យុវជន​ម្នាក់​បាន​ស្លាប់ ខណៈ​បើកបរ​គោយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន​

រតនគិរី ៖ គោយន្ត​កែច្នៃ​បើកបរ​លឿន​ជ្រុល​ចង្កូត​ក្រឡាប់​ខ្លួនឯង ​ត្រូវ​គោយន្ត​សង្កត់​ពី​លើ​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ត្រង់ចំណុច​ចម្ការ​ស្វាយចន្ទី​ មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​ប​ញ៉ុ​ក ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី​។​

​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ម៉ៅ សុខា ភេទ​ប្រុស អាយុ​ ៣២​ឆ្នាំ ជនជាតិ​ខ្មែរ បាន​ស្លាប់​នៅ​និង​កន្លែង​កើត​ហេតុ​ ដោយ​គោយន្ត​បាន​សង្កត់​ពី​លើ​ចំ.ក​។​ មន្ត្រី​នគរបាល​បាន​បន្ត​ទៀត​ថា ខណៈ​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ជាមុន ទើប​បណ្ដាល​ឲ្យ​ជួប​គ្រោះថ្នាក់​បែបនេះ ហើយ​មិន​មាន​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ទេ​។​

​ក្រោយពេល​កើតហេតុ នគរបាល​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ រក​រថយន្ត​ស្ទូច​មក​ស្ទូច​ដើម្បី​យក​ជនរងគ្រោះ​ចេញពី​កន្លែង​កើត​ហេតុ​និង​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ គោយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ​ឃុំ​សាមគ្គី​ រឹបអូស​យក​ទៅ​រក្សាទុក​ដើម្បី​ឲ្យ​សាច់ញាតិ​មក​ទទួលយក​ទៅវិញ​ផង​ដែរ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​