យ៉​ត ឌី​សែ​ល មក​សងសឹក នី​សុ​ភី ​ខណៈ​ឌុ​ម កែវ​ដា​ជួប​គ្រៀង​ក្រៃ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ

​អ្នក​ប្រដាល់​ថៃ យ៉​ត ឌី​សែ​ល​លុក​ចាវ​ម៉ា​សៃ​ថង ​(Yoddiesel Lukjaomaesaithorng) នឹង ឆ្លងដែន​មក​សង​សឹក នី សុ​ភី អ្នក​ប្រដាល់​ក្លឹប​កុលបុត្រ​គុន​ខ្មែរ ហើយ​ឆៃ យ៉ូ វ៉​.​ភា​ង​វី​សេ​សជី​ម (Chaiyo Wor.​Phaengvises​ Gym)​ ក៏​នឹង​ឡើងមក​សងសឹក​លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួង​ការ​ពារជាតិ​ដែរ ក្នុង​កម្មវិធី​ប្រដាល់​វ៉ើ​ក នា​យប់​ថ្ងៃ​សៅ​រិ៍ ទី​២៩ ​ខែ​កុ​ម្ភៈ ឆ្នាំ​២០២០​នេះ នៅលើ​សង្វៀន​របស់​ទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ។

​នី សុ​ភី នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គ​.​ក្រ ជាមួយ​អ្នក​ប្រដាល់​ថៃ​យ៉​ត ឌី​សែ​ល លុក​ចាវ​ម៉ា​សៃ​ថង​។​ ​យ៉​ត ឌី​សែ​ល នេះ​បាន​វាយ​ចាញ់​សុ​ភី​ ដោយ​ពិន្ទុ​ប្រផុតប្រផើយ ​(១៨​មករា​២០២០)​ ដែល​ធ្វើ​ឲ្យគេ​មិន​អស់ចិត្ត​ សុំ​មក​ជួប​សងសឹក​នី សុ​ភី​វិញ​។

​ឌី​សែ​ល ​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ២០១៩​កន្លងទៅ បាន​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​យ៉ា​ម ខេមរា អ្នក​ប្រ​ដា​ល់​កម្ពុជា ​ក្លឹប​រស្មី​កុមារ​កំព្រា​ នៅ​សង្វៀន​ស្ទឹងមានជ័យ​នេះដែរ។ ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្រិត​សមត្ថភាព​ និង​បច្ចេកទេស​ល្អ ហើយ​រឹងមាំ គេ​ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​នៅ​ស្រុកថៃ​។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​ឲ្យដឹង​នោះ​។

​យ៉​ត ឌី​សែ​ល មាន​កម្ពស់​ប្រហាក់ប្រហែល​នឹង​នី សុ​ភី​ដែរ ដែល​សុ​ភី​មាន​កម្ពស់​១,៧២​ម៉ែត្រ ប៉ុន្តែ​​កំណត់​ត្រា​ប្រកួត​លើ​រេញ​របស់​យ៉​ត​ឌី​សែ​ល ​តិចជាង គឺ អ្នក​ប្រដាល់​ថៃ​រូបនេះ ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០២​លើក ឈ្នះ​៨០​លើក ចាញ់​១៨​លើក និង​ស្មើ​០៤​លើក បើ​ធៀប​ជាមួយ​នី​សុ​ភី ដែល​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៧៧​លើក ឈ្នះ​១៣៤ លើក ចាញ់​៣០​លើក​ និងស្មើ​១៣​លើក។

​នី សុ​ភី គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ក្នុងចំណោម​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា។ ទោះបីជា​គេ​វាយ​មិនសូវ​ខ្លាំងក្លា​ប៉ុន្មាន​ក្តី តែ​គេ​ធ្លាប់​ជួប​អ្នក​ប្រដាល់​បរទេស​រាប់មិនអស់​នោះទេ ហើយ​ការប្រកួត​២​ប្រកួត​ចុងក្រោយ ​របស់គេ ​(០៨-២២​កុ​ម្ភះ​២០២០) ​កន្លងទៅ​គេ​បាន​វាយ​ឈ្នះ​និង​ស្មើ ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​ និង​ជា​ជើង​ខ្លាំងក្លា​ឃុន​សឹក។

​សម្រាប់​ការប្រកួត​លើក​នេះ នី សុ​ភី គេ​ប្រហែលជា​មិន​ពិបាក​ក្នុងការ​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​យ៉​ត ឌី​សែ​ល​នោះទេ ព្រោះថា យ៉​ត ឌី​សែ​ល បើតាម​ប្រវត្តិ​ប្រកួត​របស់គេ គឺ​មិន​ដល់​សុ​ភី​ទេ ម្ល៉ោះហើយ​មិនអាច​ទប់​ជាមួយ​កណ្តាប់ដៃ និង​ជើង​ទាត់ ជង្គង់​របស់​សុ​ភី បានឡើយ។​
​ចំពោះ​អ្នក​ប្រដាល់​ថៃ​គ្រៀង ក្រៃ ត​.​សិលា​ឆៃ (Kreang Krai Tor. Silachai) ត្រូវគេ​ផ្តល់​ឱ​កាស​ឲ្យ​ឡើង​សងសឹក​ ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង ​កម្ពុជា​ឌុ​ម កែវ​ដា ក្លិប​មកុដ​រាជសីហ៍ដែរ។

​ឌុ​ម កែវ​ដា និង គ្រៀង ក្រៃ ធ្លាប់​ជួបគ្នា​ពីរលើក​ហើយ ដោយ​វាយ​ឈ្នះ​ចាញ់​គ្នា​ម្តងម្នាក់ៗ។ ​ពួកគេ​ទាំងពីរ​នាក់​នេះ ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម។

​ឌុ​ម កែវ​ដា បាន​វាយ​ចាញ់​គ្រៀង ក្រៃ​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៧​ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​គេ​បាន​យកឈ្នះ​គ្រៀង ក្រៃ​ដោយ​ពិន្ទុ​វិញ កាលពី​ថ្ងៃទី​០១ ខែ​ធ្នូ​ក្នុង​ឆ្នាំ​ដដែល។

​គ្រៀង ក្រៃ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​ កន្លងមក ហើយ​ធ្លាប់ជា​ជើងឯក​រង​ខ្សែ​ក្រវាត់​ខា​រ៉ា​បាវ ​ទម្ងន់​៦៧​គីឡូក្រាម​ នៅ​ស្រុក​ខ្មែរ​ថែមទៀត​។ ​ការប្រកួត​ចុងក្រោយ​របស់​គ្រៀង ក្រៃ​នេះ គឺ​វាយ​ចាញ់​ ចាន់ ប៊ុន​លាភ ​អ្នក​ប្រដាល់​កម្ពុជា​ក្លឹប​និរោធ​មានជ័យ​ ដោយ​ពិន្ទុ​ (២៤​មករា​២០២០ ។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មិនធម្មតា​ទេ ដោយ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះឡើយ​។ គ្រៀង ក្រៃ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​១៣២​លើក ដោយ​វាយ​ឈ្នះ​១០០ លើក ចាញ់​២៨​លើក និង​ស្មើ​០៤​លើក។ ចំណែក ឌុ​ម កែវ​ដា ក្នុង​ប្រវត្តិ​ប្រកួត​ ចំនួន​១១៥​លើក គេ​វាយ​ឈ្នះ​៩៤​លើក ចាញ់​១៨​លើក និង​ស្មើ​០៣​លើក។

​ឌុ​ម កែវ​ដា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ធ្លាប់​ជួប​អ្នក​ប្រដាល់​បរទេស​ច្រើន​នាក់​ហើយ ក្នុងនោះ​ជួប​អ្នក​ប្រដាល់​ថៃ​ ចំនួន​៣៧​លើក ដោយ​ឈ្នះ​១៧​នាក់ ចាញ់​១៨​លើក​ និង​ស្មើ​០២​នាក់ ដែល​ការ​ប្រកួត​ចុងក្រោយ ​របស់គេ​នោះ គឺ​វាយ​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ​រិ​ទ្ធ អៃរ៉ា។

​ទោះជា​យ៉ាងណា រវាង​ឌុ​ម កែវ​ដា ​និង គ្រៀង ក្រៃ នេះ ​មិនដឹងថា​អ្នកណា​ជា​អ្នកឈ្នះ​ទេ ​សម្រាប់​ការ​ជួបគ្នា​លើក​ទី​៣​នេះ។ ព្រោះថា ឌុ​ម កែវ​ដា គេ​ស្គា​ល់ពី​ស្នៀត​ និង​ទិច​និ​ច​ប្រកួត​របស់​គ្រៀង ក្រៃ​អស់​ហើយ ក្រោយពី​ជួប​ប្រកួត​ ២​លើក​កន្លងមក​នោះ​។​ តែ​យ៉ាងណា កែវ​ដា​ មិនអាច​មើលស្រាល​គូ​ប្រកួត​នោះឡើយ។ ​ចាំមើល តើ​ ឌុ​ម កែវ​ដា អាច​យកឈ្នះ​គ្រៀង ក្រៃ បាន​ឬ​អត់៕​

នី សុ​ភី និង​ឌុ​ម​កែវ​ដា​ជួប​ប្រកួត​ជាមួយ​ថៃ​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​

នី សុ​ភី​(​ឆ្វេង​)​និង​យ៉​ត​ឌី​សែ​ល​

ឌុ​ម កែវ​ដា​(​ឆ្វេង​)​និង​គ្រៀង​ក្រៃ​

អត្ថបទ៖ វិ​សិទ្ធ​