BREAKING NEWS
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ដំណើរ​ចាក់​អ៊ុត​កៅស៊ូ​AC​ផ្លូវ​ជាច្រើន​ខ្សែ​ និង​ជួសជុល​ផ្លូវ​ថ្មី​បាន​៣៣​ខ្សែ ដើម្បី​អម​អរសាទរ​បុណ្យចូលឆ្នាំ​សាកល​២០១៧

ភ្នំពេញ​ ៖ ដើម្បី​អម​អរសាទរ​បុណ្យចូលឆ្នាំ​សាកល​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ដំណើរ​ចាក់​អ៊ុត​កៅស៊ូ​AC​ផ្លូវ​ជាច្រើន​ខ្សែ​ និង​ជួសជុល​ផ្លូវ​ថ្មី​បាន​៣៣​ខ្សែ នៅក្នុង​រាជធានី​ភ្នំពេញ​។​

មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ដើម្បី​ទទួល​ឆ្នាំ​ថ្មី​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដំណើរ​ចាក់​អ៊ុត​កៅស៊ូ​AC​ផ្លូវ​ជាច្រើន​ខ្សែ​ និង​ជួសជុល​ផ្លូវ​ថ្មី​បាន​៣៣​ខ្សែ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែធ្នូ ​ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ជួសជុល​គ្រឹះ​រួច ផ្លូវ​លេខ ១៨៤ បាន​ចាប់ផ្ដើម​អ៊ុត​កៅស៊ូ​ចាប់ពី​ផ្លូវ​មហាវិថី​ព្រះមុនីវង្ស ដល់​មហាវិថី​ព្រះ​នរោត្តម ក្នុង​ខណ្ឌ​ដូនពេញ។ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ចាប់ផ្ដើម​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ ៣៨៨ ចាប់ពី​ផ្លូវ​លេខ ១៧៣ ដល់​មហាវិថី​ព្រះ​មុនី​រេ​ត ក្នុង​ខណ្ឌ​ចំការមន។ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ ៥៥ ចាប់ពី​ផ្លូវ​លេខ ២១៤ ដល់​មហាវិថី​ព្រះសីហនុ ក្នុង​ខណ្ឌ​ដូនពេញ​។​ក្នុង​នោះ​ក៏​ចាប់ផ្តើម​អ៊ុត​កៅស៊ូ​មហាវិថី​ម៉ៅ​សេទុង​ក្នុង​ខណ្ឌទួលគោក​ចាប់ពី​ស្ពាន​អាកាស​៥​មករា ដល់​ផ្លូវ​លេខ​២៣០ ក្នុង​ខណ្ឌទួលគោក​ បន្ទា​ប់​ពី​ជួសជុល​គ្រឹះ​រួច​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​

ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា ថ្មីៗ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បើក​ការដ្ឋាន​ជួសជុល​ និង​អ៊ុត​កៅស៊ូ​AC ផ្លូវ​ចំនួន​៧​ខ្សែ​នៅ​ក្នុង​មូលដ្ឋាន​ ខណ្ឌ​ចំការមន​និង​១៤​ខ្សែ​នៅ​ខណ្ឌ​ទួលគោក​ ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៣​ ធ្នូ​ ហើយ​នៅ​ខណ្ឌដូនពេញ​ចំនួន​៥​ខ្សែ​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ​និង​លោក​មាន ចាន់ យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើងជា​បន្តបន្ទាប់​នៅក្នុង​ខណ្ឌ​ទាំង​៩​នាពេលនេះ​គឺ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ​ ដែល​ពុំ​ធ្លាប់​មាន​កន្លង​មក​នេះ​សម្រាប់​ជា​ចំណងដៃ​ក្នុង​ឆ្នាំ​ថ្មី​ដែល​គ្រោង​បញ្ចប់​ឲ្យ​រួចរាល់​ជា​ស្ថាពរ​នៅមុន​ថ្ងៃ​ចូលឆ្នាំ​ប្រៃ​ណី​ជាតិខ្មែរ​ឆ្នាំ​២០១៧។

លោក​អភិបាលរង​បាន​បញ្ជាក់​ថា ដើម្បី​ឲ្យ​ការងារ​ស្ថាបនា​ផ្លូវ​ធានា​បាន​ទាំង​គុណភាព និង សម្រេច​បាន​តាម​ផែន​ការដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ ​ចាំបាច់​ត្រូវតែ​មាន​ការចូលរួម និង​តាមដាន​ត្រួតពិនិត្យ​ពី​ប្រជាពលរដ្ឋ​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ​បច្ចេកទេស​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​កុំ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​អនុវត្ត​ខុសពី​បទដ្ឋាន​បច្ចេកទេស​។​

លោក​អភិបាលរង​រាជធានី​បន្តថា ការងារ​ស្ថាបនា​ផ្លូវ​និង​ចាក់​អ៊ុត​កៅស៊ូ​ថ្មី​ផ្លូវ​ដែល​ខូច​ទាំងអស់​ខាងលើនេះ​អនុវត្តតាម​ការណែនាំរ​បស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​។​

លោក មាន ចាន់​យ៉ា​ដា បាន​បន្តទៀតថា សូមឲ្យ​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋនៅក្នុង​ការងា​រ​នេះ​គឺមាន​សារៈសំខាន់​ណាស់​ក្រៅពី​បាន​យល់ដឹង​ពី​ការងារ​​​បច្ចេកទេស​ក្នុងការ​ស្ថាបនា​ផ្លូវ​នោះ​ក៏បាន​បញ្ចប់​នូវ​ពាក្យ​រិះគន់ ​ដែល​តែងតែ​និយាយ ពាក្យ​ថា ចាក់​ក្រាស់ ស៊ី​ស្តើង ចាក់​ស្តើង​ស៊ី​ក្រាស នោះ​ផងដែរ​។ ជាមួយនេះ​ក៏បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​យកចិត្តទុកដាក់​លើ​ការ​កត់​បន្ថយ​ការកកស្ទះ​ចរាចរ និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីកចម្រើន​របស់​ប្រទេសជាតិ​ផង​ដែរ​ ខណៈ​ដែល​ចំនួន​យានជំនិះ​គ្រប់​ប្រភេទ​កើន​ឡើងជា​រៀងរាល់​មួយឆ្នាំ​នោះ​។​

លោក​ប្រធាន​មន្ទីរ​សាធារណការ​ក្រុងភ្នំពេញ​បានឲ្យដឹងថា​ ៖ ​កន្លងមកនេះ​នៅក្នុង​ខណ្ឌទួលគោក​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ ចូលរួម​ដោយ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​អ៊ុត​កៅស៊ូ​ចំនួន​៦​ខ្សែ​ប្រវែង ១០៥៤៣​ម៉ែត្រ និង​ទទឹង​៧​ម​ទៅ​១៦​ម៉ែត្រ​គឺ ផ្លូវ​លេខ​៣៥៥ ផ្លូវ​លេខ​៦១៤ ផ្លូវ​លេខ​៦១៦ ផ្លូវ​លេខ​៦០៨ ផ្លូវ​លេខ​២៨៧ និង​ផ្លូវ​លេខ​៣៦៩ ក្នុង​ខណ្ឌទួលគោក​និង​ខណ្ឌ​ច្បារអំពៅ​។​ នៅក្នុង​ខណ្ឌទួលគោក​ដដែល​នោះ​ផ្លូវ​ទាំង ៨​ខ្សែ រួមមាន​:១-​ផ្លូវ​លេខ​២៥៣ ចាប់ពី​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​ដល់​ផ្លូវ​លេខ​២៣០,២-​ផ្លូវ​លេខ​២៦១ ចាប់ពី​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​ដល់​ផ្លូវ​លេខ​២៣០,៣-​ផ្លូវ​លេខ​២៦៥ ចាប់ពី​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​ដល់​ផ្លូវ​លេខ​៣៣៦,៤-​ផ្លូវ​លេខ​២៨៣ ចាប់ពី​ផ្លូវ​លេខ​៥១៦ ដល់​ផ្លូវ​លេខ​៦០៨,៥-​ផ្លូវ​លេខ​១៣២ ចាប់ពី​ផ្លូវ​លេខ​២៥៣ ដល់​ផ្លូវ​លេខ​២៦៥,៦-​ផ្លូវ​លេខ​៦០៦ ចាប់ពី​ផ្លូវ​លេខ​៣១៣ ដល់​ផ្លូវ​លេខ​៥៩២,៧-​ផ្លូវ​លេខ​៣៣៧ ចាប់ពី​ផ្លូវ​លេខ​៥៩៨ ដល់​ផ្លូវ​លេខ​៥១៦,៨-​ផ្លូវ​លេខ​១០៦ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស ដល់​ស្ថានីយ​រថភ្លើង​។​

លោក មាន ចាន់​យ៉ា​ដា អភិបាល​រាជធានី​ភ្នំពេញ តំណាង​លោក​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​​ធ្នូ ​ឆ្នាំ​២០១៦​នេះ​ បាន​លើ​ឡើង​ថា ​នេះ​ជា​លើក​ទី​៥ ហើយ​ដែល​បាន​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ឡើងវិញ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​ បន្ទាប់ពី​ខណ្ឌ​ទួលគោក ​និង​ខណ្ឌ​ចំការមន​។​

ការ​ជួសជុល​ផ្លូវ​ទាំងនេះ​គឺជា​ការឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​លោក​-​លោកស្រី​មេភូមិ ចៅសង្កាត់ និង​គណៈ​អភិបាលខណ្ឌ​សំណូមពរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114