ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​អប់រំ​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​ភ្នំបាក់​​ បាន​ពុល​អាហារ​ កើន​ដល់​ជាង​១៧០​នាក់ ​ក្នុង​នោះ​ស្លាប់​១​នាក់​

បន្ទាយមានជ័យ ៖ ​ យុវជន​អប់រំ​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​ភ្នំ​បាក់ ​ស្ថិតនៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដែល​ពុល​អាហារ​នេះ​កើន​ដល់​ជាង​១៧០​នាក់​ហើយ ក្នុងនោះ​ស្លាប់​១​នាក់ ​តាំងពីព្រឹក​ដល់​ល្ងាច​ ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៩។​

លោក​ឧត្ដមសេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​អ្នក​សារ​ព័ត៌មាន​ដឹង​ថា យុវជន យុវនារី​ ដែល​ទៅ​ទទួល​ការ​បន្សាប​ផ្តាច់​សារធាតុ​ញៀន​នៅ​ជីវិត​ថ្មី​ភ្នំ​បាក់ ​ដែល​ពុល​ផ្លែ​ត្រសក់​ និង​អាហារ​នោះ បាន​កើន​ពី​ចំនួន​៦០​នាក់ ស្រី​១៣​នាក់ ​នៅពេល​ព្រឹក ដល់ពេល​ល្ងាច​កើន​ដល់​ជាង​១៧០​នាក់​ ក្នុងចំណោម​អ្នក​អប់រំ​បន្សាប​ជាង​៨០០​នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​ពិនិត្យ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ ក្រុង​សិរីសោភ័ណ និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន មង្គល​បូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ និង​ មួយចំនួនទៀត រក្សាទុក​ពិនិត្យ ព្យាបាល​នៅ​ក្នុង​មណ្ឌល​តែម្ដង​។​

តាម​មន្ត្រី​ប្រចាំការ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ឲ្យ​ដឹងថា ​យុវជន យុវនារី ​ទទួល​បន្សាប​សារធាតុ​ញៀន​ បាននាំគ្នា​យក​ផ្លែ​ត្រសក់​ខ្ចី​ពី​ថង់​ប្លាស្ទិក​មក​ហូប​ដូច​សព្វមួយដង​។​ ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​នោះ ​យុវជន យុវនារី​ ទទួល​បន្សាប​សារធាតុ​ញៀន​បាន​យក​ត្រសក់​នាំចូល​ពី​ប្រទេស​វៀតណាម​ដែល​ម៉ូយ​បោះ​ដុំ​ បាន​ដឹក​ចែកចាយ​ពី​ខេត្ត​បាត់ដំបង ​និង​នៅ​ផ្សារ​ហ៊ុយ ឡេង ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ ​ជា​អំណោយ​របស់​សប្បុរសជន ហើយ​យកមក​ផ្គត់ផ្គង់​ដល់​មណ្ឌល​ជាប្រចាំ​សម្រាប់​ធ្វើ​ម្ហូប​ឲ្យ​យុវជន យុវនារី​ហូប​រាល់ថ្ងៃ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១​វិច្ឆិកា​នោះ យុវជន យុវនារី ​ហូប​ បង្ក​ទៅជា​ពុល​ទៅ​វិញ​។​

លោក​ អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ​និង​មន្ត្រី​ពាក់ព័ន្ធ​ បាន​ចុះ​ពិនិត្យ​ និង ​នៅ​ប្រចាំ​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​មានប្រសាសន៍ថា​ ស្ថានភាព​ជនរងគ្រោះ​ពុល​ចំណីអាហារ​នេះ​អាច​គ្រប់គ្រង​បាន​។ ​មកទល់​យប់​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៩ បើ​តាម​គ្រូពេទ្យ​ និង​ លោក​ ហេង គឹម​ស៊​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​ប្រាប់​សារ​ព័ត៌មាន​ថា ជនរងគ្រោះ​បាន​ធូរស្រាល​ហើយ អ្នក​ជំងឺ​មាន​អាការៈ​ក្អួតចង្អោរ រាករូស វិលមុខ ទន់​សន្លាក់​ដៃជើង ជាដើម។​ ហើយ​អ្នក​សង្គ្រោះ​បាន​ឲ្យ​ខ្លឹម​ស ស្ករស​ និង​បន្តោង​សេរ៉ូម​ បាន​ធូរស្បើយ​ជា​បណ្តើរៗ​ផង​ដែរ​៕

អត្ថបទ ៖ ​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114