យ៉េន ឌី​ណា ជួប វី​ណៃ​ ឡេ​ក ឯ​ឌុ​ម កែវ​ដា ជួប រិ​ទ្ធ អៃ​យ៉ា​រ៉ា នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់​របស់​កម្ពុជា​២​រូប ត្រៀម​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដែល​នឹង​ចាប់ផ្តើម​នៅ​យប់​ថ្ងៃអាទិត្យ​ ទី​១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ខាងមុខនេះ​។ នោះ ​គឺ អ្នក​ប្រដាល់​យ៉េន ឌី​ណា សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម និង ឌុ​ម កែវ​ដា អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍។​

យ៉េន ឌី​ណា ដែលមាន​ឈ្មោះ​ពិត ប៉ោ ភា​រិ​ទ្ធ នេះ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ វី​ណៃ​ឡេ​ក ក្នុង​ទម្ងន់​៦៣,៥០០ គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ​កន្លងមក។​

វី​ណៃ​ឡេ​ក បើតាម​ប្រវត្តិ​ប្រកួត​របស់គេ គឺជា​អ្នក​ប្រដាល់​ដែល​មិនអាច​ថា​គេ​ខ្សោយ​ជាង​ យ៉េន ឌី​ណា នោះទេ ព្រោះ​គេ​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំងៗ​នៅ​ស្រុកថៃ​ជាច្រើន​នាក់​ហើយ។

អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៩​លើក ឈ្នះ​៦៨​លើក និង ចាញ់​២១​លើក។ ​វី​ណៃ​ឡេ​ក មិនអាច​មើលស្រាល​បានទេ។ គេ​ល្អ​ទាំង​ការការពារ និង វាយលុក។ តើន​រណា​ជួប​សំណាង​ល្អ រវាង ​វី​ណៃ​ឡេ​ក និង យ៉េន ឌី​ណា?។​

យ៉េន ឌី​ណា គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង​ជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស ឌី​ណា នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ វី​ណៃ​ឡេ​ក តែប៉ុណ្ណោះ។ យ៉េន ឌី​ណា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៦៧​លើក ចាញ់​១២ លើក។​

គេ​ទើបនឹង​ដណ្តើមបាន​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ថ្មីៗ​នេះ ​បន្ទាប់ពី​គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ ​កូ​ឡាប​ដាំ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ​កាលពី​ថ្ងៃទី​២៨ ​ខែធ្នូ ​កន្លងទៅនេះ។ ​ហើយបី​ប្រកួត​ជាមួយ​ថៃ​ក្រោយ​បាន​ខ្សែក្រវាត់​នោះ ឌី​ណា​ វាយ​ឈ្នះ​២​ និង​ស្មើ​១​ថែមទៀត​។

មួយរយៈ​នេះ យ៉េន ឌី​ណា ព្យាយាម​ស្ដារ​កេរ្តិ៍ឈ្មោះ​ឡើងវិញ ហើយ​បាន​លទ្ធផល​ល្អប្រសើរ តែ​អ្វីៗ​នៅ​មិនទាន់​វិល​មក​ដូចដើម​នៅឡើយ​ទេ។ បន្ទាប់ពី​ស្រុតចុះ​ខ្លាំង​នោះ ស្ទើរតែ​គ្រប់​សង្វៀន​ទាំងអស់​មិន​មាន​សង្វៀន​ណាមួយ​ផ្ដល់ឱកាស​ឲ្យ​អ្នក​ប្រដាល់​រូបនេះ​បាន​ឡើង​ប្រកួត​ឡើយ។ តែ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ គេ​ធ្វើ​បានល្អ ដោយ​គេ​ឈ្នះ​ខ្សែក្រវាត់​ថែមទៀត ក្រោយ​វិល​មក​សង្វៀន​វិញ​នេះ។ គេ​ជា​អ្នក​ប្រដាល់​ដែល​ល្អ​ទាំង​ការការពារ ទាំង​ការវាយលុក តែ​ជើង​ក្រោម​របស់ ​ភា​រិ​ទ្ធ​ មិនជា​រឹងមាំ​នោះ​ទេ តែ​បន្ទាប់ពី​គេ​ព្យាយាម​ហ្វឹកហាត់​ឡើងវិញ​នោះ គូប្រកួត​ក៏​មិន​ងាយ​នឹង​វាយប្រហារ​ជើង​គេ​បាន​ឡើយ។

យ៉ាងណា គេ​មិន​ហ៊ាន​អះអាង​មុន​ថា យ៉េន ឌី​ណា ​អាច​យកឈ្នះ ​វី​ណៃ​ឡេ​ក ក្នុង​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ​ទេ។ ចាំមើល រវាង ​យ៉េន ឌី​ណា និង ​វី​ណៃ​ឡេ​ក ​នេះ តើន​រណា​ជា​អ្នកទទួលបាន​ជ័យ​ជម្នះ​នោះ?។​

ចំណែក​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ឌុ​ម កែវ​ដា ក្លិប​មកុដ​រាជសីហ៍ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​សាក​កណ្តាប់​ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​រិ​ទ្ធ អៃ​យ៉ា​រ៉ា នៅក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ដែរ។ ​រិ​ទ្ធ អៃ​យ៉ា​រ៉ា ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ និង ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ច្រើនលើក​ហើយ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៧​លើក ឈ្នះ​៦៨​លើក ចាញ់​១៨​លើក និង​ស្មើ​០២​លើក ។​

ឌុ​ម កែវ​ដា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា តែមួយ​រយៈ​ចុង​ក្រោយនេះ គេ​បាន​ស្រុត​ធ្លាក់ចុះ ដែល​ពីមុន​ធ្លាប់​វាយ​ឈ្នះ​ថៃ ឥឡូវ​ចាញ់​ថៃ​សឹងតែ​គ្រប់ការ​ប្រកួត។ ការប្រកួត​ចុងក្រោយ​របស់គេ​នោះ គឺ​វាយ​ចាញ់​កែវ កង​វ៉ាន ដោយ​ពិន្ទុ។

ទោះជា​យ៉ាងណា រវាង​ឌុ​ម កែវ​ដា និង រិ​ទ្ធ អៃ​យ៉ា​រ៉ា នេះ មិនដឹងថា​អ្នកណា​ជា​អ្នកឈ្នះ​ទេ សម្រាប់​ការ​ជួបគ្នា​លើកដំបូង​នេះ?។ ព្រោះថា អ្នក​ប្រដាល់​រិ​ទ្ធ អៃ​យ៉ា​រ៉ា នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំង ដែល​ កែវ​ដា​ មិនអាច​មើលស្រាល​គេ​បានឡើយ។ ចាំមើល តើ​ ឌុ​ម កែវ​ដា អាច​យកឈ្នះ​រិ​ទ្ធ អៃ​យ៉ា​រ៉ា បាន​ឬ​អត់​នោះ?។​

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា ឌុ​ម កែវ​ដា ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​រិ​ទ្ធ អៃ​យ៉ា​រ៉ា នេះឡើយ? ចាំមើល កែវ​ដា អាច​យកឈ្នះ​រិ​ទ្ធ អៃ​យ៉ា​រ៉ា បាន​ឬ​អត់ សម្រាប់​ជំនួប​លើក​នេះ?។​

ឌុ​ម កែវ​ដា ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​១១៦​លើក គេ​វាយ​ឈ្នះ​៩១​លើក ចាញ់​២០​លើក និង ​ស្មើ​០៤​លើក ៕


អត្ថបទ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114