ម្សិលមិញ​ នៅព្រែក​ឯង គ្រោះថ្នាក់​ចរាចរណ៍មួយ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ភ្នំពេញ: យុវជនម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណះជនរងគ្រោះ​បាន​ជិះម៉ូតូទៅបុករថយន្តពីចំហៀង។ នគរបាលអះអាងថាករណីគ្រោះថ្នាក់នេះ ដោយសារតែរថយន្តបត់មិនមើលក្រោយ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង០៥នាទី នៅថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខ៦៣៦ លើផ្លូវជាតិលេខ១ ភូមិមិត្តភាព ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ករណីគ្រោះថ្នាក់ចរាចរណ៌នេះ​កើតឡើងរវាង រថយន្តម៉ាកHighlander ពណ៌សពាក់ស្លាកលេខភ្នំពេញ២T.៧៦០០និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ១IC.៤៨០៦។

រថយន្តម៉ាក Highlander ដែល​បង្ក​គ្រោះថ្នាក់​នេះ បើកបរដោយឈ្មោះហ៊ុន ចិន្តា ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ៤D ផ្លូវ១៦៨(បូរីលឹមឈាងហាក់)ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ទិសដៅពីលិចទៅកើតរួចបត់ត្រឡប់ក្រោយ(មិនរងរបួស) លុះដល់ត្រង់ចំណុចកើតហេតុខាងលើក៍មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១IC.៤៨០៦បានជ្រុលទៅបុករថយន្តម៉ាកHighlanderនោះចំទ្វារមុខផ្នែកខាងឆ្វេង បើកបរដោយឈ្មោះពៅ ពន្លក ភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មកររត់តុការ ស្នាក់នៅផ្ទះលេខ០២៥ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)ជិះមានគ្នា០២នាក់ អ្នករួមដំណើរពីក្រោយឈ្មោះយ៉ាន់ សីហា ភេទប្រុសអាយុ២០ឆ្នាំមុខរបរបើកបររថយន្ត ស្នាក់នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសីុធរកណ្តាល ខេត្តព្រៃវែង(រងរបួសធ្ងន់)បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ផ្អែកតាមការវាស់វែងពិនិត្យកន្លែងកើតហេតុសន្និដ្ឋាន​ គឺ​ដោយសារ​អ្នកបើកបររថយន្តបើកបត់ត្រឡប់ក្រោយមិនគោរពសិទ្ធយានផ្លូវត្រង់,អ្នកបើកបរម៉ូតូបើកលឿនមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន៕នរា