រដ្ឋបាល​ខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​លើ​សំណើសុំ​អនុញ្ញាត និង​ការ​គាំទ្រ​ការងារ​ជួសជុល កែលំអ និង​ពង្រីក​ឆ្នេរ​ខ្សាច់​លំហែ​កាយ កោះពស់

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃ​គណ អភិបាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​លើ​សំណើសុំ​អនុញ្ញាត និង​ការ​គាំទ្រ​គោលការណ៍​ដល់​ការងារ​ជួសជុល កែលំអ និង​ពង្រីក​ឆ្នេរ​ខ្សាច់​លំហែ​កាយ កោះពស់ របស់​ក្រុមហ៊ុន​កោះពស់ ខេ​ម​បូ​ឌា អ៉ិ​ន​វេស​មេន​គ្រុប អិ​ល​ធី​ឌី ។​ ពិធី​នេះ​បាន​ធ្វើ​ឡើង ​នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​សង្កាត់ ក្រុង និង​ការិយាល័យ​ជំនាញ​សាលាខេត្ត​ព្រះសីហនុ ។​

លោក Karkov Pavel តំណាង​ក្រុមហ៊ុន កោះពស់ ខេ​ម​បូ​ឌា អ៉ិ​ន​វេស​មេន​គ្រុប អិ​ល​ធី​ឌី បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​កោះពស់​មាន​ទំហំ ១១៦​ហិកតា បន្ទាប់ពី​បាន​អនុញ្ញាត​អភិវឌ្ឍ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។ ក្រុមហ៊ុន​បាន​សាងសង់​ស្ពាន​ឆ្លង​សមុទ្រ​ប្រវែង ៩០០​ម៉ែត្រ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​លើ​កោះពស់ មាន​ដូចជា ផ្លូវ​បេតុង​បាន ៦០​ភាគរយ នៃ​ផ្លូវ​ប្រវែង​ជាង ៥​គីឡូម៉ែត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​ភូមិគ្រឹះ​៣៦ ក៏​ប៉ុន្តែ​មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​សាងសង់​ភូមិគ្រឹះ​បាន​១៨ ទន្ទឹម​នោះ​រក្សា​ព្រៃឈើ​នៅ​លើ​កោះពស់​ឲ្យ​បាន ៦០​ភាគរយ ព្រមទាំង​បាន​រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត ភ្លើង​រួចរាល់ ក្រៅពី​ប្រពន្ធ​ផ្លូវ​មេ ក៏​មាន​សាងសង់​ផ្លូវ​តូច​ៗ​ ជាច្រើន​ទៀត ។ ការ​អភិវឌ្ឍ​នៅ​លើ​កោះពស់ ដើម្បី​បម្រើ​សេវា​ទេសចរណ៍ ម្យ៉ាងទៀត​ការ​សុំ​អភិវឌ្ឍន៍​កែលំអ​ឆ្នេរ​កម្សាន្ត​មាន​ប្រវែង ៨៥០​ម៉ែត្រ ទទឹង​ពី​៣០ ទៅ​៣៥​ម៉ែត្រ ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ផង​ដែរ ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការណែនាំ​ក្រុមហ៊ុន កោះពស់ ទី​១. នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ខាងមុខនេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ពី​ស្ថានភាព នៃ​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន ដើម្បី​បញ្ជាក់​ភាព​ជាក់ច្បាស់ ទី​២.​ក្រុមហ៊ុន​ត្រូវ​ធ្វើ​ផែនការមេ ឲ្យ​ខាន​តែ​បាន បើ​មាន​ផែនការមេ រដ្ឋបាល​ខេត្ត​គាំទ្រ និង​ឯកភាព​ដោយ​ផ្អែក​តាម​ផែនការមេ គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស ដែល​ទទួលស្គាល់​ដោយ​មន្ត្រី​មន្ទីរ និង​ស្ថាប័ន​ជំនាញ ៕

 

អត្ថបទ៖ ស៊ុយ ចាន់​ធា​