BREAKING NEWS
Search

យន្ដហោះចម្បាំងរុស្ស៊ីហោះស្ទាក់យន្តហោះស៊ើបការណ៍អាមេរិក២គ្រឿងនៅលើសមុទ្រខ្មៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី Su-27 មួយគ្រឿងត្រូវបានបញ្ជូ​នទៅលើសមុទ្រខ្មៅកាលពីថ្ងៃពុធដើម្បីស្ទាក់យន្តហោះស៊ើបការណ៍អាមេរិកចំនួន២គ្រឿង។

សេវាកម្មផ្សព្វផ្សាយ Zvezda របស់ក្រសួងបានឲ្យដឹងថា “នៅថ្ងៃទី១២ខែសីហា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ីបានរកឃើញគោលដៅអាកាសចំនួន២ដែលកំពុងខិតជិតព្រំដែនរដ្ឋរបស់ប្រទេសរុស្ស៊ីលើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅ”។

សេវាកម្មនេះបាននិយាយថា យន្តហោះចម្បាំង Su-27 នៃអង្គភាពយោធាតំបន់ភាគខាងត្បូងត្រូវបានបញ្ជូនទៅស្ទាក់គោលដៅ។

ប្រភពដដែលបានបន្តទៀតថា អ្នកបើកយន្តហោះចម្បាំងបានកំណត់អត្តសញ្ញាណវត្ថុទាំងនោះគឺជាយន្តហោះឈ្លបយកការណ៍យុទ្ធសាស្រ្តរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក RC-135និងយន្តហោះល្បាតរបស់កងទ័ពជើងទឹកអាមេរិក P-8A Poseidon។

Zvezda និយាយថា បន្ទាប់ពីយន្តហោះអាមេរិកបានហោះចេញពីព្រំដែនរដ្ឋរុស្ស៊ី យន្តហោះរុស្ស៊ីក៏បានវិលត្រឡប់ទៅអាកាសយានដ្ឋានរបស់ខ្លួនវិញដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យន្តហោះចម្បាំងរុស្ស៊ីត្រូវបានបញ្ជូនជាប្រចាំដើម្បីស្ទាក់យន្តហោះឈ្លបយកការណ៍របស់អាមេរិកលើសមុទ្រខ្មៅ៕

ចុចអាន៖ អ្នកបើកយន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់ត្រូវផ្លាស់ប្តូររយៈកម្ពស់ភ្លាមៗដើម្បីបញ្ចៀសការបុកគ្នានៅពេលយន្តហោះចម្បាំងអាមេរិកពីរគ្រឿងហោះកៀកលើដែនអាកាសស៊ីរី

ចុចអាន៖ ចិនបញ្ជូនយន្តហោះទៅជិតតៃវ៉ាន់សឹងរាល់ថ្ងៃដែលទំនងជាការគំរាមប្រើកម្លាំងដើម្បីកាន់កាប់កោះនេះ

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Xinhua