រដ្ឋបាល​ខេត្ត​បាត់ដំបង ​បដិសេធ​​ព័ត៌មានថា​​​ មានករណី​គាស់រូបតោ​​ថ្ម​នៅ​ស្ពាន​ស្ទឹង​សង្កែ ស្វែង​រក​កំណប់​

រដ្ឋបាល​ខេត្ត​បាត់​ដំបង បានបដិសេធ ចំពោះគេហទំព័រមួយចំនួនបានចុះផ្សាយនូវព័ត៌មានមិនពិត ដោយបានបំផ្លើសថាមានការរិះគន់ការសាងសង់ស្ពាន និងគាស់រូបតោចោល ថាជាការស្វែងរកកំណប់ ។​នេះបើយោង​តាម​ទំព័រហ្វេស​បុក​​ រដ្ឋបាល​ខេត្ត​បាត់​ដំបង។

ប្រភព​ដដែល​​បាន​ឱ្យ​ដឹង​ថា​ ផ្ទុយទៅវិញការកសាងសង់ស្ពាននេះ គឺមានការគាំទ្រជាច្រើន ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក្នុងការសាងសង់ស្ពានថ្មថ្មីមួយបន្ថែមទៀតនៅក្បែរគ្នា ដែលរក្សានៅលំនាំដើមដូចស្ពានថ្មចាស់ ។ មួយវិញទៀតក៏មិនមានការគាស់រូបតោចោលដើម្បីស្វែងរកកំណប់នោះដែរ ។ ជាក់ស្តែងការសាងសង់មិនមានការបិទបាំង ឬក៏ហាមឃាត់មិនឲ្យមើលនោះដែរ។

តាមអ្នកបច្ចេកទេស បានឱ្យដឹងថា ការសាងសង់ស្ពានថ្មថ្មីនៅប៉ែកខាងត្បូង(ប៉ែកខាងលើ) ក្បែរស្ពានថ្មចាស់ គឺអាចជួយពាំងកម្លាំងទឹក ឬសំរាមផ្សេងៗក្នុងពេលមានជំនន់ស្ទឹងសង្កែហក់ឡើងខ្លាំង ដោយសារតែស្ពានថ្មចាស់ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង ម៉្យាងវិញទៀតដើម្បីជួយបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងនៅពេលមានពិធីបុណ្យផ្សេងៗ។