ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់ ​ប្រុង​យក​ថ្នាំញៀន​ទៅ​លក់​ ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន

បន្ទាយមានជ័យ​ ៖ បុរស​វ័យក្មេង​ម្នាក់ ​បម្រុង​យក​ថ្នាំញៀន​ទៅ​លក់ ​ត្រូវ​កម្លាំង​អាវុធហត្ថ​មួយ​ក្រុម​ដឹក​នាំ​ដោយ​ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៧​ល្ងាច ​ថ្ងៃទី​១៩ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ចំណុច​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ខាងលើ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទីតាំង​កើតហេតុ​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​មានឈ្មោះ អៀក វិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​រឹប​អូស​វត្ថុតាង​នៅនឹងកន្លែង​កើតហេតុ​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន​២​កូន​ថង់ ទម្ងន់​១,០០​ក្រាម។

ក្នុង​នោះ​ដែរ ជនសង្ស័យ​ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង ​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត។​ ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត តាម​ការ​ធ្វើ​តេស្ត​រកសា​រ​ធាតុ​ញៀន និង​តាម​ចម្លើយ​សារភាព ជនសង្ស័យ ​អាច​ចោទប្រកាន់​ពីបទ​រក្សាទុក​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន។

បច្ចុប្បន្ន ៖ ជនសង្ស័យ​ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕

អត្ថបទ ៖ ​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114