យានដ្ឋាន​កែច្នៃ​រថយន្ត​របស់​លោក ឆាយ ឈាន​ ប្រហែលជា​ត្រូវ​បិទ​បើ​ក្រុមការងារ​ជំនាញ​ចុះ​ពិនិត្យ​ថា​មាន​កំហុស

បន្ទាយមានជ័យ ៖ យានដ្ឋាន​កែច្នៃ​រថយន្ត​របស់លោក ឆាយ ឈាន​ប្រហែលជា​ត្រូវ​បិទ​ហើយ​មើលទៅ​ក្រោយពី​ក្រុម​គណៈកម្មការ​ត្រួតពិនិត្យ ដឹកនាំ​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ជាក់ស្តែង​នៅ​លើ​ទីតាំង​របស់​យានដ្ឋាន​កែច្នៃ​រថយន្ត​លោក ឆាយ ឈាន​ពិនិត្យ​រក​ឃើញ​កំហុស​ឆ្គង​ធ្ងន់​រួចមក លោក គឹម សុវណ្ណ ជា​ប្រធាន​មន្ទីរ​សាធារណការ ថា លោក​នឹងធ្វើ​របាយការណ៍​ស្នើ​បិទ​យានដ្ឋាន​នេះ ព្រោះ មិន​អនុវត្ត​ទៅ​កិច្ចសន្យា​ដែល​បាន​ចុះ​ជាមួយ​មន្ទីរ​កន្លងមក នៅ​ព្រឹក ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​ដឹកនាំ​ដោយ​លោក ប៉ាល់ សុ​មេ​ដា ប្រធានការិយាល័យ​ដឹកជញ្ជូន​ផ្លូវគោក នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​សង្កាត់​អូរ​អំបិល និង​មន្ត្រី​នគរបាល​សណ្តាប់​ធ្លាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។

លោក ប៉ាល់ សុ​មេ​ដា បាន​មានប្រសាសន៍​នៅ​កន្លែង​ពិនិត្យ​ថា ​ទីតាំង​យានដ្ឋាន​ជួសជុល​កែច្នៃ​រថយន្ត​ធុន​ធំ​មួយ​កន្លែង​របស់​លោក ឆាយ ឈាន ស្ថិតនៅ​ខាងត្បូង​ផ្លូវជាតិ​៥ ប្រមាណ​ជា​៥០​ម៉ែត្រ តាម​បណ្តោយ​ចុះ​ផ្លូវ​ក្រុមហ៊ុន​ទឹកស្អាត ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ថា ​យានដ្ឋាន​មួយ​នេះ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ដែល​កែច្នៃ​សង្ស័យ​ខុស​លក្ខណៈ​បច្ចេកទេស​បើក​ចេញពី​ទីតាំង​របស់ខ្លួន​ទៅបុក​បណ្ណាគារ​បន្ទាយស្រី ដែល​នៅ​ទល់មុខ​គ្នា កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០។

លោក ប៉ាល់ សុ​មេ​ដា បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​យោង​តាម​ការចុះពិនិត្យ របស់​គណៈកម្មការ​ខាងលើ យានដ្ឋាន​ខាងលើ​មានច្បាប់​ត្រឹមតែ​ជួសជុល​រថយន្ត​តែប៉ុណ្ណោះ តែ​សកម្មភាព​ជាក់ស្តែង យានដ្ឋាន​នេះ បាន​កែច្នៃ និង​ដំឡើង​រថយន្ត​ធុន​ធំ​ដូចជា រថយន្ត​ដឹកទំនិញ និង​រថយន្ត​បែន​កង់​១០ កង់​១២ ដោយ​កាត់ត កែច្នៃ​សាក់​ស៊ី កែ​ប៉ុង ត​ទ្រុង និង កាត់​ទ្រង់​ជាដើម ដែល​រូបភាព​ទាំងនេះ មើល​មិន​ឃើញ​ថា យានដ្ឋាន​ខាងលើ ជា​យានដ្ឋាន​គ្រាន់តែ​ជួសជុល​ស្រប​ទៅ​តាម​លិខិតអនុញ្ញាត​របស់​មន្ទីរ​សាធារណការ​ឡើយ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ជាមួយនឹង​ការចុះ​ត្រួតពិនិត្យ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ​បាន​រៀបរាប់​ថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែង​មាន​ការភ័យខ្លាច និង​ការ​រំខាន​ពី​ទីតាំង​ខាងលើ​ណាស់ គ្រប់ពេល​លឺ​សូរសម្លេង​រថយន្ត​ធំៗ ម្តងៗ ពួកគាត់​តែង​ចេញពីផ្ទះ​មក​ចាំ​មើល សកម្មភាព​រថយន្ត​ទាំងនោះ ថា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពួកគាត់ ឬ​អត់ ព្រោះ​កន្លងមក​តែងមាន​សកម្មភាព​ប្លែក ដូចជា សុខៗ រថយន្ត​ថយ​ចេញពី​យានដ្ឋាន ដោយ​គ្មាន​តៃកុង​បញ្ជា ធ្វើ​ឲ្យ​ក្រុម​ជាង​រត់​យក​កំណល់​កល់​កង់​ព្រោងព្រាត រថយន្ត​ខ្លះទៀត​ចត​នៅខាងមុខ​យានដ្ឋាន​សុខ ក៏​រអិល​ចុះ​ចំណត​ទៅបុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​បាក់ រថយន្ត​ធំ​ឈប់​ចត​តម្រួត​គ្នា​មុខ​យានដ្ឋាន​បង្ក​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ដល់រ​ថ​យន្ត​ដទៃ និង​តែង​បង្ក​សម្លេង​រំខាន និង​ក្លិន​ឈ្ងៀម តាមរយៈ ការ​ផ្សារ តោន ឆាប​ដែក និង​ការ​បង្ហូរ​ប្រេងម៉ាស៊ីន​ពេញ​ចិញ្ចើម​ផ្លូវ​ជាដើម លោក​ថា កត្តា​ទាំងអស់​ខាងលើ​នេះហើយ ធ្វើ​ឲ្យ​មន្ទីរជំនាញ និង​អាជ្ញាធរ បាន​ចុះ​អប់រំ និង​ធ្វើ​កិច្ចសន្យា ជា​ញឹកញាប់​ដល់​ម្ចាស់​យានដ្ឋាន ដូចជា នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៥ ក្នុង​កិច្ចសន្យា​ស្នើសុំ​លិខិតអនុញ្ញាត​ពី​មន្ទីរ​សាធារណការ ម្ចាស់​យានដ្ឋាន​សន្យា​បំពេញ កិច្ចសន្យា​ចំនួន​៦ ចំណុច​រួមមាន មិន​រំលោភ និង​ប្រើប្រាស់​ចំណី​ផ្លូវ​សម្រាប់​ថ្មើរ​ជើង គោរព​តាមច្បាប់​រដ្ឋ​កំណត់​មិន​ដំឡើង ត​ទ្រុង ថែម​ផ្លូវ​ទំហំ​ខុស​បទដ្ឋាន​បច្ចេកទេស ត្រូវ​ការពារ​បរិស្ថាន ពិសេស​ការ​បង្ហូរ​ប្រេងរំអិល​ចេញ​ក្រៅ មិន​រំខាន​ដល់​ការរស់នៅ​អ្នកជិតខាង ត្រូវ​បំរុង​ទុក​នូវ​ឧបករណ៍​សុវត្ថិភាព​បំពង់​សម្រាប់​ពន្លត់អគ្គីភ័យ បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​នេះ​បាន​១​ឆ្នាំ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ និង​មន្ទីរ​សាធារណៈ បាន​កោះហៅ ម្ចាស់​យានដ្ឋាន​ធ្វើ​កិច្ចសន្យា​ទៅលើ​បញ្ហា​ខាងលើ​ដដែល។ លុះ​ឆ្នាំ​២០១៧ មាន​កិច្ចសន្យា​មួយទៀត ជាមួយ​សមត្ថកិច្ច​ប៉ូលិស​សណ្តាប់​ធ្នាប់ លើ​បញ្ហា​ខាងលើ​ដូចគ្នានេះដែរៗ៕
អែប ពៅ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114