ពេលវេលាដែលពាណិជ្ជករ អាជីវករ និងសេវាករ ទាំងអស់មានការយល់ដឹង និងទទួលខុសត្រូវខ្ពស់ចំពោះច្បាប់ការពារអតិថិជន និងចូលរួមការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ និងតម្លាភាពហើយ ព្រោះការពិន័យអន្តរការណ៍ និងការបិទស្ថានីយប្រេងបណ្តោះអាសន្ន គឺជាវិធានការមួយ ដែលមានប្រសិទ្ធភាពបំផុត និងត្រូវចាត់ការជាបន្ទាន់ផងដែរ៕

អត្ថបទ៖ គឿន​វេត​

ចុចអាន៖ អ្នក​បើក​កង់​បី និង​ម៉ូតូ​ធំ​សម្រុក​ទៅ​ធ្វើ​ប័ណ្ណ​បើក​បរ ២​ថ្ងៃ​ក្នុង​សប្ដាហ៍​ចុងក្រោយ ជាង​២៥០០​នាក់