រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​រវាង​មន្ត្រី​យោធា​កងពលតូច​ថ្មើរជើង​លេខ​៧០ ដើម្បី​បន្ត​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​
BREAKING NEWS
Search

រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​រវាង​មន្ត្រី​យោធា​កងពលតូច​ថ្មើរជើង​លេខ​៧០ ដើម្បី​បន្ត​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​

កំពត​ ៖ ដើម្បី​ជា​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ មាន​ភាព​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំកន្លងមក​ជាមួយនឹង​ការសាងសង់​ទីតាំង​ហ្វឹកហ្វឺន និង​ទីលាន​បាញ់​គ្រាប់​ពិត ​តេ​ជោ​សែន ស្រុក​ជុំ​គី​រី របស់​កង​ពល​តូច​ថ្មើរជើង​លេខ​៧០​ឲ្យ​បាន​ឆាប់រហ័ស​ក្នុង​ដំណើរការ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ក្នុង​មូលដ្ឋាន​តំបន់​នោះ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ រវាង​មន្ត្រី​យោធា​នៃ​កងពលតូច​ថ្មើរជើង​លេខ​៧០​ ជាមួយ​រដ្ឋបាល​ខេត្ត ស្រុក ឃុំ មេភូមិ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត។

កិច្ចប្រជុំ​ខាង​លើ​ ក្រោម​ការចូលរួម​ដឹកនាំ​ពី លោក ជាវ តា​យ​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត និង​លោក​ឧត្ដមសេនីយ៍​ឯក ម៉ៅ សុផាន់ អគ្គ​មេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៧០​។​

​កិច្ចប្រជុំ​ ផ្ដោត​សំខាន់​ការចូលរួម​ពិនិត្យ ​និង​ពិភាក្សា​រក​ដំណោះស្រាយ នូវ​បញ្ហា​មាន​ភាព​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​កន្លងមកនេះ ដែល​ពាក់ព័ន្ធ​អំពី​ផលប៉ះពាល់​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ភូមិសាស្ត្រ​បង្កើត​ទីតាំង​សាលា​ហ្វឹកហ្វឺន និង​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន ស្រុក​ជុំ​គិរី ​ក្នុង​ខេត្ត​កំពត សំដៅ​ធ្វើ​ឲ្យ​ការកំណត់​ព្រំប្រទល់​ជុំវិញ​ទីតាំង​នឹង​ឈានដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​តាម​គម្រោង​អភិវឌ្ឍន៍​របស់​កងពល​តូច​ថ្មើរជើង​លេខ​៧០​ឲ្យ​បាន​ឆាប់រហ័ស​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ​ផ្អែក​តាម​គោលការណ៍​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ​ហ៊ុន សែន នៅក្នុង​ឆ្នាំ​២០១៦​កន្លងទៅនេះ​ បានអនុញ្ញាត​ផ្តល់ជូន​ផ្ទៃដី​ចំនួន​សរុប​១៧.០៨២​ហិកតា ដើម្បី​សាងសង់​សាលា ហ្វឹកហ្វឺន និង​ទីតាំង​បាញ់​គ្រាប់​ពិត​ជូន​ដល់​ថ្នាក់​វរ​សេនា​តូច​ វរ​សេនា​ធំ​ចម្រុះ របស់​កងពលតូច​ថ្មើរជើង​លេខ​៧០ ដែល​ក្នុងនោះ​ស្ថិតនៅ​ឃុំ​តា​កែន ស្រុក​ឈូក និង​ឃុំ​ស្នាយ​អ​ញ្ជិ​ត ឃុំ​ស្រែ​ចែង ឃុំ​ត្រពាំង​រាំង ​ស្រុក​ជុំ​គិរី​ ខេត្ត​កំពត​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ផល​ប៉ះពាល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​កិច្ចប្រជុំ​យក​មក​ពិនិត្យ​ និង​ពិភាក្សា​ដោះ​ស្រាយ​ គឺមាន​ទំហំ​ផ្ទៃដី​ចំនួន​ប្រមាណ​ជាង ៤០០ ​ហិកតា។ ​ក្នុងនោះ​មាន​ដី​កម្មសិទ្ធិ​ប្រជាពលរដ្ឋ​ចំនួន​ជាង​២៤៥​ហិកតា និង​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​ជាង​១៧០​ហិកតា​។

ជា​លទ្ធផល​ នៃ​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ និង​អង្គប្រជុំ ក៏បាន​សម្រេច​ប្រគល់​ជូន​ក្រុមការងារ​ ក៏ដូចជា​រដ្ឋបាល​ខេត្ត ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទីតាំង​ដី ដើម្បី​ដោះដូរ​ជូន​ប្រជាពលរដ្ឋ ឲ្យ​ចេញ​ផុតពី​តំបន់​នេះ​និង​ធ្វើ​របាយការណ៍​ជាក់លាក់​ជូន​ដល់​ថ្នាក់ដឹកនាំ ឬ​ប្រមុខ​រាជរដ្ឋាភិបាល ​សម្ដេច​តេ​ជោ​ហ៊ុន សែន​ដើម្បី​ពិនិត្យ​ និង​សម្រេច​។​

​នៅ​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាលខេត្ត បាន​ជំរុញ​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក ឃុំ ​និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ត្រូវ​ធ្វើ​យ៉ាងណា​ចូលរួម​សហការ​ជាមួយ​អង្គភាព​កងពល​តូច​ថ្មើរ​ជើង​លេខ​៧០ ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​តាម​គោលការណ៍​ឈ្នះ​ឈ្នះ​ ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​កសាង​នៅ​ទីតាំង​ហ្វឹកហ្វឺន​យោធា​ សម្ដេច​តេ​ជោ ហ៊ុន សែន ជុំ​គិរី​នេះ​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​ឆាប់រហ័ស ​ដែល​ការ​ដោះស្រាយ​នេះ​មាន​ភាព​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ លោក រ័ត្ន ស្រ៊ាង​ ចុះ​សួរ​សុខ​ទុក្ខ ​លោក​មេបញ្ជាការ​រង​ម្នាក់ ដែល​មាន​ជំងឺ​ជា​ទម្ងន់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114