រដ្ឋបាល​ខេត្តកំពត​ គាំទ្រ​រាល់​គម្រោង​អភិវឌ្ឍន៍​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ
BREAKING NEWS
Search

រដ្ឋបាល​ខេត្តកំពត​ គាំទ្រ​រាល់​គម្រោង​អភិវឌ្ឍន៍​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ

កំពត ៖ អភិបាល​ខេត្តកំពត បាន​ជំរុញ​ដល់​អាជ្ញាធរ មន្ត្រី​នៃ​មន្ទីរ អង្គភាព​ជំនាញ និង​ពាក់ព័ន្ធ​ត្រូវ​សហការ​គាំទ្រ រាល់​គម្រោង​ទាំងឡាយ​ណា​ ដែល​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ឬ​ប្រយោជន៍​សាធារណៈ ជាពិសេស​គម្រោង​ការសាងសង់​ផ្លូវថ្នល់​ជាដើម​។

នេះ​ជា​ការ​លើកឡើង របស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត នៅក្នុង​កិច្ចប្រជុំ​និត្យ​ពិភាក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​បេតុង ស្របតាម​បណ្ដោយ​មាត់​ឆ្នេរសមុទ្រ ប្រវែង​ជាង​បី​ពាន់​ម៉ែត្រ ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ នៅ​ព្រឺ​ក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ ២០២០​។

​លោក ជាវ តា​យ អភិបាលខេត្ត បាន​លើក​ឡើង​ទៀត​ថា រាល់​ការអភិវឌ្ឍន៍​តែងតែមាន​ផល​ប៉ះពាល់ បើ​មិន​ប៉ះពាល់​ដល់​ផ្នែក​រដ្ឋ គឺ​ប៉ះពាល់​ផ្នែក​ឯកជន ឬ​ប្រជាពលរដ្ឋ​ជាមិនខាន យ៉ាងណាមិញ ការអភិវឌ្ឍន៍​សាងសង់​ផ្លូវ​សាធារណៈ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ជា​វិស័យ​អាទិភាព​នោះ ក៏​ដូចគ្នា​ដែរ គឺ​ទាមទារ​ឲ្យ​មានការ​សហការគ្នា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ទន្ទឹម​នឹង​ការ​គាំទ្រ លោក​អភិបាលខេត្ត​ក៏បាន​ស្នើរ​ដល់ សប្បុរសជន ឬ​ម្ចាស់​ជំនួយ ត្រូវ​សហការ​ជាមួយ មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ឲ្យ​បាន​ល្អ ពិសេស​ត្រូវ​មាន​គំរូ​ប្លង់​មេ មានការ​ប្រកាស​ផ្សព្វផ្សាយ​ជូន​ដំណឹង ដល់​ប្រជាពលរដ្ឋ និង​ម​ជ្ឈ​ដ្ឋា​ន​នានា​ឲ្យ​បានដឹង​ទូលំទូលាយ ដើម្បី​ចៀសវាង​បាតុភាព​អវិជ្ជមាន​ណាមួយ​កើតឡើង​នៅពេល​ក្រោយ​។

​គួរ​រំឭក​ដែរ​ថា គម្រោង​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ មាន​ប្រវែង​ជាង​៣,៥០០ ម៉ែត្រ ទទឹង​១២​ម៉ែត្រ ប្រើប្រាស់​ថវិកា​របស់​សប្បុរសជន​។ ក្រោយពេល​បាន​សាងសង់​ប្រវែង​ជាង​មួយ​ពាន់​ម៉ែត្រ ត្រូវ​បាន​ផ្អាក​ទៅវិញ ដោយសារ​មាន​មតិ​រិះគន់​ពី​អ្នកសារព័ត៌មាន និង​ការ​មិនយល់ស្រប​ពី​ប្រជា​សហគមន៍​។

​ដោយឡែក​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ រដ្ឋបាល​ខេត្ត​បាន​ជំរុញ​នូវ​គោលការណ៍​សំខាន់ៗ រួមមាន ទី​១. ចុះ​សិក្សា​កំណត់​ទីតាំង​ឲ្យ​ច្បាស់លាស់​, ២. មន្ត្រី​សូ​រិ​យោ​ដី​ត្រូវ​គូស​គំរូ​ប្លង់​មេ , ៣.​អាជ្ញាធរ​ស្រុក និង​ឃុំ​ត្រូវ​ចុះ​សម្របសម្រួល និង​ស្រង់​ព័ត៌មាន​ទាក់​ទង់​នឹង​គម្រោង​សាងសង់​ផ្លូវ​, ៤.​មិនអាច​សាងសង់​ទេ​បើ​គ្មាន​គំរូ​ប្លង់​មេ និង​ទី ៥. មន្ត្រី​ជំនាញ​និង​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ឲ្យ​បានល្អ ដើម្បី​ឲ្យ​គម្រោង​មួយ​នេះ អាច​ដំណើរ​ការ​បាន​ដោយ​រលូន និង​ឆាប់រហ័ស​៕
សេង ណា​រិ​ទ្ធ

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114