រដ្ឋបាលខេត្ត​ព្រះសីហនុ សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​មន្ត្រី​ចូលនិវត្តន៍​
BREAKING NEWS
Search

រដ្ឋបាលខេត្ត​ព្រះសីហនុ សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​មន្ត្រី​ចូលនិវត្តន៍​

ព្រះសីហនុ​ ៖ ក្នុង​គម្រប់​ខួប​១​ឆ្នាំ ​ក្នុង​ឱកាស​ដែល​លោក គួច ចំរើន មកកាន់​តួនាទី​ជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក យន្ត មីន នោះ នៅ​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន ធ្វើ​ពិធី​ជួបជុំ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​មន្ត្រី​ចូលនិវត្តន៍​នៅ​សាលាខេត្ត​ព្រះសីហនុ​។​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក គួច ចំរើន អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ និង​លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត មន្ត្រីរាជការ​សាលាខេត្ត​ព្រះសីហនុ និង​មន្ត្រី​ចូលនិវត្តន៍។

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ថ្ងៃនេះ​ជា​ខួប ០១​ឆ្នាំ​នៃ​ការ​ចូល​កាន់​តំណែង​អភិបាលខេត្ត​ព្រះសីហនុ ដោយ​ផ្អែកលើ​ស្ថានភាព​សង្គម​បញ្ហា​ប្រឈម​និង​ខូ​វីត​-១៩ រាជរដ្ឋាភិបាល​បាន​វាយតម្លៃ​ពី​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់ នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ តាម​ស្ថិតិ​របស់​ក្រសួងផែនការ​នៅ​ឆ្នាំ ២០១៧- ២០១៨ យើង​មាន​ប្រជាជន​ក្រីក្រ​ចំនួន ៣,៩៧៧ គ្រួសារ មកដល់​បច្ចុប្បន្ន ចំពេល​ដែល Covid-១៩ កំពុង​វាយលុក​នៅ​ទូទាំង​ពិភពលោក ក្រសួងផែនការ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ចុះ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​ក្រីក្រ​រង​ផល​ប៉ះ ពាល់​និង​Covid-១៩ មាន​ចំនួន ១២៣៤​គ្រួសារ​បន្ថែម​ទៀត កម្ពុ​ជា​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​រង​ផលប៉ះពាល​សរុប ៤,២១១​គ្រួសារ ពួកគាត់​ត្រូវ​បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​រាជ រដ្ឋាភិបាល​កម្ពុជា។

លោក​អភិបាលខេត្ត បាន​បន្តថា រយៈពេល​មួយឆ្នាំ​កន្លង មក​យើង​ទទួលបាន​សមិទ្ធផល​ជាច្រើន ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​គ្រប់ផ្នែក គ្រប់​ថ្នាក់ កងកម្លាំង​ប្រ ដាប់​អាវុធ រក្សា​ការងារ​សន្តិ សុខ សណ្ដាប់ធ្នាប់​សាធារណៈ ក្នុងនោះ​បង្ក្រាប​បទល្មើស​បាន​ចំនួន ៥០៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ ១,១៨៥​នាក់ បទល្មើស​ឧក្រិដ្ឋ ៩៧​ករណី មជ្ឈិម ៤១០​ករណី ដកហូត អាវុធ​វែង​បាន ៤​ដើម អាវុធខ្លី ៣៦​ដើម និង​គ្រាប់ ៣,០៣៨ ។ បង្ក្រាប​គ្រឿងញៀន​ចំនួន ៣០០​ករណី ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ៦៥៦​នាក់ ដកហូត​ថ្នាំញៀន​គ្រប់​ប្រភេទ​បាន ៣៣,៦៨​គីឡូក្រាម។

លោក​គួច ចំរើន បាន​បន្ត​ថា ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន តាម​គោល ការណ៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​គោលការណ៍​ស្លឹក ត្នោត ខ្ចប់​ស្ករត្នោត​លើ​គម្រោង ស្ថាបនា​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​ចំនួន ៣៤​ខ្សែ ប្រវែង ៨២.៥០៥ ម៉ែត្រ សម្រេចបាន ៩៨​ភាគរយ នៅ​រៀបចំ​ខឿន ក្រាល​ការ៉ូឡា ដាំ​ដើមឈើ ផ្កា ភ្លើង​បំភ្លឺ​ផ្លូវ ភ្លើងស្តុប​ចរាចរណ៍ និង​កាំ​ម៉ា​រ៉ា​សុវត្ថិភាព​ចំនួន ៥៣៣​គ្រាប់ ។ ម្យ៉ាងទៀត​ការ ប្រើប្រាស់​កញ្ចប់​ថវិកា​ស​ន្សំ​របស់​រាជរដ្ឋាភិបាល​ចំនួន ១០០​លាន​ដុល្លា ដល់​ក្រសួង សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ចំនួន ១២ ខ្សែ ប្រវែង ៥៩.១៦២ ម៉ែត្រ ស្ដា​អូរ ប្រឡាយ​ធម្មជាតិ ៥​ខ្សែ ប្រវែង ១១.០៨៧​ម៉ែត្រ។ ថវិកា​ថ្នាក់ក្រោម​ជាតិ​ជួសជុល​សា​លា​ម​ត្តេ​យ្យ​សហគមន៍​ចំនួន ០៥​ទីតាំង ជួសជុល​ផ្លូវ​បេតុង​ចំនួន ១៦​ខ្សែ ប្រវែង ៨.៩៣៦​ម៉ែត្រ ជួសជុល​ផ្លូវ​អ៊ុត​កៅស៊ូ AC ១​ខ្សែ ប្រវែង ៤៤០​ម៉ែត្រ និង​ផ្លូវ​កសាង​ដោយ​សប្បុរសជន ៤​ខ្សែ ប្រវែង ៣.៨២៥​ម៉ែត្រ។ ការងារ​រៀបចំ​ឆ្នេរសមុទ្រ​កែលម្អ​សម្អាត​ឆ្នេរសមុទ្រ​បាន​ប្រវែង ១៦.៩៤០​ម៉ែត្រ រៀបចំ​ខ្ចុ​ស​តាម​គំរូ​គណៈកម្មការ​ឆ្នេរ ៤៣​ខ្ចុ​ស។

ការ​ទទួល​បាន​សមិទ្ធិ​ផល​នេះ ដោយ មានការ​ចូលរួម​គាំទ្រ​ពី​មន្ត្រីរាជការ និង​មហាជន យើង​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ដែល​ត្រូវធ្វើ សម្រាប់​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ។ បញ្ហា​សំណង់​នៅតែ​មាន​បញ្ហា​ប្រឈម ព្រោះ​មាន​ការដ្ឋាន​សំណង់ ១,២៦៥ មានតែ​ជាង ៣០០ ការដ្ឋាន​មានច្បាប់​សាងសង់ តាម​គោល​ការ​របស់​រដ្ឋបាល​ខេត្ត រាល់​សំណង់​ដែល​មិនមាន​ច្បាប់​សាងសង់ មិន​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម ត​ទឹក ត​ភ្លើង។

លោក​អភិបាលខេត្ត បាន​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បន្ត​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​មក​សុំ​ចុះបញ្ជី​នៅ​ច្រកចេញ​ចូល​ក្រុង​-​ខេត្ត ដើម្បី​ឲ្យ​ខេត្ត​មានលទ្ធភាព​ក្នុងការ​ប្រមូល​ពន្ធ​យក​មក​ធ្វើការ​កសាង អភិវឌ្ឍន៍​ខេត្ត​របស់​យើង​បន្ត​ទៀត ព្រមទាំង​ណែនាំ​ឱ្យ​មន្ត្រី​ត្រូវ​ខិត ខំ​បម្រើ​សេវា​សាធារណៈ ឆ្លើយ តប​ទៅនឹង​ការ​ស្នើ​សុំ​សេវា​របស់​ប្រជាពលរដ្ឋ ក៍​ដូច​អាជីវករ ពាណិជ្ជករ​តាមរយៈ​ច្រកចេញ​-​ចូល​តែមួយ ព្រោះ​យើង​ជា​មន្ត្រី ជា​អ្នក​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ហាម​ដាច់​ខាត​ការ​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​៕
ស៊ុយ ចាន់​ធា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114