ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ដាយ​ចំណាស់ ខឹង​កូន​ស្ដីបន្ទោស​ឲ្យ​តិចតួច​ ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន

ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ទាន់​ពេលវេលា ​ឲ្យ​រួច​ផុត​ពី​ការ​បាត់បង់​អាយុ​ជីវិត បន្ទាប់​ពី​កូន​ស្តី​បន្ទោស​តិចតួច​ រឿង​ដើរ​ផឹក​ស្រា​ ​​​ហើយ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​ជ្រោយ​ចង្វារ​នោះ។

ហេតុការណ៍​ខាងលើ​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២និង២០នាទី​យប់​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ រីឯ​ស្ត្រី ​ដែល​ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ បាន​ឲ្យដឹង​ថា មុនពេល​កើតហេតុ ​គេ​ឃើញ​ស្ត្រី​វ័យ​ចំណាស់​ខាង​លើនេះ ​កំពុង​ឈរនៅ​នឹង​ចំណុចកើតហេតុ​ ហើយ​បាន​ស្រែក​យំ​រៀបរាប់​នៅ​ក្នុង​ចិត្ត​ដោយ​មិន​ដឹង​ថា​មាន​វិបត្តិ​អ្វី​នោះ​ទេ។

ប្រភព​ដដែល​បានបន្ត​ទៀតថា ​ភ្លាមៗនោះ ​ស្ត្រី​ខាងលើ​ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន​ តែមិនបានសម្រេច​ដោយសារ​តែប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ឃើញ​ទាន់ ​ក៏បាន​ចូលជួយ​ចាប់​ទាន់​ពេល​វេលា។

ក្នុង​នោះ​ដែរ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​សួរនាំ ទើប​ស្ត្រី​ខាង​លើនោះ​ប្រាប់ថា ​គាត់​ចង់​លោតទឹក​សម្លាប់​ខ្លួន​ ដោយសារ​តូចចិត្ត​នឹង​កូន​ស្ដីបន្ទោស​ឲ្យ​រឿង​ដើរ​ផឹក​ស្រា។

ក្រោយ​មក​ប្រជាពលរដ្ឋ​ បាននាំស្ត្រី​ខាងលើនោះ​ មក​ ចុះក្រោម រួចសួរនាំ​បន្តទៀត។ ក្រោយពី​សួរនាំ​រួច​ហើយ ​ស្ត្រីវ័យចំណាស់ខាង​លើនោះ បានបន្ត​ដំណើរទៅមុខទៀតបាត់ដោយ​មិនដឹងថាទៅ​ខាង​ណា​នោះ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114