BREAKING NEWS
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ជំរុញ​ឲ្យ​ពន្លឿន​ការស្ថាបនា​ផ្លូវ​ថ្មើរជើង ​តាម​បណ្ដោយ​ទន្លេ​ចតុមុខ​

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឲ្យ​ពន្លឿន​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មើរ​ជើង និង​ទីតាំង​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ដែល​ស្ថិតនៅតាម​បណ្ដោយ​មាត់ទន្លេ​ចតុមុខ ​ចាប់​ពីមុខ​ប្រៃសណីយ៍​កម្ពុជា​រហូតដល់​មុខ​ព្រះបរមរាជវាំង​ ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ​ ជាមួយនឹង​គម្រោង​បង្កើត​ផ្សារ​រាត្រី ដោយ​ចាប់​លក់ដូរ ពី​ម៉ោង​៦​ល្ងាច​ ដល់​ម៉ោង​១១​យប់ ដោយមាន​ផ្សារណាត់​,Pub street,​ វិថី​ម្ហូប​អាហារ​,​តំបន់​ថ្មើរជើង​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

ការ​ជំរុញ​ឲ្យ​ពន្លឿន​ នៃ​គម្រោង​នេះ ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ កាលពី​រសៀល​ថ្ងៃទី​១០​មីនា ក្រោម​វត្ត​មាន​អញ្ជើញ​ចូលរួម​ពី ​លោក ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អាជ្ញាធរ​ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

លោក​សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹងថា គម្រោង​ស្ថាបនា​ផ្លូវ​ថ្មើរជើង​ខាងលើនេះ ​ស្ថិតនៅតាម​តំបន់​មាត់ទន្លេ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​គិតគូរ​យ៉ាង​ម៉ត់ចត់​ទៅលើ​ការ​កែលំអ និង​លើក​កម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ក៏ដូចជា​បង្កើន​នូវ​ប្រព័ន្ធ​ផ្លូវ​ធ្វើ​ដំណើរ​ឲ្យ​កាន់តែ​ទូលំ​ទូលាយ ជាពិសេស​ផ្លូវ​ថ្មើរជើង​តាម​មាត់ទន្លេ។

លោក​ប្រធាន​មន្ទីរ​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ស្ថាបនា​ផ្លូវ​ថ្មើរជើង​នេះ យើង​នៅ​មាន​គម្រោង​ជា​ដំណាក់​កាល​ច្រើន​ទៀត​ដូចជា ការ​បង្កើត​ផ្សារ​រាត្រី​ដែល​លក់ដូរ​ចាប់ពី​ម៉ោង​៦​ល្ងាច ​ដល់​ម៉ោង​១១​យប់​,​ផ្សារ​ណាត់​,Pub street,​វិថី​ម្ហូបអាហារ​,​តំបន់​ថ្មើរជើង​សម្រាប់​ភ្ញៀវ​ទេសចរ​ជាដើម​។

ជាមួយគ្នានេះ​ យើង​ក៏បាន​ជជែក​ជាមួយ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​របៀប​រៀប​រយ​សាធារណៈ ​ដែល​រហូត​មកដល់ពេលនេះ អាជ្ញាធរ​ បានរៀបចំ​សណ្ដាប់ធ្នាប់​បាន​មួយ​ចំនួន​ហើយ។

លោក​ ឃួ​ង ស្រេង បាន​ឯកភាព​តាម​គម្រោង​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដោយ​ចែកចេញជា​៣​ដំណាក់កាល ​ក្នុងការ​ស្ថាបនា​គម្រោង​មួយ​នេះ និង​ពន្លឿន​ការរៀបចំ និង​ស្ថាបនា​ផ្លូវ​ថ្មើរជើង​នេះ​ឲ្យ​បាន​តាម​ការ​គ្រោងទុក​។​
លោក​អភិបាល​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​អម​សងខាង​ទីតាំង​ខាង​លើ​ឲ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ព​ន្លឿ​ន​ការងារ​ស្ថាបនា​ផ្លូវ​ថ្មើរជើង​នេះ​ទៅតាម​គម្រោង ក៏​ដូច​សហការ​រៀបចំ​ផល​ប៉ះពាល់​លើ​គម្រោង​នេះ​៕​


អត្ថបទ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114