រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ធ្វើ​សកម្មភាព​រៀប​ការ៉ូឡា​នៅ​ចិញ្ចើម​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​វិមានឯករាជ្យ​ ដល់​ស្តុប​ជលផល

ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណការ​ និង​ដឹក ជញ្ជូន​រាជធានី​ភ្នំពេញ​រៀបចំ​ការ៉ូឡា​នៅ​តាម​បណ្ដោយ​ចិញ្ចើម​ផ្លូវ ព្រះ​នរោត្តម ដើម្បី​លើក​សោភណភាព​រាជធានី​ភ្នំពេញ​មួយ​កម្រិត​ថែមទៀត ហើយក៏​ដើម្បី​សម្រួល​ដល់​អ្នក​ថ្មើរ​ជើង​បាន​ដើរ​លើ​ចិញ្ចើម​នេះ​ផងដែរ។

បើតាម​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឲ្យ​ដឹងថា​ ការងារ​នេះ ​បាន​ចាប់ផ្តើម​អនុវត្ត​កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ ​ឆ្នាំ​២០១៩ ដោយ​ចាប់ផ្ដើម​ពី វិមានឯករាជ្យ​មកដល់​ស្តុ​ប​ជលផល​ក្នុង​ទឹកដី​ចំការមន​។​

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា កន្លងមកនេះ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​រៀបចំ​ការ៉ូឡា​នេះដែរ ដោយ​ចាប់ផ្ដើម​ពី​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​រហូតដល់​វិមានឯករាជ្យ ហើយ​ការងារ​នេះដែរ បាន​អនុវត្ត​បញ្ចប់​ហើយ​ដែរ។ ជា​ជំហាន​បន្ត​ទៀត ពោល​គឺ នៅ​ពាក់​កណ្តាល​ ខែធ្នូ​ ឆ្នាំ​២០១៩ កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀប​បន្ត​រៀបចំ​ការ៉ូឡា នៅតាម​បណ្ដោយ​ផ្លូវ​នេះ​បន្ត​ទៀត ដោយ​ចាប់ផ្ដើម​ពី​វិមានឯករាជ្យ​ទៅដល់​មកដល់​ស្តុ​ប​ជលផល ហើយ​ការងារ​នេះ ក្រុម​ការងារ​ បាន​និង​កំពុង​អនុវត្ត​។ បើ​តាម​គម្រោង ​នឹង​អនុវត្ត​ឲ្យ​បាន​រួចរាល់​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ។

គួរ​បញ្ជាក់​ថា ក្រោម​ការដឹកនាំ​របស់​ លោក​ឃួ​ង ស្រេង​ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុង​ការ​អភិវឌ្ឍ​​រាជធានី​ភ្នំពេញ​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ ឲ្យ​មកលេង​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ច្រើន។

ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ដែរ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី រដ្ឋបាល​រាជធានី ​ក៏បាន​រៀបចំ​ការ៉ូឡា តាម​ចិញ្ចើម​សងខាង​ផ្លូវ​ផងដែរ។ បើតាម​គម្រោង រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​រៀបចំ​ការ៉ូឡា​តាម​សង​ខាង​ផ្លូវ​សហព័ន្ធរុស្ស៊ី ដោយ​ចាប់ផ្ដើម​ពី​ពោធិចិនតុង រហូតដល់​មុខ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ព្រោះថា​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ គឺជា​ផ្លូវ​ដែល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ឆ្លងកាត់​រៀងរាល់ថ្ងៃ៕


អត្ថបទ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114