យោបល់ Okereke Timothy ក្រោយ​រក​បាន ២​គ្រាប់​មុនគេ​ក្នុង​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០២០

ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ភ្នំពេញ​ក្រោ​ន កីឡាករ Timothy Okereke កាលពី​សប្ដាហ៍​ដំបូង​នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០២០ បាន​ក្លាយជា​កីឡាករ​មុនគេ​អាច​រក​គ្រាប់​បាល់​បាន ២​គ្រាប់ ខណៈ​សមី​ខ្លួន​រំពឹង ប្រឹងប្រែង​យ៉ាងខ្លាំង​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើនជាង​ពេល​នៅ​អង្គ​រថា​យ​ហ្គឺ​រ​រដូវ​កាល​២០១៩​កន្លងទៅ​។

Okereke Timothy បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន អា​ចរក​គ្រាប់​បាល់ ២​គ្រាប់​ម្នាក់ឯង​ក្នុងចំណោម​គ្រាប់​បាល់​ទាំង ៣ លើ​ជ័យជម្នះ ៣-០ លើ​អគ្គិសនី​កម្ពុជា កាល​ថ្ងៃ​សៅរ៍ ទី​១៥ ខែកុម្ភៈ នៅ​ចំពោះ​អ្នកគាំទ្រ​របស់ខ្លួន នា​កីឡដ្ឋាន ស្មា​ត​អរ​អេស​អិន ( Smart RSN )​។

ថ្លែង​នៅ​លើ​គេហទំព័រ ppcfc.com ខ្សែប្រយុទ្ធ​រូបនេះ​ជឿជាក់ថា​រូបគេ​អាចធ្វើ​បានល្អ​ជាង​មុន និង​អាច​រក​គ្រាប់​បាល់​បន្ថែមទៀត​ដើម្បី​ជួយ​ឲ្យ ភ្នំពេញ​ក្រោ​ន នាំមក​នូវ​ភាពរុងរឿង​ឡើងវិញ បន្ទាប់ពី​ពួកគេ​ខកខាន​មិនបាន​ដណ្តើម​តំណែង​ជើងឯក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ចំនួន​៤​រដូវ​កាល​ជាប់ៗ​គ្នា​។

«​នោះ​ជា​គោលដៅ​របស់ខ្ញុំ​ក្នុងនាម​ជា​ខ្សែប្រយុទ្ធ​ម្នាក់​ដើម្បី​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គ្រាប់​បាល់​កាលពី​រដូវ​កាល​មុន​។ ខ្ញុំ​មាន​ទំនុកចិត្ត​ក្នុងការ​ធ្វើ​បន្ថែមទៀត និង​បង្ហាញ​ទម្រង់​លេង​ឲ្យ​ប្រសើរ​។ វា​ជា​ការងារ​របស់ខ្ញុំ​ក្នុង​ការជួយ​ក្រុម និង​នាំមក​នូវ​ភាពរុងរឿង​។​» សម្ដី​របស់ Okereke​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​ដដែល​រូប​នេះ​បន្ត «​ខ្ញុំ​នៅ​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​ធ្វើការ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​គ្មាន​ឱកាស​ច្បាស់​ក្នុង​ការលេង​បាល់ទាត់​ទេ​រហូតដល់​អ្នករក​គ្រាប់​បាល់​បាន​។ អ្នកចាំទី​នៅ​ទីនោះ​ដើម្បី​រក្សា​បាល់​ហើយ​យើង​អា​ចរក​គ្រាប់​បាល់​បាន ដូច្នេះ​ពេលខ្លះ​វា​អាចទៅរួច​។ ខ្ញុំ​ពិតជា​មិន​អស់សង្ឃឹម និង​ឃ្លាន​ខ្លាំង​ណាស់​នៅ​រដូវ​មុន​រដូវ​កាល​។ ខ្ញុំ​ថ្មី​នៅក្នុង​ក្រុម ដូច្នេះ​ខ្ញុំ​ព្យាយាម​សម្រប​ខ្លួន​ខ្ញុំ​ទៅ​នឹង​ក្រុម​។ ខ្ញុំ​មានអំណាច និង​គុណសម្បត្តិ​ផ្ទាល់ខ្លួន ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​។ ខ្ញុំ​អាច​ទម្លាប់​ជាមួយ​ក្រុម​នេះ​ជាង​នៅមុន​រដូវ​កាល​»​។

បញ្ជាក់​ថា ក្រៅពី Okereke Timothy ដែល​រកបាន ២​គ្រាប់ ខ្សែបម្រើ​សញ្ជាតិ​ជប៉ុន​របស់ ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ Daisuke Kobayashi ក៏​រកបាន ២​គ្រាប់​ដូចគ្នា​ផង​ដែរ និង​ជា​កីឡាករ​២​នាក់ គត់​ដែល​កំពុង​ឈរ​នៅ Top Scorer ជា​បណ្ដោះអាសន្ន ស្របពេល​មាន​កីឡាករ ១០​រូប​ផ្សេងទៀត ដូចជា ជួន ចាន់​ចាវ​, Abdel Kader Coulibali, ច្រឹង ពលរដ្ឋ​, Filip Mihaljevic, Yudai Ogawa, ម៉ា​ត ណូ​រុន​, ឈឹម សំបូរ​, Mbarga Privat, សារ៉េត គ្រី​យ៉ា និង នេន សុធា​រ័ត្ន រកបាន​ម្នាក់ ១​គ្រាប់​។

កីឡាករ Okereke Timothy ទំនងជា​អាច​រក​គ្រាប់​បាល់​បាន​បន្ថែម​ទៀត ដ្បិត​ការប្រកួត​សប្ដាហ៍​បន្ទាប់ នឹងត្រូវ​ជួប​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម ១៨​ឆ្នាំ នា​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីលាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ​។

គួរ​ដឹង​ដែរ​ថា Okereke Timothy កាលពី​រដូវ​កាល​មុន​រួមរស់​ជាមួយ អង្គ​រថា​យ​ហ្គឺ​រ បាន​ក្លាយជា​ចំណែក​មួយ​ក្នុង​បញ្ជី​កីឡាករ​រក​គ្រាប់​បាល់ទាត់​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​លី​គ ដោយ​ឈរ​នៅ​លេខ​រៀង​ទី​៥ ក្រោយ​រកបាន ២៣​គ្រាប់ គ្រា​ដែល​ឆ្នាំមុន Befolo Mbarga Privat ជា​ម្ចាស់​ស្បែកជើង​មាស ដោយ​រកបាន ៣៦​គ្រាប់​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114