ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ជួប​សំណេះសំណាល​ និង​ផ្តល់​អំណោយ​ដល់​ចំណុះ​ទូក​ថ្នាក់​រាជធានី​ភ្នំពេញ​ជាង​៥០​ទូក​

ភ្នំពេញ ​៖ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ​ឃួ​ង ស្រេង និង ​លោកស្រី និង​លោក​ប៉ា សុជាតិ​វង្ស​ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី០​៨​វិច្ឆិកា​នេះ​ បាន​ជួប​សំណេះ​សំណាល​ជាមួយ​កីឡាករ កីឡា​ការិនី​ចំណុះ​ទូក​ថ្នាក់​រាជធានី​ភ្នំពេញ​នៅ​បរិវេណ​វត្តភ្នំ ដែល​បងប្អូន​នឹង​ត្រូវ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ ​និង​អកអំបុក​រយៈពេល​៣​ថ្ងៃ ​គឺ​ថ្ងៃទី​១០.១១.១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅមុខ​ព្រះបរមរាជវាំង​។​

លោក​ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ ​យុវជន ​និង​កីឡា​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ រាជធានី​ភ្នំពេញ​មាន​ទូក​ចូលរួម​ប្រណាំង ចំនួន​៥៥​ទូក មាន​ចំណុះ​ទូក​ចំនួន​៣៧១៦​នាក់​ និង​មាន​កីឡា​បម្រុង​ចំនួន​៦១០​នាក់​។​

លោក​ឃួ​ង ស្រេង បាន​ថ្លែង​លើកទឹកចិត្ត​ដល់​បងប្អូន​កីឡាករ កីឡា​ការិនី​ ដែលជា​ចំណុះ​ទូក​អុំ ទូក​ចែវ​ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​អស់​កម្លាំង​កាយ​ចិត្ត​រួម​សាមគ្គី​គ្នា​ដើម្បី​ដណ្តើម​យក​ជ័យជំនះ​និង​នាំ​កិត្តិយស​ជូន​វត្ត សង្កាត់ ខណ្ឌ​ និង​រាជធានី​ភ្នំពេញ។

ជាមួយគ្នានេះ ​បងប្អូន​ត្រូវ​រក្សា​សុខភាព ការ​ហូបចុក ការ​សម្រាក​យក​កម្លាំង​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ឲ្យ​អស់​សមត្ថភាព​។​

លោក​អភិបាល​បន្តថា ចិត្តជា​កីឡា ​ទោះ​ចាញ់​ ឬ​ឈ្នះ​ជា​រឿង​ធម្មតា យើង​ប្រកួត​ដើម្បី​ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌ ទំនៀម​ទម្លាប់​ជាតិ ​និង​ដើម្បី​សុខភាព​។ ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ​នៃ​ការរៀបចំ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ,​ពិធី​អកអំបុក​សាមគ្គី​ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​ និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ជា​ចម្បង​លើ​ការ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​កម្រិត​ខ្ពស់​បំផុត ​ជាពិសេស​ប្រឆាំង​ដាច់ខាត​រាល់​ការប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត ​ក៏ដូចជា​មានបំណង​បំផ្លាញ​សន្តិ​ភាព​ និង​ក្តី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់​ដែល​ដឹកនាំ​ដោយ​ជន​ក្បត់ជាតិ​ សម រ​ង្ស៉ី។​ ដូច្នេះ​ទេ​ សូម​បងប្អូន​ដើរ​ឲ្យ​ឆ្ងាយ កុំ​ទៅ​ចូលរួម​ទទួល​សជន​ក្បត់ជាតិ​ សម រ​ង្ស៉ី បើ​ចូល​រួម​បងប្អូន​មានទោស​។

ជាង​នេះ​ទៅ​ទៀត សូម​បងប្អូន​ការពារ​ខ្លួន​ឲ្យ​បាន​ល្អ ពិសេស​ការ​ឆ្លង​រីក​រាលដាល​ នៃ​ជំងឺ​អេដស៍ ស្រប​ពេល​អត្រា​ នៃ​ជំងឺ​អេដស៍ ហាក់​មានការ​កើន​ឡើង​បន្តិច​នៅ​ឆ្នាំនេះ​។​

ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏បាន​ខិតខំ​ប្រឹងប្រែង​កែលំអ​សោភណភាព​រាជធានី​ភ្នំពេញ​ឲ្យ​សក្ដិសម​ទៅនឹង​មជ្ឈមណ្ឌល​នយោបាយ វប្បធម៌ និង​សេដ្ឋកិច្ច​ជា​បេះដូង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូលមក​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន​ឡើង​។​

ជា​មួយ​គ្នា​នេះ​ដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ​ ក៏បាន​ចែក​មួក និង​អាវយឺត​ដល់​ចំណុះ​ទូក​រាជ​ធានី​ភ្នំពេញ​ទាំង​ជាង​៣០០០​នាក់ ​រួម​នឹង​ថវិកា​មួយ​ចំនួន​ជា​ការ​លើកទឹកចិត្ត​ដល់​បងប្អូន​សម្រាប់​ការ​ត្រៀម​ប្រកួត​នា​ពេល​ខាង​មុខ​នេះ​ដែរ​។​

ដោយឡែក​នៅ​រសៀល​ថ្ងៃទី​០​៨​វិច្ឆិកា​ដដែល​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក៏បាន​រៀបចំ​ការ​ប្រណាំង​ទូក​សាកល្បង​សម​កម្លាំង​នៅតាម​ដង​ទន្លេសាប​ចំណុច​មុខ​វត្ត​ឧណ្ណាលោម​។ ​ទិដ្ឋភាព ​នៃ​ការ​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា និង​ព្រះ​រាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក​ និង​សំពះ​ព្រះ​ខែ ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សប្បាយរីករាយ​ប្រកបដោយ​មោទនភាព​ជាតិ ​ក្តី​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រស់នៅក្នុង​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន ​ជា​ប្រមុខ​។​

ក្នុង​ដំណាក់កាល​នេះ​ដែរ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បានចេញ​សេចក្ដីជូនដំណឹង ​និង​សេចក្ដី​អំពាវនាវ​ជា​បន្តបន្ទាប់ ​សំដៅ​ពង្រឹង​សន្តិសុខ​ សណ្ដាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យ និង​បាន​អំពាវនាវ​ឲ្យ​មានការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ក្នុង​លើក​កម្ពស់​សោភណភាព ​និង​បរិស្ថាន​ទីក្រុង ប្រកបដោយ​ស្មារតី​ទទួល​ខុស​ត្រូវ និង​ជូនដំណឹង​ពី​ការ​បញ្ចៀស​ចរាចរណ៍​តាម​តម្រាយ​ផ្លូវ​មួយ​ចំនួន​ តាម​ច្រក​ចេញចូល​រាជ​ធានី​ភ្នំពេញ ក៏ដូចជា​ការ​អំពាវនាវ​សុំ​ឲ្យ​មានការ​ចូលរួម​បរិច្ចាគ​ធនធាន​ជា​ថវិកា ឬ​សម្ភារៈ​ផ្សេងៗ​ជួយ​ដល់​កីឡាករ​កីឡា​ការិនី​ចំណុះ​ទូក​រាជធានី​ភ្នំពេញ ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​បងប្អូន​ផង​ដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114