យុវជន​កម្ពុ​ជាជាង​៧០០​នាក់ ​យក​ទិវា​នៃ​ក្តី​ស្រឡាញ់​ ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម​ជួយសង្គ្រោះ​អាយុជីវិត​ដល់​ជនរងគ្រោះ

ភ្នំពេញ​ ៖​ សិស្ស​និស្សិត​និង​យុវជន​កាកបាទក្រហម​កម្ពុជា​ប្រមាណ​ជាង​៧០០​នាក់​ បាន​យក​ទិវា​នៃ​ក្តី​ស្រឡាញ់​ ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម​ជួយ​ ដើម្បី​សង្គ្រោះ​អាយុជីវិត​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។

លោក​វេជ្ជបណ្ឌិត​ សុខ ​ប៉ូ​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ​បាន​ឲ្យដឹង​នៅក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​នៅ​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​ ក្រោម​ប្រធានបទ​«​ផ្តល់​ឈាម​ផ្តល់​ក្តី​ស្រលាញ់​» ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០១៣​ មក​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​តែងតែ​យក​ទិវា​នៃ​ក្តី​ស្រលាញ់​រៀបចំ​ពិធី​បរិច្ចាគ​ឈាម​ជា​រៀង​រហូត​មក ​ដើម្បី​ឲ្យ​យុវវ័យ​មានការ​យល់ដឹង​ពី​សារៈសំខាន់​ នៃ​ការ​ផ្តល់​ឈាម​ពិសេស​ផ្សារភ្ជាប់​នៃ​ទិវា​នេះ​ទៅជា​ទិវា​នៃ​ការ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​នៅក្នុង​សង្គម​និង​បង្កលក្ខណៈ​ឲ្យ​យុវជន​ជ្រើសរើស​ការ​ធ្វើសកម្មភាព​សប្បុរសធម៌​ល្អ​ប្រពៃ​ក្នុងចំណោម​ការងារ​សង្គម​ដ៏​ល្អ​ប្រពៃ​ជាច្រើន​របស់​ខ្មែរ​យើង​គឺ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ដែល​កើត​ចេញ​ពី​ក្រអៅបេះដូង​ប្រកបដោយ​មោទនភាព​ភាព​ថ្លៃថ្នូរ​សាមគ្គីភាព​និង​មនុស្សធម៌​។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀត​ថា ជាង​​នេះ​ទៅ​ទៀត​ការរៀបចំ​ពិធី​បរិច្ចាគ​ឈាម​នេះ​ក៏​ដើម្បី​បង្កើតជា​ទម្លាប់​និង​ប្រែក្លាយ​ទិវា​នៃ​ក្តី​ស្រលាញ់​ទៅជា​វប្បធម៌ ​នៃ​ការចែករំលែក​តាមរយៈ​ការចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ និង​ជំរុញ​លើកកម្ពស់​ឲ្យ​យុវជន​ប្រជាជន​ទូទៅ​ចូលរួម​សកម្មភាព​ជាមួយ​សេវាកម្ម​ជាតិ ​ផ្តល់​ឈាម​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ធានា​ឲ្យ​មានការ​ផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ​ ដែល​កំពុង​ត្រូវការ​ឈាម​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់ ​ដោយ​គ្មាន​ការរើសអើង​មិន​ប្រកាន់​ពូជសាសន៍​ឬ ​សាសនា​។

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ​ បាន​បន្ត​ថា​ ការ​ទទួលបាន​អំណោយ​ឈាម​គ្រប់គ្រាន់​នឹង​អាច​ជួយ​សង្គ្រោះ​ដល់​ជីវិត​អ្នកជំងឺ​បាន​ទាន់​ពេលវេលា​ពិសេស​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ដូចជា​ជំងឺ​ទាក់ទិន​នឹង​ការ​ហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការវះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ការ​ហូរ​ឈាម​មិន​ប្រក្រតី​ នៅមុន​និង​ក្រោយពេល​សម្រាលកូន ជំងឺ​ខ្សោយ​តម្រង់​នោម ការ​ព្យាបាល​ថែទាំ​ជំងឺមហារីក​ពិ​សេស​ ការ​ដូរ​ក្រលៀន​ ដែលជា​សេវាកម្ម​ថ្មី​មួយ​ដែល​ត្រូវការ​ឈាម​ច្រើន​។

លោក​វេជ្ជបណ្ឌិត តែ​ គុយ​ស៊ា​ង ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ការចូលរួម​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​របស់​សិស្ស​និស្សិត​និង​យុវជន​កាកបាទក្រហម​កម្ពុជា​នាពេលនេះ​បាន​ចូលរួម​ចំ​ណែក​យ៉ាង​សំខាន់​ណាស់​ ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។ ជាង​នេះ​ទៀត​សកម្មភាព​ផ្តល់​ឈាម​នេះ​ក៏​ជា​អំពើ​ល្អ​មួយ​និង​បណ្តុះ​វប្បធម៌​ដ៏​ល្អ​សម្រាប់​សង្គមជាតិ​ផងដែរ​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​«​ទិវា​នៃ​ក្តី​ស្រលាញ់​តែងតែ​មានការ​ជូន​ផ្កា​មួយទង​ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រលាញ់​ ប៉ុន្តែ​បើ​យក​ទិវា​នេះ ​មក​ចូលរួម​បរិច្ចាគ​ឈាម​វិញ​ អាចជួយ​សង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​មិនអាច​កាត់ថ្លៃ​បាន​។​ អីចឹង​យើង​ប្រៀបធៀប​ទៅ​រវាង​ផ្កា​កុលាប​មួយ​ទង ​និង ​ការផ្តល់​ឈាម​តើ​មួយណា​មាន​សារសំខាន់​ជាង​»​។

លោក​វេជ្ជបណ្ឌិត​ បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ ពិសេស​ក្រុមយុវជន​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ សូម​បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​គ្រប់​ៗ​គ្នា ​ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ឲ្យ​បាន​ទាន់​ពេល​វេលា​ ខណៈ​ការ​ផ្តល់​អំណោយ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅ​មាន​កំរិត​នៅឡើយ​ ពោល​គឺ​មានតែ​ត្រឹម​២៥​ភាគរយ​ប៉ុណ្ណោះ​ ដែល​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ ឬ​ សាច់ញាតិ​ របស់​អ្នកជំងឺ​ផ្តល់​ឈាម​ជំនួស​។

គួរ​បញ្ជាក់​ថា ​ឆ្នាំ២០១៩​កន្លងទៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ទទួល​បាន​អំណោយ​ឈាម​នៅ​ទូទាំង​ប្រទេស​ចំនួន​៩៨០៣១​ប្លោក​កើន​ជាង​ឆ្នាំ ២០១៨​ទទួល​អំណោយ​ឈាម​បានត្រឹមតែ​ចំនួន​៨៣៩៨២​ប្លោក​កើន​ជាង​១៤​ភាគរយ​ខណៈ​នៅ​ឆ្នាំ ២០២០​នេះ​ត្រូវការ​ឈាម​រហូតដល់​ទៅជា​ង​មួយ​សែន​ប្លោក​ព្រោះថា​ក្នុង​មួយថ្ងៃៗ​ត្រូវការ​ឈាម​ជាង​២៥០​ប្លោក​ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ផ្សេងៗ​។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០២០​នេះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវការ​ឈាម​រហូតដល់​ទៅ​១​សែន​ប្លោក​មានការ​កើន​ឡើង​ប្រមាណ​២០​ភាគរយ​ដើម្បី​ត្រៀម​ទុក​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។

លោក​វេជ្ជបណ្ឌិត​សុខ​ ប៉ូ​ បាន​បន្ថែម​ទៀត​ថា ​តម្រូវការ​ឈាម​១​សែន​ប្លោក​នេះ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១​សែន​៦​ម៉ឺន​នាក់​ ត្រូវ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​១៦​លាន​នាក់​៕
សំអឿន

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114