BREAKING NEWS
Search

យោធិន​ នៅ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ជាច្រើន​នាក់ និង​សមាជិក​សមាគម​រាជ​សីហ៍ ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ជូន​មជ្ឈមណ្ឌល​ជាតិ​

​ភ្នំពេញ​ ៖ នាយទាហាន នាយទាហានរង និង​ពលទាហាន​ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ជា​ប្រមាណ​ជាង​៣០០​នាក់ បាន​ចូលរួម​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត​ក្រោម​ប្រធានបទ “​ផ្តល់​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​” នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ នៅក្នុង​សាល​ប្រជុំ​លេខាធិការដ្ឋាន ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ក្រោម​វត្តមាន​ឧត្ដមសេនីយ៍​ឯក ឋាន សុ​ខេន មេបញ្ជាការរង ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម លោក​ស៊ូ​ម សារឿន ប្រធាន​សមាគម​រាជសីហ៍ និង​តំណាង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ វី​តា​ល់ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​សមាជិក​សមាគម​រាជសីហ៍​ប្រមាណ​ជិត​៣០​នាក់​ផងដែរ​។​

​លោក​ឧត្ដមសេនីយ៍​ឯក ឋាន សុ​ខេន បាន​បញ្ជាក់ថា ការរៀបចំ​ពិធី​បរិច្ចាគ​ឈាម​នេះ គឺ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​យកចិត្តទុកដាក់ និង​លើកកម្ពស់​វិស័យ​សុខាភិបាល និង​សុខុមាលភាព​របស់​ប្រជាជន​នៅ​ទូទាំងប្រទេស​ស្របតាម​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ទី​៦ គឺ​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល ​គឺ​សំដៅ​លើកកម្ពស់​សមត្ថភាព​ និង​អាហារូបត្ថម្ភ​របស់​ប្រជាជន​ទៅតាម​រយៈ​ក្នុងការ​ពង្រឹង​ និង​ពង្រីក​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព ហើយ​កងយោធពលខេមរភូមិន្ទ​ក្រៅពី​ភារកិច្ច​ស្នូល មាន​ភារកិច្ច​ជួយ​ដល់​ការងារ​សង្គម​ផង​ដែរ​ដូចជា​ ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះ​អន្តរាយ​ផ្សេងៗ​។ ជាក់ស្ដែង​កងកម្លាំង​ដែល​ស្ម័គ្រចិត្ត​ធ្វើការ​បរិច្ចាគ​ឈាម​នៅពេលនេះ​ ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជា​ពល​រដ្ឋ​ងាយ​រងគ្រោះ​ដែល​ត្រូវការ​ឈាម​។

លោក​ឧត្ដមសេនីយ៍​បាន​បញ្ជាក់​ថា បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម នឹង​នៅតែ​បន្ត​ប្រារព្ធ​កម្មវិធី​បរិច្ចាគ​ឈាម​នេះ​ជា​បន្តបន្ទាប់ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អង្គ​អាច​ក្លាហាន មោះមុត​របស់​កងកម្លាំង ពលទាហាន​ទាំងអស់ ក្នុង​ទឹកចិត្ត​ស្នេហា​ជាតិ និង​ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ចំណែក​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​លើកឡើងថា ការបរិច្ចាគ​ឈាម​នាពេលនេះ គឺ​មាន​គោលបំណង​សំខាន់​២​គឺ ទី​១, បង្កើត​ទម្លាប់ និង​វប្បធម៌​ នៃ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត និង​ជំរុញ​លើកកម្ពស់​ឲ្យ​យុវជន ប្រជាជន​ទូទៅ​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​សេវាកម្ម​ជាតិ​ផ្ដល់​ឈាម​នៅ​ទូទាំងប្រទេស ដើម្បី​ធានា​ឲ្យ​មាន​ការផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ ដែល​កំពុង​ត្រូវការ​ឈាម​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង មិន​ប្រកាន់​ជាតិ​សាសន៍ ឬ​សាសនា​។ ទី​២, ផ្សារភ្ជាប់​សកម្មភាព​ នៃ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ទៅ​នឹង​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​។

លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មេបញ្ជាការ​មេបញ្ជាការ​រង​នាយទាហានរង និង​ពលទាហាន​ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ដែល​បាន​ចូលរួម​ក្នុង​ការ​បរិច្ចាគ​ឈាម​យ៉ាងច្រើន​កុះករ ក្នុង​កំឡុងពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​

​ដើម្បី​លើទឹក​ចិត្ត​ដល់​សប្បុរសជន ដែល​បានផ្តល់​ឈាម​ដោយ​ស្ម័គ្រ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ​វី​តា​ល់​៦​ដប រួម​ជាមួយនឹង​ថង់យួរ​ដ៏​ស្រស់ស្អាត សម្រាប់​អ្នកផ្តល់​ឈាម​ក្នុង​ម្នាក់ៗ​បន្ថែម​ពីលើ ការឧបត្ថម្ភ​ទឹក​វី​តា​ល់​ក្នុង​ការ​ប្រើប្រាស់​ក្នុង​កម្មវិធី​ទាំងមូល​។​

​សូមបញ្ជាក់ថា នេះ​ជា​លើ​ទី​៧​ហើយ ដែល​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្រុមហ៊ុន​ទឹកបរិសុទ្ធ​ពិសា​វី​តា​ល់ រៀបចំ​កម្មវិធី​ផ្តល់​ឈាម​សប្បុរសធម៌​នេះ​។ គិត​មកដល់ពេលនេះ យោធិន​នៅក្នុង​អង្គភាព​នេះ បាន​ចូលរួម​បរិច្ចាគ​ឈាម​ចំនួន​ជាង​១៦០០​នាក់ ហើយ​បាន​ឈរ​នៅ​លំដាប់​ឈានមុខ​គេ ក្នុងនាម​ជា​ស្ថាប័ន មាន​អ្នក​បរិច្ចាគឈាម​ច្រើនជាងគេ​បំផុត ក្នុងចំណោម​ស្ថាប័នរដ្ឋ​ដទៃទៀត ដើម្បី​ផ្គត់ផ្គង់​កង្វះខាត​ឈាម​ទូទាំង​ប្រទេស​កម្ពុជា​៕

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114