BREAKING NEWS
Search

យុវជន​ម្នាក់ ជិះ​ម៉ូតូ​មិនបាន​ប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​បណ្តាល​ឲ្យ​២​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់ធ្ងរ

រតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង បើកបរ​ក្នុងទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរ​បួស​ធ្ងន់​និង​៣​នាក់​ទៀត ​របួសស្រាល​។

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ ពេទ្យ ដាំ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ស្ថិតនៅ​ក្នុងភូមិ​លំផាត់ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹងថា ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្សូ​មមើ​អេ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1I-8356​បើកបរ​ដោយ​ឈ្មោះ សូម ព្រិច ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ធួ​យ ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្តរតនគិរី របួសស្រាល ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្របគ្នា​មិនបាន​ប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​។ អ្នករួមដំណើរ​ប្រុស​២​នាក់​របួសស្រាល​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​។

មន្ត្រី​នគរបាល​បាន​បន្តថា ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រចេះ​1A-8956 បើកបរ​ដោយ​ឈ្មោះ យ៉ាង ពុធ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កា​ចាញ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី រង​របួស​ធ្ងន់ បែក​ខ្នងជើង​ខាងស្តាំ​។

អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ហ៊ីង ផា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ប្រពន្ធ រងរបួស​ធ្ងន់ កោង​ឆ្អឹង​ដង​និង​កាំបិត​ខាងឆ្វេង​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ទៀតថា មូលហេតុ​ន័យ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ ផ្តើម​ចេញ​មកពី​ម៉ូតូ​ហ្សូ​ម​មឺ​អិ​ច បើកបរ​ក្នុង​ល្បឿន លឿន មិនបាន​ប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ពីក្រោយ​យ៉ាង​ពេញទំហឹង​។

ក្រោយ​កើតហេតុ​រួច កម្លាំង​ជំនាញ​សហការ​ជា​មួ​យ​កម្លាំង​ប៉ុស្តិ៍​ចុះមក​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​បានធ្វើការ​វាស់វែង​និង​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅ​ស​ង្ក្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​។

ដោយឡែក​វត្ថុ​តាង​ទាំង​២​គ្រឿង​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​រឹបអូស​យក​មក​រក្សាទុក​នៅ​អធិការ​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

គួរ​កត់​សម្គាល់​ថា មាន​ក្រុម​ក្មេង​ទំនើង​ជាច្រើន​នាក់ បាន​ជិះ​ម៉ូតូ​ធំ​នៅ​ក្នុង​បរិវេណ​ក្រុង​បាន​លុង​ជា​ប្រជុំជន បើកបរ​មិន​បង្អង់​ល្បឿន​ឡើយ ហើយ​បើក​ជ្រែ​ពាសពេញ​ផ្លូវជាតិ មិន​មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទៅលើ​ក្រុម​ក្មេង​ទាំងនេះ​ទេ​៕
វុ​ទ្ធ​ឦសាន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114